ពលរដ្ឋ​ជាង​៩០​គ្រួសារ​ជម្លៀស​ចេញ​ពី​តំបន់​ព្រំដែន​នៅ​ព្រះវិហារ

កង​ការពារ​ព្រំដែន​ខ្មែរ​នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ក្រុម​គ្រួសារ​របស់​ប៉ូលិស និង​ទាហាន​ប្រមាណ​ជាង ៩០​គ្រួសារ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ភូមិ​មួយ​នៃ​តំបន់​បុសស្បូវ ចម្ងាយ​ប្រមាណ ១៤​គីឡូម៉ែត្រ ភាគ​ខាង​កើត​ពី​តំបន់​ប្រាសាទ​ព្រះវិហារ ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មករា កន្លង​មក ដោយសារ​តែ​គេ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ជន​ស៊ីវិល​ទាំង​នោះ នៅ​ពេល​ដែល​ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​យោធា​ខ្មែរ-​ថៃ នៅ​តំបន់​ជុំវិញ​នោះ​កំពុង​តែ​​តានតឹង​នៅ​ឡើយ។

មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​ខ្មែរ​មួយ​រូប​សុំ​កុំ​ឲ្យ​បញ្ចេញ​ឈ្មោះ ដែល​កំពុង​ប្រចាំ​ការពារ​ព្រំដែន​នៅ​តំបន់​បុសស្បូវ​នោះ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាល​ពី​យប់​​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ថា ទាំង​គ្រួសារ​​ប៉ូលិស និង​ទាហាន​ប្រមាណ​ជាង ៩០​គ្រួសារ ដែល​មាន​ស្រ្តី និង​កូន​ក្មេង​ប្រមាណ ៣០០​នាក់ ត្រូវ​បាន​គេ​ឲ្យ​ចាក​ចេញ​ពី​ភូមិ​បុសស្បូវ​ជា​បណ្ដោះអាសន្ន ពីព្រោះ​ភូមិ​នោះ​បាន​ស្ថិត​នៅ​កៀក​ជាប់​នឹង​ព្រំដែន​ខ្មែរ-​ថៃ (តំបន់​ជាំ​តែ) ដែល​គេ​មិន​អាច​ធានា​សុវត្ថិភាព​បាន​ទេ ប្រសិន​បើ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​​កងទ័ព​ខ្មែរ-​ថៃ ដោយសារ​ជម្លោះ​ព្រំដែន​កើត​ឡើង​នោះ។

ចំណែក​ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា​​នៅ​តំបន់​ទល់​មុខ​ប្រាសាទ​ព្រះវិហារ​វិញ ​មាន​សេចក្ដី​រាយការណ៍​ថា រហូត​មក​ដល់​ថ្ងៃ​អង្គារ ទី​១ ខែ​កុម្ភៈ គឺ​នៅ​តែ​មាន​ភាព​តានតឹង​នៅ​ឡើយ​ទេ ដែល​ទាហាន​ទាំង​សង​ខាង​នៅ​តែ​ត្រៀម​លក្ខណៈ​ប្រយុទ្ធ។

ទាហាន​ខ្មែរ​ម្នាក់​ដែល​កំពុង​ប្រចាំ​ការពារ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទាហាន​ឈុត​ខ្មៅ​ថៃ មួយ​ក្រុម បាន​ព្យាយាម​រារាំង​ទាហាន​ខ្មែរ​មិន​ឲ្យ​ឈូស​ធ្វើ​ផ្លូវ​នៅ​តំបន់​ភ្នំ​​​ទល់​មុខ​ទី​វត្ត​ខ្មែរ កែវសិក្ខាគិរីស្វារៈ ប៉ុន្តែ​ពួក​ទាហាន​ថៃ​ទាំង​នោះ បាន​ដក​ថយ​ទៅ​វិញ នៅ​ពេល​ដែល​ទាហាន​ខ្មែរ​ពុំ​បាន​ស្ដាប់​តាម​ការ​ហាមឃាត់​នោះ។

កាល​ពី​ល្ងាច​ថ្ងៃ​ដដែល​នេះ​ដែរ ថៃ​បាន​បើក​យន្តហោះ​យក​ការណ៍​របស់​ខ្លួន​​ចូល​មក​លើ​ដែន​អាកាស​របស់​ខ្មែរ ដោយ​រំលង​លើ​ប្រាសាទ​ព្រះវិហារ។

កង​ទាហាន​ខ្មែរ​បាន​ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ថ្ងៃ​អង្គារ​នេះ ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​យោធា​ខ្មែរ-​ថៃ នៅ​តែ​មាន​ភាព​តានតឹង ហើយ​ទាហាន​ខ្មែរ​នៅ​តែ​ត្រៀម​ខ្លួន​ប្រយុទ្ធ។

នៅ​ស្រប​ពេល​ដែល​ការ​ប្រឈម​មុខ​ដាក់​គ្នា​​ដ៏​តានតឹង​រវាង​ទាហាន​ខ្មែរ និង​ថៃ នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ មាន​សេចក្ដី​រាយការណ៍​ថា ថៃ​បាន​ដាក់​ពង្រាយ​ទាហាន​ឈុត​ខ្មៅ​របស់​គេ​ជា​ច្រើន​ចុះ​មក​ខាង​ក្រោម​ចង្កេះ​ភ្នំ​នៃ​បន្ទាយ​ក្រហម​របស់​គេ ទល់​មុខ​ប្រាសាទ​ព្រះវិហារ ព្រម​ទាំង​លើក​ទង់ជាតិ​ថៃ តាំង​តែ​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ដែល​តំបន់​នោះ​កងទ័ព​ខ្មែរ​ធ្លាប់​បាន​ហាម​ឃាត់​មិន​ឲ្យ​លើក​ទង់​ម្តង​មក​ហើយ៕​​​​​​​​​​​