ប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចោទប្រកាន់មេភូមិរបស់ពួកគេថា បានទារប្រាក់ក្នុងមួយគ្រួសារ ៣ពាន់រៀល ជាថ្នូរទៅនឹងសៀវភៅចុះឈ្មោះដើម្បីទៅទទួលយកមុងជ្រលក់ថ្នាំទៅប្រើប្រាស់ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺគ្រុនចាញ់នៅក្រោយទឹកជំនន់ស្រកទៅវិញ។
ពលរដ្ឋរស់នៅភូមិដោម ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឲ្យដឹងនៅថ្ងៃទី១៩ វិច្ឆិកា ថា ក្នុងរយៈពេលពីរថ្ងៃនេះ អាជ្ញាធរភូមិបានស្រង់ស្ថិតិឲ្យពួកគាត់ទៅទទួលយកសៀវភៅចុះឈ្មោះសមាជិកគ្រួសារដើម្បីមានសិទ្ធិយកមុងជ្រលក់ថ្នាំនៅមណ្ឌលសុខភាព ប៉ុន្តែអាជ្ញាធរភូមិរបស់គាត់បែរជាតម្រូវឲ្យពលរដ្ឋបង់ប្រាក់ចំនួន ៣ពាន់រៀលទៅវិញ។
«ថាជំនួយជាមុងមកគ្នាខំអរ ដល់ពេលជួបមេភូមិ មេភូមិថា ក្នុងមួយគ្រួសារយក ៣ពាន់ (រៀល) បង់ថ្លៃសេវា។ មានប្រជាពលរដ្ឋភាគច្រើនគេថា គេអត់មានលទ្ធភាពយកទេ ព្រោះគ្នាទន់ខ្សោយដែរ។ខ្ញុំគ្មានលទ្ធភាពទេ ព្រោះបីពាន់ហើយយកឆ្ងាយទៀត អត់មានសោហ៊ុយទៅទេ ចម្ងាយ ៧ ទៅ ៨ គីឡូ។ ព្រោះខ្ញុំអ្នកក្រដែរ មានតាមភូមិឃុំគេនានា គេអត់យកលុយ ព្រោះភូមិខ្ញុំគេយកលុយ ខ្ញុំក៏មិនសុខចិត្ត។ គាត់ទារដូចចង់យកខ្លួនឯងតែម្ដង។ ខាងខ្ញុំជនបទនេះសំបូរមូស ហើយសំបូរជំងឺទៀត»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមេភូមិដោម លោក កែ សឿន ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់នេះបានទេ។ រីឯមេឃុំបាក់ស្នា លោក ម៉ី សារឿន បានបិទទូរស័ព្ទក៏មិនអាចទាក់ទងបានដែរ។ ប៉ុន្តែប្រធានមណ្ឌលសុខភាពក្រវ៉ា លោកវេជ្ជបណ្ឌិត សុត សម្បត្តិ មានប្រសាសន៍ថា លោកបានទទួលព័ត៌មាននេះពីពលរដ្ឋមួយចំនួននៅភូមិដោម ចំពោះការកើតឡើងនូវភាពមិនប្រក្រតីនេះ។
លោកបញ្ជាក់ថា តាមកម្មវិធីជាតិរបស់ក្រសួងសុខាភិបាល មិនបានអនុញ្ញាតឲ្យយកលុយពីពលរដ្ឋនោះទេ៖ «ខាងកម្មវិធីខ្ញុំអត់មានឲ្យយកផង មេឃុំអីក៏ដឹងដែរ គាត់ប្រាប់គាត់អីហើយយកលុយឲ្យគេវិញ បើគាត់មានប៉ះពាល់លុយអី។ ខ្ញុំផ្ដល់ព័ត៌មានខាងមេឃុំ គាត់ឲ្យរៀបចំកូនចៅគាត់ទៅណា»។
លោកបានបន្តទៀតថា កម្មវិធីចែកមុងជ្រលក់ថ្នាំនេះ មណ្ឌលសុខភាពរបស់លោកបានចែកជូនពលរដ្ឋនៅឃុំបាក់ស្នា បានចំនួន ៦ភូមិ ក្នុងនោះមានភូមិល្បើក ភូមិវាលធំ ភូមិទូក២ ភូមិដោម ភូមិត្រពាំងទូក និងភូមិបាក់ស្នាលើ ហើយនៅសល់ភូមិចំនួន៧ទៀតដែលជាតំបន់គោលដៅត្រូវចែកបន្ត។
ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅក្នុងរយៈពេល ៨ខែដើមឆ្នាំ២០១១នេះ ជំងឺគ្រុនចាញ់បានសម្លាប់មនុស្សអស់ចំនួន ៤៨នាក់ និងមានអ្នកកើតជំងឺនេះជាង ៣ម៉ឺន៨ពាន់នាក់ ហើយមានផែនការលុបបំបាត់ជំងឺនេះឲ្យអស់នៅឆ្នាំ២០២៥។
យុទ្ធនាការចែកមុងជ្រលក់ថ្នាំដេញមូសជូនដល់ពលរដ្ឋដោយឥតគិតថ្លៃនេះ បានផ្ដល់ដោយមូលនិធិពិភពលោក ហៅជាភាសាអង់គ្លេសថា គ្លបល ហ្វាន់ (Global Fund) បានចំណាយថវិកាចំនួនប្រមាណ ១២លានដុល្លារ ក្នុងកិច្ចប្រឹងប្រែងការពារទប់ស្កាត់ជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជា៕