មូរ សុខហួរ មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ

សមត្ថកិច្ច​កម្ពុជា ​នៅ​មិន​ទាន់​ចាប់​ខ្លួន​តំណាង​រាស្ត្រ​បក្ស​ជំទាស់ លោកស្រី មូរ សុខហូរ នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​ការ​កំណត់​បង់​ប្រាក់​ពិន័យ​របស់​តុលាការ ​ត្រូវ​បាន​ផុត​កំណត់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កក្កដា​នេះ​ក៏ដោយ។
ដោយ យន់ សាមៀន
2010-07-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៥-កក្កដា-២០១០: តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ (រូប​កណ្ដាល) និង​អ្នក​គាំទ្រ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស ក្នុង​រាជធានី​ភ្នំពេញ។
១៥-កក្កដា-២០១០: តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ (រូប​កណ្ដាល) និង​អ្នក​គាំទ្រ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស ក្នុង​រាជធានី​ភ្នំពេញ។
RFA/Den Ayuthyea

​សំឡេង​ទះ​ដៃ​គាំទ្រ​លោកស្រី មូរ សុខហួរ ក្នុង​បរិវេណ​គណបក្ស សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា​នេះ គឺ​ជា​ការ​អបអរ​ចំពោះ​លោកស្រី​ដែល​មិន​ព្រម​បង់​ប្រាក់​ពិន័យ​ចំនួន​ជាង ១៦​លាន​រៀល ដែល​ចាញ់​ក្ដី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កក្កដា​នេះ បាន​ចុះ​ហត្ថលេខា​ក្នុង​ញត្តិ​មួយ​ស្នើ​ឲ្យ​ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង​ជា​ព្រះ​ប្រធាន​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ប្រោស​ប្រទាន​ការ​លើក​លែង​ទោស​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​លោកស្រី មូរ សុខហួរ បន្ទាប់​ពី​ការ​កំណត់​ការ​បង់​ប្រាក់​ពិន័យ​តុលាការ​ត្រូវ​បាន​ផុត​កំណត់​រួច​មក។

មន្ត្រី​តុលាការ និង​សមត្ថកិច្ច​កម្ពុជា បាន​ព្រមាន​រួច​មក​ហើយ​ថា ពួកគេ​នឹង​ចាប់​លោកស្រី មូរ សុខហួរ ដាក់​ពន្ធនាគារ ដើម្បី​បង្ខំ​ឲ្យ​លោកស្រី​សង​ប្រាក់​ពិន័យ​ចំនួន ១៦,៥​លាន​រៀល​ក្នុង​ករណី​បរិហារ​កេរ្តិ៍​លោក ហ៊ុន សែន។

ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ជំទាស់ លោក យឹម សុវណ្ណ បាន​ស្នើ​សុំ​ឲ្យ​ព្រះមហាក្សត្រ ប្រោស​ប្រទាន​លើក​លែង​ទោស​ឲ្យ​លោកស្រី មូរ សុខហួរ និង​លោក សម រង្ស៊ី ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ​រាជធានី​ភ្នំពេញ និង​តុលាការ​ខេត្ត​ស្វាយរៀង ពីព្រោះ​ការ​ចោទ​ប្រកាន់​ទាំង​ពីរ​នេះ ជា​ករណី​នយោបាយ។

ញត្តិ​របស់​អ្នក​តំណាង​រាស្ត្រ​ដែល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ បាន​សរសេរ​ថា ករណី​របស់​លោកស្រី មូរ សុខហួរ ជាមួយ​លោក ហ៊ុន សែន ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ បាន​រិះគន់​ថា ជា​ការ​កាត់​ទោស​ទៅ​ដោយ​ភាព​អយុត្តិធម៌ ដោយសារ​ចៅក្រម​គ្រប់​ជាន់​ថ្នាក់​ពុំ​មាន​ឯករាជ្យ និង​អព្យាក្រឹតភាព​ក្នុង​សេចក្ដី​សម្រេច​របស់​ខ្លួន។ ដូច​គ្នា​នេះ​ដែរ ការ​ជំនុំជម្រះ​ក្ដី​លើ​បណ្ដឹង​ចោទ​ប្រកាន់​លោក សម រង្ស៊ី ពាក់ព័ន្ធ​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង ត្រូវ​បាន​គេ​រិះគន់​ថា មាន​ភាព​អយុត្តិធម៌ និង​មាន​ភាព​លម្អៀង។

ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នេះ លោកស្រី មូរ សុខហួរ បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា លោកស្រី​រង់ចាំ​ការ​នាំ​ខ្លួន​របស់​តុលាការ​រាជធានី​ភ្នំពេញ។ លោកស្រី​នឹង​បន្ត​ការងារ​ធម្មតា​របស់​លោកស្រី ទោះ​បី​ជា​ការ​កំណត់​សង​ប្រាក់​ពិន័យ នឹង​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កក្កដា​នេះ​ក៏ដោយ។ លោកស្រី​ប្រកាស​ធ្វើ​សង្គ្រាម​ដោយ​អហិង្សា​ដើម្បី​ទាមទារ​យុត្តិធម៌ សម្រាប់​ប្រជាជន​ក្រីក្រ​ដែល​កំពុង​រង​គ្រោះ​ដោយសារ​តែ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ កក្កដា​នេះ​ថា សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​ទទួល​ដីកា​នាំ​ខ្លួន​របស់​លោកស្រី មូរ សុខហួរ នៅ​ឡើយ​ទេ។

ប្រធាន​ស្នងការ​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស លោកស្រី ណាវី ភីល័យ (Navy Pillay) កាល​ពី​ថ្ងៃ​អង្គារ ទី​១៣ ខែ​កក្កដា ហៅ​ករណី​របស់​លោកស្រី មូរ សុខហួរ ថា ជា​ករណី​នយោបាយ។ ករណី​នេះ​បាន​បង្ហាញ​ថា ជា​ការ​ប្រកាស​អាសន្ន​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។

លោកស្រី ណាវី ភីល័យ បាន​បន្ថែម​ថា លោកស្រី មូរ សុខហួរ ជា​ជន​រង​គ្រោះ​ក្នុង​ការ​ទាមទារ​យុត្តិធម៌​សម្រាប់​ខ្លួន​លោកស្រី ដែល​ត្រូវ​លោក ហ៊ុន សែន ប្រើ​ពាក្យ​មិន​សមរម្យ​ដាក់​លោកស្រី។

អ្នក​នាំ​ពាក្យ​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កក្កដា​នេះ​ថា សមត្ថកិច្ច​រដ្ឋាភិបាល​នឹង​អនុវត្ត​ការ​សម្រេច​របស់​តុលាការ​ជា​ការ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា។ លោក​ថា ការ​សម្រេច​របស់​តុលាការ​គ្មាន​ការ​ជ្រៀត​ជ្រែក​ចូល​ពី​សំណាក់​អ្នក​នយោបាយ​ទេ។

សមត្ថកិច្ច​កម្ពុជា នៅ​មិន​ទាន់​ឃាត់​ខ្លួន​លោកស្រី មូរ សុខហួរ នៅ​ឡើយ​ទេ មក​ទល់​នឹង​​ម៉ោង ៤​រសៀល​ថ្ងៃ​ទី​១៥ ខែ​កក្កដា​នេះ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Useless suggestion! the King is under Hun Sen's hands!

Jul 15, 2010 11:58 PM

គេហទំព័រ​ទាំងមូល