សភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លទ្ធកម្ម​សាធារណៈ

សភា​ជាតិ​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លទ្ធកម្ម​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១២ នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៧ នីតិកាល​ទី​៤។ សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន ១៤​ជំពូក ចែក​ចេញ​ជាង ៧៦​មាត្រា សម្រាប់​អនុវត្ត​ទៅ​លើ​ការ​ដេញ​ថ្លៃ​អាជីវកម្ម​ផ្សេងៗ។

0:00 / 0:00

នៅ​ក្នុង​សម័យ​ប្រជុំ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លទ្ធកម្ម​សាធារណៈ​ដែល​មាន​សំឡេង​គាំទ្រ​៨៤ លើ ៨៤​សំឡេង​នោះ លោក ជាម យៀប ជា​ប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋ​សភា​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ផ្សព្វផ្សាយ និង​អនុវត្ត​ច្បាប់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន។

លោក ជាម យៀប មាន​ប្រសាសន៍​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មករា ថា ច្បាប់​នេះ​ផ្ដោត​សំខាន់​អំពី​ការ​ដេញ​ថ្លៃ​លើ​ការ​ជួល ទិញ លក់ ជាដើម។ ដើម្បី​ទប់ទល់​នឹង​អំពើ​កេង​ប្រវ័ញ្ច​អំពើ​ពុករលួយ និង​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ដែល​អាច​នឹង​កើត​មាន​ឡើង​ក្នុង​វិស័យ​ទាំង​នេះ៖ «ឥឡូវ​នេះ​យើង​រៀបចំ​ច្បាប់​មែន​ទែន​ហើយ អ៊ីចឹង​ពី​ថ្ងៃ​នេះ​ទៅ​មិន​អាច​បុគ្គល​ណា ខ្ញុំ​អត់​ចេញ​ច្បាប់​ទេ ខ្ញុំ​មិន​ដែល​ឃើញ​សភា​អនុម័ត​ទេ បាន​ខ្ញុំ​ធ្វើ​ខុស ហើយ​ប្រាប់​សុំ​តុលាការ​ថា ខ្ញុំ​មិន​ចេះ​ច្បាប់ បាន​ជា​ខ្ញុំ​ធ្វើ​ខុស សុំ​លើក​លែង​ទោស អត់​បាន​ទេ»

ទោះ​បី​ជា​នៅ​ក្នុង​ច្បាប់​ស្ដីពី​លទ្ធកម្ម​សាធារណៈ បាន​ចែង​អំពី​ទោស​ទណ្ឌ​មាន​ចំនួន ៩​មាត្រា​ក្ដី ប៉ុន្តែ​លោក ជាម យៀប បាន​អះអាង​ថា គេ​អាច​ប្រើ​ក្រម​ព្រហ្មទណ្ឌ​យក​មក​អនុវត្ត ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​បាន​ប្រព្រឹត្ត​ខុស​ទៅ​នឹង​ច្បាប់​នេះ។

លោក ជាម យៀប បាន​ព្រមាន​ចំពោះ​មន្ត្រី​រាជការ​ទាំង​ឡាយ​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ត្រូវ​តែ​យល់​ដឹង​អំពី​ច្បាប់​នេះ៖ «ជនល្មើស​ណា​ក៏​មិន​រួច​ពី​សំណាញ់​ច្បាប់​ដែរ ហើយ​ក្នុង​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មាន​ទោស ទោស​ទណ្ឌ​ចំ​ទិស​យ៉ាង​ល្អិតល្អន់ អ្នក​រាជការ​គ្រប់​លំដាប់​ថ្នាក់​បាន​ប្រព្រឹត្ត​បទល្មើស ឬ​ល្មើស​នឹង​ច្បាប់​នេះ នឹង​ទទួល​ទោស»

ច្បាប់​ស្ដីពី​លទ្ធកម្ម​សាធារណៈ មាត្រា​១ បាន​ចែង​ថា ច្បាប់​នេះ​មាន​គោល​បំណង​ធានា​ឲ្យ​ដំណើរការ​លទ្ធកម្ម​សាធារណៈ​សម្រាប់​ការ​ទិញ ការ​សាងសង់ ការ​ជួសជុល ការ​ជួល​សេវាកម្ម និង​ការ​ជួល​សេវា​ទីប្រឹក្សា ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​តម្លាភាព​គណនេយ្យភាព ភាព​យុត្តិធម៌ ប្រសិទ្ធភាព គុណភាព សមភាព ការ​សន្សំ​សំចៃ និង​ភាព​ទាន់​ពេល​វេលា ព្រម​ទាំង​ធានា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈ​ឯកភាព​មួយ​នៅ​ប្រទេស​កម្ពុជា។

នៅ​ក្នុង​សម័យ​ប្រជុំ និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លទ្ធកម្ម​នេះ គេ​សង្កេត​ឃើញ​ថា ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា មិន​បាន​ចូល​រួម​នោះ​ទេ។

លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ដែល​លោក​បាន​ចូល​រួម​ប្រជុំ និង​អនុម័ត​ច្បាប់​នេះ​ដែរ​នោះ លោក​មាន​ប្រសាសន៍​ថា ច្បាប់​ស្ដីពី​លទ្ធកម្ម​សាធារណៈ​មាន​ខ្លឹមសារ​គ្រប់គ្រាន់​សម្រាប់​អនុវត្ត​លើ​ការ​ដេញ​ថ្លៃ​អាជីវកម្ម ប៉ុន្តែ​លោក​បញ្ជាក់​ថា បញ្ហា​សំខាន់​វា​ស្ថិត​នៅ​លើ​ការ​អនុវត្ត​ច្បាប់​តែប៉ុណ្ណោះ ថា​តើ​មាន​ប្រសិទ្ធភាព ឬ​គ្មាន​នោះ៖ «វា​មាន​ការ​បញ្ជា​ពី​ខាង​លើ​ទៅ។ ឧទាហរណ៍​ក្រុមហ៊ុន​មួយ​ចង់​ដេញ​ថ្លៃ​អី​យក គ្រាន់​តែ​ធ្វើ ដេញ​ហើយ​អត់​មាន​តម្លាភាព​ទេ ហើយ​គាត់​គ្រាន់​សូក​ថ្នាក់​លើ​ទៅ ដើម្បី​បញ្ជា​មក​មេ​ក្រសួង​ហ្នឹង​ទៅ ដើម្បី​បាន​លើ​អ្នក​ណា​ម្នាក់​ដើម្បី​បាន​ទឹក​តែ​ហ្នឹង»

មាត្រា​៥ បាន​ចែង​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្នុង​ការ​គ្រប់គ្រង​លទ្ធកម្ម​សាធារណៈ និង​មាន​សិទ្ធិ​អំណាច​រៀបចំ​គោល​នយោបាយ​លទ្ធកម្ម​សាធារណៈ ព្រម​ទាំង​អនុវត្ត​សិទ្ធិ​អំណាច​ដែល​មាន​កំណត់​ក្នុង​ច្បាប់​នេះ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។

មាត្រា​១១ បាន​ចែង​ថា វិធីសាស្ត្រ​ដេញ​ថ្លៃ​ដោយ​ប្រកួត​ប្រជែង​ជា​សាធារណៈ ជា​វិធីសាស្ត្រ​លទ្ធកម្ម​សម្រាប់​ជ្រើស​រើស​អ្នក​ផ្គត់ផ្គង់​ទំនិញ​អ្នក​ទទួល​ការ​សំណង់ ឬ​អ្នក​ផ្ដល់​សេវាកម្ម ដោយ​បើក​ចំហ​ចំពោះ​គ្រប់​អ្នក​ដេញ​ថ្លៃ​ក្នុង​ស្រុក និង​អន្តរជាតិ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ដើម្បី​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លទ្ធកម្ម​នេះ​ទេ ដោយសារ​ថា រដ្ឋាភិបាល​មិន​ទាន់​បាន​ដោះស្រាយ​នូវ​សំណើ​របស់​ខ្លួន​ដែល​ខាង​គណបក្ស​ប្រឆាំង​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​នូវ​បញ្ហា​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ និង​ការ​ស្នើ​ឲ្យ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក យឹម សុវណ្ណ បាន​អះអាង​ថា ច្បាប់​ស្ដីពី​លទ្ធកម្ម​សាធារណៈ​នេះ គេ​មិន​ទាន់​បញ្ចូល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ ច្បាប់​នេះ​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​ដែល​នៅ​តែ​បើក​ឱកាស​ឲ្យ​មន្ត្រី​មាន​អំណាច​ធំៗ ប្រព្រឹត្ត​អំពើ​ពុករលួយ​ដដែល ដូចជា​គេ​មិន​បាន​បញ្ចូល​អំពី​ការ​ធ្វើ​កិច្ចសន្យា​សម្បទាន​ដី​រ៉ែ​ធំៗ មិន​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ច្បាប់​នេះ​នៅ​ឡើយ។

លោក យឹម សុវណ្ណ៖ «ធនធាន​ធម្មជាតិ ដី​សម្បទាន​រ៉ែ មិន​ស្ថិត​នៅ​ក្រោម​ដាក់​ឲ្យ​ដេញ​ថ្លៃ​ការ​ធ្វើ​លទ្ធកម្ម​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ គឺ​រដ្ឋាភិបាល​ជា​អ្នក​សម្រេច មាន​មន្ត្រី​អ្នក​មាន​អំណាច​មួយ​ចំនួន​តូច គឺ​ជា​អ្នក​សម្រេច​ដែល​គ្មាន​តម្លាភាព ហើយ​ក៏​មាន​ទទួល​បាន​អភិបាលកិច្ច​ត្រឹមត្រូវ​នោះ​ទេ»

នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ សភា​ជាតិ​បាន​អនុម័ត​ច្បាប់​ជា​ច្រើន​សម្រាប់​ដោះស្រាយ​ជម្លោះ​អនុវត្ត​ការងារ និង​អភិវឌ្ឍន៍​សង្គម​ជាដើម ក៏​ប៉ុន្តែ​ដំណើរ​ការ​អនុវត្ត​ច្បាប់​ដែល​សភា​បាន​អនុម័ត​ហើយ​នោះ គេ​សង្កេត​ឃើញ​ថា មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។ ការ​អនុវត្ត​ច្បាប់​ណា​មួយ​នោះ អាស្រ័យ​លើ​មេដឹកនាំ​បញ្ជា ហើយ​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ។

នៅ​ក្នុង​ឆ្នាំ​២០១២ នេះ សភា​ជាតិ​គ្រោង​នឹង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ជា​ច្រើន​ទៀត មាន​ដូច​ជា​ច្បាប់​ស្ដីពី​ការ​ចាយ​វាយ​ថវិកា​ជាតិ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​របស់​អាជ្ញាសាលា និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ច្បាប់​គ្រប់គ្រង​ប្រេង និង​ឧស្ម័ន​នៅ​កម្ពុជា​ជាដើម។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​ឲ្យ​ដឹង​ថា ការ​អនុម័ត​ច្បាប់​បាន​ច្រើន​សម្រាប់​យក​មក​ប្រើប្រាស់​នៅ​កម្ពុជា​នោះ វា​ជា​ការ​ប្រសើរ ប៉ុន្តែ​ច្បាប់​ទាំង​ឡាយ​ដែល​សភា​បាន​អនុម័ត​កន្លង​មក គឺ​គេ​មិន​ទាន់​បាន​អនុវត្ត​មាន​ប្រសិទ្ធភាព​នៅ​ឡើយ ដូច​ជា​ច្បាប់​ស្ដីពី​ឯកពន្ធនភាព និង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ជាដើម។

លោក​បណ្ឌិត សុខ ទូច៖ «វា​ជា​ការ​ត្រឹមត្រូវ​សម្រាប់​អ្នក​នយោបាយ នៅ​ពេល​គេ​ចង់​ប្រើ គេ​យក​ច្បាប់​អនុវត្ត គេ​យក​មក​ប្រើ​ទៅ ក៏​ប៉ុន្តែ​នៅ​ពេល​អ្នក​នយោបាយ​លែង​ត្រូវ​ការ​រឿង​នោះ ក៏​រលត់​បាត់​ទៅ។ ឧទាហរណ៍​ដូច​ជា​ច្បាប់​ឯកពន្ធនភាព​ជាដើម។ ទី​ពីរ​រឿង​អំពើ​ពុករលួយ ទ្រឹស្ដី​មួយ​គេ​ថា គេ​អនុវត្ត​ដូច​ភ្លៀង​រលឹម ប៉ុន្តែ​ការ​អនុវត្ត​ដូច​ខ្យល់​ព្យុះ​វិញ ក្រោយ​ពី​នោះ​ស្ងាត់​ទៅ​វិញ»

លោក​បណ្ឌិត សុខ ទូច បាន​លើក​ហេតុផល​ថា ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​នេះ ដោយសារ​បរិបទ​នយោបាយ​នៅ​កម្ពុជា គឺ​គេ​គោរព​បុគ្គល​ជាង​គោរព​ច្បាប់ ហើយ​បញ្ហា​នេះ​បាន​កើត​មាន​នៅ​គ្រប់​ជំនាន់​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​វា​បន្ត​មរតក​ដល់​សម័យ​បច្ចុប្បន្ន៖ «អ៊ីចឹង​តួ​អង្គ​នីតិប្បញ្ញត្តិ ប្រណិបត្តិ និង​តុលាការ អ៊ីចឹង​មើល​តួ​អង្គ​បី​ហ្នឹង ថា​តើ​តួ​អង្គ​នីតិប្បញ្ញត្តិ​ហ្នឹង គាត់​មាន​សិទ្ធិ​ប៉ុណ្ណា ដើម្បី​ត្រួត​ពិនិត្យ​អង្គ​នីតិប្រតិបត្តិ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ទាំង​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​ឯករាជ្យ សង្កត់​ធ្ងន់​ថា គេ​នឹង​មិន​សង្ឃឹម​ទេ​ថា ច្បាប់​ស្ដីពី​លទ្ធកម្ម​សាធារណៈ​នេះ​នឹង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ពេល​ខាង​មុខ​នោះ។ ពួកគេ​បាន​លើក​ឡើង​ថា ការ​អនុវត្ត​ច្បាប់​នា​ពេល​បច្ចុប្បន្ន ជា​ពិសេស​ប្រព័ន្ធ​តុលាការ​នោះ អនុវត្ត​អាស្រ័យ​ទៅ​លើ​ចរន្ត​នយោបាយ ដោយ​គេ​បាន​លើក​ជា​ឧទាហរណ៍​ថា រឿង​ទំនាស់​ផ្នែក​នយោបាយ​តុលាការ​ចាត់​ការ​សំណុំ​រឿង​នោះ​បាន​លឿន ប៉ុន្តែ​បើ​ករណី​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​អំពី​ករណី​ទំនាស់​រឿង​ដីធ្លី តុលាការ​មិន​សូវ​ចាត់ការ​ទេ ដូចជា​ករណី​ជម្លោះ​ដី​អ្នក​ភូមិ​បឹងកក់ រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​សមរម្យ​នៅ​ឡើយ៕