មជ្ឈមណ្ឌល​កំចាត់​ជំងឺ​របេង​និង​ហង់សិន​បន្ត​យុទ្ធនាការ​រក​រោគ​សញ្ញា​ជំងឺ​របេង

មជ្ឈមណ្ឌល​កំចាត់​ជំងឺ​របេង និង​ហង់សិន នៃ​ក្រសួង​សុខាភិបាល​កម្ពុជា កំពុង​តែ​បន្ត​យុទ្ធនាការ​សកម្ម​ថ្មី​មួយ ដើម្បី​ធ្វើ​តេស្ដ​ស្វែង​រក​រោគ​សញ្ញា​អ្នក​កើត​ជំងឺ​របេង​ភ្លាមៗ ចំពោះ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។

0:00 / 0:00

នៅ​ក្នុង​យុទ្ធនាការ​នេះ គឺ​ក្រសួង​សុខាភិបាល បាន​បញ្ជូន​គ្រូពេទ្យ​ជំនាញ និង​ម៉ាស៊ីន​ថត​សួត​ដ៏​ទំនើបៗ​ជាច្រើន​គ្រឿង​ទៅ​មូលដ្ឋាន ដើម្បី​ស្វែង​រក​រោគ​សញ្ញា​អ្នក​កើត​ជំងឺ​របេង ដោយ​មិន​យក​កម្រៃ​ពី​ប្រជាពលរដ្ឋ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល​ជំនាញ​ខាង​កំចាត់​ជំងឺ​របេង​នៅ​កម្ពុជា បាន​អះអាង​ថា យុទ្ធនាការ​នោះ​បាន​ស្វែង​រក​រោគ​សញ្ញា​អ្នក​កើត​ជំងឺ​របេង​បាន​ចំនួន ១.៤០០​ករណី ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២ ហើយ​គ្រោង​បញ្ចប់​យុទ្ធនាការ​នេះ​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១២ ខាង​មុខ​នេះ។

យុទ្ធនាការ​នេះ បាន​បញ្ចប់​ការ​ធ្វើ​តេស្ដ​នៅ​ក្នុង​ស្រុក​ចំនួន​១២ ហើយ​ក្នុង​ចំណោម​ស្រុក​សរុប​ចំនួន​១៥ ក្នុង​ខេត្ត​កំពង់ចាម កំពង់ធំ កំពត សៀមរាប និង​ខេត្ត​មួយ​ចំនួន​ទៀត។ ម៉ាស៊ីន​ថត​សួត​នោះ គឺ​ស្វែង​រក​រោគ​សញ្ញា​នៃ​អ្នក​កើត​ជំងឺ​របេង​ធម្មតា និង​អ្នក​កើត​ជំងឺ​របេង​ផ្ស៊ាំ​ថ្នាំ។

កន្លង​មក ក្រសួង​សុខាភិបាល ជាពិសេស​មជ្ឈមណ្ឌល​កំចាត់​ជំងឺ​របេង និង​ហង់សិន បាន​អនុវត្ត​យុទ្ធនាការ​អកម្ម គឺ​រង់ចាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មក​ធ្វើ​តេស្ដ​ស្វែង​រក​រោគ​សញ្ញា​នៃ​ជំងឺ​របេង​ដល់​កន្លែង​គ្រូពេទ្យ​ជំនាញ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​នៅ​ពេល​នេះ យុទ្ធនាការ​នេះ​បាន​ក្លាយ​ជា​សកម្ម​វិញ គឺ​គ្រូពេទ្យ​ជំនាញ​ទៅ​ស្វែង​រក​រោគ​សញ្ញា​នៃ​ជំងឺ​របេង​ដល់​សហគមន៍​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។

នាយក​នៃ​មជ្ឈមណ្ឌល​កំចាត់​ជំងឺ​របេង និង​ហង់សិន នៃ​ក្រសួង​សុខាភិបាល លោក ម៉ៅ តាន់អ៊ាង បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា ថា យុទ្ធនាការ​នេះ​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន និង​កាត់​បន្ថយ​ការ​ចំណាយ​នានា​របស់​ប្រជាពលរដ្ឋ៖ «គាត់​កុះករ​មក​ជួប​យើង ហើយ​យើង​ធ្វើ​ការ​ថត​សួត យើង​ធ្វើ​ការ​ពិនិត្យ​រោគ​សញ្ញា។ អីចឹង​ទេ បាន​ធ្វើ​ឲ្យ អាច​ជា​ការ​ជំរុញ​ឲ្យ​គាត់​មក​រក​ឆាប់​ជាង​ឲ្យ​គាត់​មក​កាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក​ដោយ​ខ្លួន​ឯង»

ជាមួយ​គ្នា​នេះ អ្នក​កើត​ជំងឺ​របេង​ម្នាក់ ឈ្មោះ គុយ មុន្នីរត័្ន អាយុ ៤២ឆ្នាំ ដែល​កើត​ជំងឺ​របេង​នេះ​តាំង​ពី​ឆ្នាំ​១៩៩៥ កន្លង​មក បាន​និយាយ​ថា លោក​មាន​អាការៈ​គ្រាន់​បើ​ជាង​មុន​នៅ​គ្រា​ដែល​មក​ទទួល​ការ​ព្យាបាល​នៅ​មជ្ឈមណ្ឌល​កំចាត់​ជំងឺ​របេង និង​ហង់សិន នេះ៖ «ដឹង​ថា​លេប​ថ្នាំ​ហ្នឹង​ស្រួល​ខ្លួន ហូប​បាយ​បាន​ធម្មតា ដង្ហើម​ធម្មតា ដក​ទៅ​អត់​សូវ​ហត់​ដូច​មុន កម្លាំង​កំហែង​មាន​ធម្មតា​ដូច​មុន​ដែរ»

របាយការណ៍​របស់​មជ្ឈមណ្ឌល​កំចាត់​ជំងឺ​របេង និង​ហង់សិន នៃ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១២ នេះ មាន​អ្នក​កើត​ជំងឺ​របេង​ចំនួន​ជាង ៣​ម៉ឺន​នាក់ ប្រៀបធៀប​ឆ្នាំ​២០១១ កន្លង​ទៅ គឺ​មាន​អ្នក​កើត​ជំងឺ​របេង​ចំនួន​ជាង ៣​ម៉ឺន​ករណី​ដែរ ប៉ុន្តែ​នៅ​ឆ្នាំ​២០១២ នេះ គ្រូពេទ្យ​ជំនាញ​បាន​រក​ឃើញ​អ្នក​កើត​ជំងឺ​របេង​បន្ថែម​ទៀត តាម​រយៈ​យុទ្ធនាការ​សកម្ម​នេះ។

ក្រសួង​សុខាភិបាល មាន​មណ្ឌល​ព្យាបាល​អ្នក​កើត​ជំងឺ​របេង​ចំនួន ១.១៧០​កន្លែង នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​មាន​គ្រូពេទ្យ​ជំនាញ​ចំនួន​ជាង ៣​ពាន់​នាក់ និង​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ជាង ៣​ម៉ឺន​នាក់​ទៀត។

មជ្ឈមណ្ឌល​កំចាត់​ជំងឺ​របេង និង​ហង់សិន បាន​ចំណាយ​ថវិកា​ប្រចាំ​ឆ្នាំ​ចំនួន​ជាង ១១​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ព្យាបាល​អ្នក​កើត​ជំងឺ​របេង​ដោយ​មិន​គិត​ថ្លៃ​ទេ។ ជំនួយ​នោះ បាន​ជួយ​ដោយ​រដ្ឋាភិបាល និង​ម្ចាស់​ជំនួយ​បរទេស គឺ​មាន​អង្គការ​មូលនិធិ​សកល (Global Fund) និង​អង្គការ​យូ.អេស.អេ.អាយ.ឌី (USAID) របស់​សហរដ្ឋ​អាមេរិក អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។