នៅក្នុងយុទ្ធនាការនេះ គឺក្រសួងសុខាភិបាល បានបញ្ជូនគ្រូពេទ្យជំនាញ និងម៉ាស៊ីនថតសួតដ៏ទំនើបៗជាច្រើនគ្រឿងទៅមូលដ្ឋាន ដើម្បីស្វែងរករោគសញ្ញាអ្នកកើតជំងឺរបេង ដោយមិនយកកម្រៃពីប្រជាពលរដ្ឋទេ។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលជំនាញខាងកំចាត់ជំងឺរបេងនៅកម្ពុជា បានអះអាងថា យុទ្ធនាការនោះបានស្វែងរករោគសញ្ញាអ្នកកើតជំងឺរបេងបានចំនួន ១.៤០០ករណី ចាប់ពីខែកុម្ភៈ ឆ្នាំ២០១២ ហើយគ្រោងបញ្ចប់យុទ្ធនាការនេះនៅចុងខែធ្នូ ឆ្នាំ២០១២ ខាងមុខនេះ។
យុទ្ធនាការនេះ បានបញ្ចប់ការធ្វើតេស្ដនៅក្នុងស្រុកចំនួន១២ ហើយក្នុងចំណោមស្រុកសរុបចំនួន១៥ ក្នុងខេត្តកំពង់ចាម កំពង់ធំ កំពត សៀមរាប និងខេត្តមួយចំនួនទៀត។ ម៉ាស៊ីនថតសួតនោះ គឺស្វែងរករោគសញ្ញានៃអ្នកកើតជំងឺរបេងធម្មតា និងអ្នកកើតជំងឺរបេងផ្ស៊ាំថ្នាំ។
កន្លងមក ក្រសួងសុខាភិបាល ជាពិសេសមជ្ឈមណ្ឌលកំចាត់ជំងឺរបេង និងហង់សិន បានអនុវត្តយុទ្ធនាការអកម្ម គឺរង់ចាំឲ្យប្រជាពលរដ្ឋខ្មែរមកធ្វើតេស្ដស្វែងរករោគសញ្ញានៃជំងឺរបេងដល់កន្លែងគ្រូពេទ្យជំនាញដោយខ្លួនឯង ប៉ុន្តែនៅពេលនេះ យុទ្ធនាការនេះបានក្លាយជាសកម្មវិញ គឺគ្រូពេទ្យជំនាញទៅស្វែងរករោគសញ្ញានៃជំងឺរបេងដល់សហគមន៍ប្រជាពលរដ្ឋនៅមូលដ្ឋាន។
នាយកនៃមជ្ឈមណ្ឌលកំចាត់ជំងឺរបេង និងហង់សិន នៃក្រសួងសុខាភិបាល លោក ម៉ៅ តាន់អ៊ាង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៣ ខែវិច្ឆិកា ថា យុទ្ធនាការនេះបានទទួលការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើន និងកាត់បន្ថយការចំណាយនានារបស់ប្រជាពលរដ្ឋ៖ «គាត់កុះករមកជួបយើង ហើយយើងធ្វើការថតសួត យើងធ្វើការពិនិត្យរោគសញ្ញា។ អីចឹងទេ បានធ្វើឲ្យ អាចជាការជំរុញឲ្យគាត់មករកឆាប់ជាងឲ្យគាត់មកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដោយខ្លួនឯង»។
ជាមួយគ្នានេះ អ្នកកើតជំងឺរបេងម្នាក់ ឈ្មោះ គុយ មុន្នីរត័្ន អាយុ ៤២ឆ្នាំ ដែលកើតជំងឺរបេងនេះតាំងពីឆ្នាំ១៩៩៥ កន្លងមក បាននិយាយថា លោកមានអាការៈគ្រាន់បើជាងមុននៅគ្រាដែលមកទទួលការព្យាបាលនៅមជ្ឈមណ្ឌលកំចាត់ជំងឺរបេង និងហង់សិន នេះ៖ «ដឹងថាលេបថ្នាំហ្នឹងស្រួលខ្លួន ហូបបាយបានធម្មតា ដង្ហើមធម្មតា ដកទៅអត់សូវហត់ដូចមុន កម្លាំងកំហែងមានធម្មតាដូចមុនដែរ»។
របាយការណ៍របស់មជ្ឈមណ្ឌលកំចាត់ជំងឺរបេង និងហង់សិន នៃក្រសួងសុខាភិបាល បានឲ្យដឹងថា នៅឆ្នាំ២០១២ នេះ មានអ្នកកើតជំងឺរបេងចំនួនជាង ៣ម៉ឺននាក់ ប្រៀបធៀបឆ្នាំ២០១១ កន្លងទៅ គឺមានអ្នកកើតជំងឺរបេងចំនួនជាង ៣ម៉ឺនករណីដែរ ប៉ុន្តែនៅឆ្នាំ២០១២ នេះ គ្រូពេទ្យជំនាញបានរកឃើញអ្នកកើតជំងឺរបេងបន្ថែមទៀត តាមរយៈយុទ្ធនាការសកម្មនេះ។
ក្រសួងសុខាភិបាល មានមណ្ឌលព្យាបាលអ្នកកើតជំងឺរបេងចំនួន ១.១៧០កន្លែង នៅទូទាំងប្រទេសកម្ពុជា និងមានគ្រូពេទ្យជំនាញចំនួនជាង ៣ពាន់នាក់ និងគ្រូពេទ្យស្ម័គ្រចិត្តជាង ៣ម៉ឺននាក់ទៀត។
មជ្ឈមណ្ឌលកំចាត់ជំងឺរបេង និងហង់សិន បានចំណាយថវិកាប្រចាំឆ្នាំចំនួនជាង ១១លានដុល្លារអាមេរិក ដើម្បីជួយព្យាបាលអ្នកកើតជំងឺរបេងដោយមិនគិតថ្លៃទេ។ ជំនួយនោះ បានជួយដោយរដ្ឋាភិបាល និងម្ចាស់ជំនួយបរទេស គឺមានអង្គការមូលនិធិសកល (Global Fund) និងអង្គការយូ.អេស.អេ.អាយ.ឌី (USAID) របស់សហរដ្ឋអាមេរិក អង្គការសុខភាពពិភពលោក (WHO) និងអង្គការមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។