គ.ជ.ប. រៀបចំ​សិក្ខា​សាលា​នៅ​បាត់ដំបង

ក្រសួង​មហាផ្ទៃ និង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​បើក​សិក្ខា​សាលា​លើក​ដំបូង ស្តី​ពី ការ​ពិគ្រោះ​យោបល់​ជា​មួយ​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង​នគរ​បាល។

0:00 / 0:00

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​កំណត់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​ដំណើរ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត នា​ខែ​តុលា​ឆ្នាំ​២០១០​នេះ ដើម្បី​ឈាន​ទៅ​រក​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នា​ឆ្នាំ​២០១២ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៣។

លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប. បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី​៦ ខែ​សីហា​ថា តាម​ច្បាប់ និង​នីតិ​វិធី​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រចាំ​ឆ្នាំ​នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១ ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១០ ៖ «នៅ​ចំពោះ​មុខ​នេះ គ.ជ.ប. និង​ធ្វើ​ការ​ជ្រើស​រើស​បុគ្គលិក​មួយ​ចំនួន​នៅ គ.ជ.ប. និង​នៅ​តាម​ខេត្ត​ខ្លះ ដើម្បី​ធ្វើ​ការ​បណ្ដុះ​បណ្ដាល ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​ងារ​នេះ​នៅ​ខែ​តុលា»

ការ​ប្រកាស​របស់​មន្ត្រី គ.ជ.ប. នេះ គឺ​បាន​ធ្វើ​ឡើង​ក្នុង​សិក្ខា​សាលា​លើក​ដំបូង​មួយ ក្នុង​ខេត្ត​បាត់ដំបង ស្តីពី​ការ​ពិគ្រោះ​យោបល់​ជា​មួយ​គណ​បក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​សិក្សា​ជុំវិញ​ដំណើរ​ការ​​ពិនិត្យ​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ខណៈ​ដែល​បញ្ហា​នេះ​រង​ការ​រិះគន់​ពី​ក្រុម​អង្គការ​ជាតិ អន្តរ​ជាតិ និង​គណបក្ស​នយោបាយ​នានា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ កាល​ពី​ឆ្នាំ​២០០៨​កន្លង​មក។

នៅ​ក្នុង​សិក្ខា​សាលា​នេះ ក៏​មាន​ការ​ចូល​រួម​ពី​តំណាង​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​មូលដ្ឋាន មក​ពី​ខេត្ត​ចំនួន​៦ គឺ​ខេត្ត​បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ ឧត្តរ​មាន​ជ័យ សៀមរាប និង​ខេត្ត​ព្រះវិហារ ចំនួន​៩៨​នាក់ ដើម្បី​រួម​គ្នា​រិះ​រក​យន្តការ​ដោះស្រាយ​ទាក់​ទិន​ដំណើរ​ការ​ពិនិត្យ និង​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នេះ។

ទោះ​យ៉ាង​នេះ​ក្តី លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប. បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ដើម្បី​កាត់​បន្ថយ​បញ្ហា​ខាង​លើ​នេះ ក្រសួង​មហា​ផ្ទៃ និង​គ.ជ.ប. កំពុង​ធ្វើ​ការ​សិក្សា និង​កំណត់​បញ្ហា​ប្រឈម ដើម្បី​បញ្ជូន​ក្រុម​ការ​ងារ​បច្ចេកទេស​ចុះ​ពិគ្រោះ​ផ្ទាល់​ជា​មួយ​នឹង​មន្ត្រី​គណៈកម្មការ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ក៏​ដូច​ជា​គណៈកម្មការ​បោះ​ឆ្នោត និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ឈ្មោះ​ដើម្បី​ពិគ្រោះ​យោបល់​លើ​បញ្ហា​បច្ចេកទេស ៖ «ហើយ​ក្រោយ​ពី​ពិគ្រោះ​យោបល់​គ្រប់​តំបន់​ទាំង​បួន ដែល​យើង​បាន​កំណត់​រួច​ហើយ ក្រុម​ការ​ងារ​នឹង​កំណត់​បញ្ហា​ប្រឈម និង​លើក​ជា​វិធាន​ដំណោះ​ស្រាយ​ដើម្បី​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​សម្រេច ក្នុង​គោល​បំណង​កែ​លម្អ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ សម្រាប់​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ល្អ»

ក្រសួង​មហា​ផ្ទៃ និង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​មួយ​គ្នា​នេះ ក៏​មាន​គម្រោង​បញ្ជូន​ក្រុម​ការងារ​បច្ចេកទេស​ទៅ​រៀបចំ​សិក្ខា​សាលា​ដូច​គ្នា​នេះ​ទៀត នៅ​ខេត្ត​កំពង់ចាម ខេត្ត​ព្រះសីហនុ និង​ចុង​ក្រោយ​ធ្វើ​នៅ​ក្រុង​ភ្នំពេញ។

តួ​លេខ​របស់ គ.ជ.ប. បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១០ ប្រជា​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ មាន​ចំនួន​ជាង​៨​លាន ៥​សែន​នាក់ ហើយ​ចំនួន​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត កាល​ពី​ឆ្នាំ​២០០៩ មាន​ចំនួន​៨​លាន ៣​សែន​នាក់។

ចំណែក​ឯ​ចំនួន​ប្រជា​ពលរដ្ឋ​ដែល គ.ជ.ប. បម្រុង​នឹង​ចុះ​ឈ្មោះ​ក្នុង​ឆ្នាំ​២០១០​នេះ មាន​ជាង​៣០​ម៉ឺន​នាក់ ខណៈ​ដែល​ដំណើរ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​ធ្វើ​នៅ​ឆ្នាំ​២០១២ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ និង​ត្រូវ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៣៕