ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងបានតម្រូវអោយកម្មវិធីដែលត្រូវការវាគ្មិនជាមេធាវី ត្រូវដាក់សំណើទៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីណែនាំដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា រាល់ការអញ្ជើញអ្នកច្បាប់ មេធាវី ដើម្បីធ្វើជាវាគ្មិនក្នុងកម្មវិធីច្បាប់តាមទូរទស្សន៍ ឬតាមវិទ្យុ ត្រូវឆ្លងកាត់គណៈមេធាវី។
សេចក្តីណែនាំនោះចុះថ្ងៃទី៣១ ខែមករា របស់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែលបានផ្សព្វផ្សាយព្រឹកថ្ងៃទី៨ ខែកុម្ភៈ បានកោតសរសើរចំពោះស្ថានីយវិទ្យុ ទូរទស្សន៍ជាច្រើន ដែលបានយកចិត្តទុកដាក់អញ្ជើញអ្នកច្បាប់ មេធាវីទៅបកស្រាយពន្យល់ផ្សព្វផ្សាយអំពីការអប់រំច្បាប់ កម្មវិធីនយោបាយ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែដើម្បីចៀសវាងលទ្ធផលអវិជ្ជមានអំពីកម្មវិធីផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ និងដើម្បីធានាលទ្ធផលល្អអំពីការផ្សព្វផ្សាយនេះ គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ ត្រូវអញ្ជើញអ្នកច្បាប់ មេធាវីធ្វើជាវាគ្មិនតាមគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីណែនាំរបស់ក្រសួងព័ត៌មាន បញ្ជាក់ថា ការណែនាំនេះគឺបន្ទាប់ពីក្រសួងបានទទួលលិខិតណែនាំមួយចុះថ្ងៃទី២២ ខែមករា ដែលចេញដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុន ហុន មានប្រសាសន៍ថា គណៈមេធាវីក៏បានណែនាំដូចគ្នានេះដែរទៅមេធាវី និងអ្នកច្បាប់ដែលជាសមាជិកគណៈមេធាវី។ លោកថា គោលការណ៍ថ្មីនេះ គឺជាការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងធានាការផ្សព្វផ្សាយដែលត្រឹមត្រូវសម្រាប់សាធារណជន។
នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ និងជានាយកវិទ្យុសំឡេងប្រជាធិបតេយ្យ លោក ប៉ា ងួនទៀង មានប្រសាសន៍ថា សេចក្ដីណែនាំនេះ គឺជាមធ្យោបាយក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយដែលនឹងប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលថ្មីៗនេះបានព្រមានដល់មេធាវីមួយរូបដែលស្ថាប័ននេះបញ្ជាក់ថា បានប្រព្រឹត្តខុសនឹងក្រមសីលធម៌ វិជ្ជាជីវៈមេធាវី បន្ទាប់ពីមេធាវីរូបនោះបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានពីការបំពេញតួនាទី និងមុខរបររបស់លោក។
និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ លោក កៃ គឹមសុង ដែលកាសែតរបស់លោកមានទំព័រប្រចាំសប្ដាហ៍និយាយពីជីវប្រវត្តិ និងការបំពេញតួនាទីរបស់មេធាវី មានប្រសាសន៍ថា មេធាវី ឬអ្នកច្បាប់គ្រប់រូបគួរតែមានសិទ្ធិក្នុងការនិយាយពីជីវិត និងការងារផ្ទាល់ខ្លួន ដោយពុំចាំបាច់សុំការអនុញ្ញាតឡើយ។
លិខិតព្រមានចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ ចុះហត្ថលេខាដោយលោកមេធាវី ប៊ុន ហុន ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា មេធាវីដែលបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន បានរំលោភលើមាត្រា១៥ នៃក្រមសីលធម៌មេធាវី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។