មន្ត្រីខ្មែរមានប្រសាសន៍នៅថ្ងៃអង្គារនេះដោយចាត់ទុកថា ការថ្លែងរបស់មន្ត្រីការបរទេសថៃ ដែលថានឹងប្រឹងប្រែងដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ គឺមិនមែនជារឿងថ្មីនោះឡើយ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការក្រសួងទីស្តីការគណៈរដ្ឋមន្ត្រីខ្មែរថ្លែងយ៉ាងដូច្នេះ គឺនៅមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសថៃ គឺលោក កាស៊ីត ភិរុម (Kasit Piromya) បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានថៃ នាថ្ងៃទទួលតំណែងថ្មីនោះថា លោកនឹងខិតខំជជែកដើម្បីរកវិធានជាគោលមួយសម្រាប់ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា។
លោក ផៃ ស៊ីផាន មានប្រសាសន៍ដូច្នេះថា ៖ «ការនិយាយហ្នឹងគ្រាន់តែជាការបង្ហើបមួយ ជាព័ត៌មានមួយដែលស្ដែងចេញពីកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលថៃ អនុវត្តនូវស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស។ នេះគឺគ្មានអ្វីប្លែកសម្រាប់ខ្ញុំទេ»។
ជម្លោះព្រំដែនកម្ពុជា-ថៃ កើតមានតាំងពីថ្ងៃទី១៥ ខែកក្កដាមក គឺនៅមួយសប្តាហ៍ បន្ទាប់ពីប្រាសាទព្រះវិហារខ្មែរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
មន្ត្រីខ្មែរធ្លាប់បានបន្ទោសថា ជម្លោះផ្ទៃក្នុងរបស់ថៃគឺបានរំខានដល់កិច្ចស្វែងរកដំណោះស្រាយអំពីបញ្ហាជម្លោះព្រំដែននិងបានពន្យារពេលគម្រោងបោះបង្គោលព្រំដែននៅជិតតំបន់ប្រាសាទព្រះវិហារ ដែលបានព្រមព្រៀងគ្នាធ្វើនាពាក់កណ្តាលខែធ្នូនេះផង។
លោក ផៃ ស៊ីផាន មានប្រសាសន៍បន្ថែមយ៉ាងដូច្នេះទៀតថា ៖ «យើងអត់ទាន់មានអ្វីដែលថ្មីទេ ត្បិតអីរាជរដ្ឋាភិបាលថៃទើបតែមាននាយករដ្ឋមន្ត្រីមួយពិតប្រាកដ ក៏ប៉ុន្តែយើងសង្ឃឹមថា ឧបសគ្គក្នុងការនិយាយ ក្នុងការជជែកបានបន្តទៀត ទាំងការអនុវត្តស្មារតីនៃការប្រជុំគ្នា ហើយយើងក៏សូមជូនពរដល់ប្រជាជាតិថៃ សូមឲ្យមានស្ថិរភាពនយោបាយ ...»។
ចាប់តាំងពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសលើកទី៣ នៅទីក្រុងសៀមរាប តាំងពីថ្ងៃទី១២ ខែវិច្ឆិកានោះមក លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កិច្ចចរចាអំពីព្រំដែនគឺនៅទ្រឹងនៅឡើយ។
ជម្លោះព្រំដែនរ៉ាំរ៉ៃនេះ ក៏ធ្លាប់បានបណ្តាលឲ្យទាហានទាំងសងខាងបានពលីជីវិតក្នុងសមរភូមិផងដែរ។
សូមជម្រាបថា បើទោះបីជារដ្ឋមន្ត្រីការបរទេសថៃថ្មី លោក កាស៊ីត ភិរុម ថ្លែងថា នឹងខំដោះស្រាយបញ្ហាជម្លោះព្រំដែននោះក៏ដោយ ក៏ប៉ុន្តែលោកគឺធ្លាប់មានប្រវត្តិជាអ្នកប្រឆាំងជំទាស់ដ៏ខ្លាំងក្លាមួយរូបចំពោះការដាក់ប្រាសាទព្រះវិហារខ្មែរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕