អគារ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថ្មី​​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ

អគារ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​បាន​សាងសង់​ឡើង​អស់​រយៈ​ពេល​ជិត ២​ឆ្នាំ ជា​ជំនួយ​ឧបត្ថម្ភ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​អគារ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដែល​ទើប​បាន​សាងសង់​រួច​ចប់​សព្វគ្រប់​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ជា​ការ​ចំណាយ​ផ្ទាល់​របស់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​គេ​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១០​នេះ។

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ ទី​១៩ ខែ​តុលា បាន​សម្ដែង​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ដល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ការ​រួម​ចំណែក​ផ្ដល់​ប្រាក់​ជំនួយ​យ៉ាង​ច្រើន ដើម្បី​សាង​សង់​អគារ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថ្មី។

មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​សម្ពោធ​ឲ្យ​មាន​ការ​ប្រើប្រាស់​អគារ​ចំនួន​ពីរ មួយ​គឺ​អគារ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​គេ​ឲ្យ​ឈ្មោះ​ថា វិមាន​មិត្តភាព និង​អគារ​មួយ​ទៀត គឺ​អគារ​ខុទ្ទកាល័យ​នាយករដ្ឋន្ត្រី និង​ជា​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា អគារ​សន្តិភាព។ លោក​នាយករដ្ឋមន្ត្រី​បាន​រំពឹង​ថា អគារ​ថ្មី​សន្លាង​ធំ​ស្កឹមស្កៃ​ទាំង​ពីរ​នេះ នឹង​ក្លាយ​ទៅ​ជា​មរតក​សម្រាប់​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ ក៏​ដូច​ជា​ទី​កន្លែង​ធ្វើ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​បម្រើ​ប្រយោជន៍​សង្គម។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​ជូន​ដូច្នេះ ៖ «ការ​រួម​បញ្ចូល​គ្នា​នៃ​អគារ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ជា​ជំនួយ​ដ៏​ថ្លៃថ្លា​របស់​សាធារណរដ្ឋ​ចិន និង​អគារ​នាយករដ្ឋមន្ត្រី និង​មជ្ឈមណ្ឌល​សន្និសីទ នឹង​ក្លាយ​ទី​តាំង​នេះ​ទៅ​ជា​វិមាន​រដ្ឋាភិបាល​ថ្មី​មួយ ដែល​នឹង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ឆន្ទៈ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើក​កម្ពស់​វិសាលភាព និង​គុណភាព​នៃ​សេវា​សាធារណៈ ដើម្បី​បម្រើ​ប្រយោជន៍​សង្គម​ជាតិ​ឲ្យ​បាន​ជា​អតិបរមា»

អតីត​អគារ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​សាងសង់​ឡើង​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៦០ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ដែល​ដឹក​នាំ​ដោយ​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បាទ នរោត្ត សីហនុ។ ប៉ុន្តែ​ក្រោយ​មក នៅ​ឆ្នាំ​២០០៤ នៅ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ឧបនាយករដ្ឋមន្ត្រី​ចិន នៅ​កម្ពុជា អគារ​នេះ​គេ​បាន​លើក​គម្រោង​ឲ្យ​មាន​ការ​សាងសង់​ជា​ថ្មី ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ប្រទេស​ចិន ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ៣២,៩​លាន​ដុល្លារ។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឬ វិមាន​មិត្តភាព ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន បាន​សាងសង់​ឡើង​អស់​រយៈ​ពេល ១៩​ខែ មាន​កម្ពស់ ៤០​ម៉ែត្រ ត្រូវ​ជា ៧​ជាន់ គឺ​ជា​សាល​សន្និសីទ​ជាតិ និង​អន្តរជាតិ ជា​កន្លែង​ទទួល​ភ្ញៀវ ការិយាល័យ និង​ជា​កន្លែង​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​នានា។

អគារ​នាយករដ្ឋមន្ត្រី និង​មជ្ឈមណ្ឌល​អន្តរជាតិ ឬ វិមាន​សន្តិភាព បាន​សាងសង់​ឡើង​អស់​រយៈ​ពេល ១៨​ខែ ដោយ​វិស្វករ​ខ្មែរ និង​រចនា​តាម​បែប​ខ្មែរ បាន​ប្រើ​ទឹក​ប្រាក់​របស់​រដ្ឋាភិបាល មាន​កម្ពស់ ៥​ជាន់។ អគារ​នេះ​គឺ​ជា​ការិយាល័យ​នាយករដ្ឋមន្ត្រី ជា​កន្លែង​ប្រជុំ​អន្តរជាតិ បំពាក់​ដោយ​ប្រព័ន្ធ​សន្តិសុខ និង​ប្រព័ន្ធ​បច្ចេកទេស​ទំនើប​ផ្សេង​ទៀត។ អគារ​នេះ​មិន​ត្រូវ​បាន​គេ​បង្ហាញ​ថា ត្រូវ​ចំណាយ​អស់​ទឹក​ប្រាក់​ប៉ុន្មាន​នោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ថា ការ​សាងសង់​អគារ​នោះ ធ្វើ​ឡើង​ដោយសារ​តែ​អគារ​នោះ​ចាស់​ទ្រុឌទ្រោម ប្រឈម​នឹង​ការ​បាក់​ស្រុត ហើយ​និង​ដើម្បី​បំពេញ​តម្រូវការ​ស្រប​ទៅ​តាម​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ក្រោយ​ពី​គេ​បាន​ទុក​ចោល​គម្រោង​សាងសង់​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ ដើម្បី​បង្វិល​ទឹក​ប្រាក់​ក្នុង​ការ​បម្រើ​សេវាកម្ម​ផ្សេងៗ។

ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​បាទ​បរមនាថ នរោត្តម សីហមុនី ដែល​បាន​យាង​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ទាំង​ពីរ​ខាង​លើ​នោះ មាន​ព្រះ​បន្ទូល​ដូច្នេះ ៖ «ខ្ញុំ​សូម​រដ្ឋាភិបាល​បន្ត​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ជា​ចម្បង​យុទ្ធសាស្ត្រ​ចតុកោណ​ទី​២ ទន្ទឹម​នឹង​នេះ ត្រូវ​រៀបចំ​នីតិ​វិធី​កាន់​តែ​ប្រសើរ​ថែម​ទៀត ដើម្បី​បង្ក​លក្ខណៈ​ជូន​សមាជិក​សមាជិកា​រាជ​រដ្ឋាភិបាល បំពេញ​ការងារ​បម្រើ​ប្រទេស​ជាតិ និង​ជូន​ប្រជាពលរដ្ឋ​កាន់​តែ​ប្រសើរ​ឡើង»

មាន​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល និង​ប្រធាន​សភា លោក ហេង សំរិន និង​ប្រធាន​ព្រឹទ្ធ​សភា លោក ជា ស៊ីម ក៏​បាន​ចូល​រួម​នៅ​ក្នុង​កម្មវិធី​នោះ​ដែរ៕