កាសែត​មនសិការ​ខ្មែរ​រង​ការចោទ​ប្រកាន់​ពី​បទ​សរសេរ​មួល​បង្កាច់

ការិយាល័យ​របស់​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​បាន​ចោទ​កាសែត​មនសិការ​ខ្មែរ​ពី​បទ​សរសេរ​មួល​បង្កាច់​និង​គំរាម​រក​ការប្តឹង​ទៅ​តុលាការ។

ការចោទ​របស់​ការិយាល័យ​អ្នក​នាំ​ពាក្យ​នៃ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​ក្រុម​ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​ទៅ​កាន់​កាសែត​មនសិការ​ខ្មែរ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​ដោយសារ​តែ​កាសែត​បាន​សរសេរ​ថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​សុំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យក​ដំណាក់​មុខ​វាល​ព្រះ​មេរុ និង​ចោទ​ទៀត​ថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​ស្នើ​តែងតាំង​មន្ត្រី​ឡេមឡឺម​ប្រមាណ​ជាង​២០០​នាក់​ឲ្យ​មក​ធ្វើការ​នៅ​ព្រះរាជ​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ។

ការិយាល័យ​អ្នក​នាំ​ពាក្យ​របស់​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​បាន​សរសេរ​ប្រាប់​កាសែត​មនសិការ​ឲ្យ​បង្ហាញ​ភស្តុតាង​និង​សរសេរ​កែ​តម្រូវ បើ​ពុំ​ដូច្នោះ​ទេ​នឹង​ប្រើប្រាស់​វិធី​តាម​ផ្លូវ​ច្បាប់​ដើម្បី​ប្តឹង​កាសែត​ទៅ​តុលាការ៕