ប្រធានអង្គការឃ្លាំមើលការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន បានឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃអង្គារ ទី៣១ សីហា ថា អង្គការលោកបានដាក់សំណុំលិខិត រួមជាមួយនឹងភស្តុតាងជាច្រើន និងពាក្យបណ្ដឹងសុំឲ្យស៊ើបអង្កេតលើក្រុមពាក់ព័ន្ធការកាប់ឈើប្រមាណជាង ២០០នាក់ ក្នុងនោះរួមមាននាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ផងដែរ ដាក់ចូលក្នុងប្រអប់ខ្មៅរបស់អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃ៣០ សីហា។
លោក ជា ហ៊ាន បានបញ្ជាក់ថា ៖ «គាត់ និងមន្ត្រីរបស់គាត់ ៨នាក់ទៀតឲ្យមនុស្ស ២៤១នាក់ ចូលកាប់ឈើក្នុងតំបន់ហាមឃាត់ ព្រោះអីប្រជាពលរដ្ឋទៅកាប់ ទៅដឹក គាត់តទទួលលាភសក្ការៈ មួយរទេះ ៤-៥ម៉ឺន ១ឡាន ១០០(ដុល្លារ) ដាក់ខែ ម៉ាស៊ីនរ៉ៃមួយខែ ៣០០ដុល្លារ ម៉ាស៊ីនត្រង់ស៊ីណ័រ ១ខែ ១០០ដុល្លារ»។
លោក ជា ហ៊ាន បន្តថា ការដាក់លិខិតប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយនេះ បន្ទាប់ពីការប្ដឹងផ្ដល់របស់លោកស្ដីពីករណីកាប់ឈើនៅតំបន់ភ្នំឱរ៉ាល់នោះ ទៅតុលាការខេត្តកំពង់ស្ពឺ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនលើកមកហើយ តែពុំមានការសហការពេញលេញនោះទេ ហើយការចាត់វិធានការលើពាក្យបណ្ដឹងលើករណីនេះ បានតិចតួចបំផុត។
លោកបានឲ្យដឹងទៀតថា បច្ចុប្បន្នបទល្មើសព្រៃឈើនៅតំបន់ភ្នំឱរ៉ាល់នៅតែកើតមានឥតដាច់ ទោះបីមានការប្រកាសឲ្យទប់ស្កាត់ និងបង្ក្រាបពីលោកនាយករដ្ឋមន្ត្រីយ៉ាងណាក្តី។
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ហេង គួន បានបដិសេធចំពោះការចោទប្រកាន់ពីលោក ជា ហ៊ាន ហើយថា មន្ទីរបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តមានការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ ក្នុងការទប់ស្កាត់បទល្មើសកាប់ព្រៃឈើនៅតំបន់នោះ។
លោក ហេង គួន បានអះអាងថា ៖ «ខ្ញុំមិនបដិសេធទាំងស្រុងទេ ប៉ុន្តែការងារនេះគឺផែនការទប់ស្កាត់កាន់តែខ្លាំងឡើងៗ ហើយមកទល់នឹងពេលបច្ចុប្បន្ន បើបុគ្គលណាធ្វើខុស សូម្បីតែរណារយន្តមួយក៏ត្រូវជាប់គុកដែរ ត្រូវបញ្ជូនសំណុំរឿងទៅតុលាការដែរ! នេះជាគោលការណ៍!»។
ប្រធានអង្គភាពប្រឆាំងអំពើពុកលួយនៃរដ្ឋាភិបាលកម្ពុជា លោក ឱម យ៉ិនទៀង ដែលទើបឡើងកាន់តំណែង មិនបានឲ្យដឹងឡើយថា រហូតមកដល់ពេលនេះលោកបានទទួលពាក្យបណ្ដឹងជុំវិញការប្រព្រឹត្តអំពើពុករលួយ ថាមានប៉ុន្មានករណី ហើយត្រូវចាត់ការស៊ើបអង្កេតនៅពេលណានោះទេ។
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន បានចេញបញ្ជាកាលពីខែមីនា ឆ្នាំ២០១០ ឲ្យមានការបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទេស ប៉ុន្តែគេកត់សម្គាល់ឃើញថា ចាប់ពីខែកក្កដាមក ជំនួញឈើខុសច្បាប់បានចាប់ផ្ដើមកើតឡើងវិញជាបណ្ដើរៗ ស្ទើរគ្រប់ខេត្តដែលនៅមានសល់ព្រៃឈើល្អៗ។
រហូតមកដល់ពេលនេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ក៏ពុំទាន់បានបង្ហាញរបាយការណ៍សរុបច្បាស់លាស់ណាមួយជាសាធារណៈ ពីលទ្ធផលនៃការបង្ក្រាបបទល្មើសព្រៃឈើនៅទូទាំងប្រទេស ថាមានប៉ុន្មានករណី ហើយបានធ្វើការផ្ដន្ទាទោសដាក់ពន្ធនាគារ ចំពោះអ្នកប្រព្រឹត្តបទល្មើសបានប៉ុន្មាននាក់ហើយនោះទេ៕