សិទ្ធិ​មនុស្ស​និង​ក្រុមសហជីព​ទាមទារ​ឲ្យ​ដោះលែង សំណាង និង សំអឿន

អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​បី​និង​ក្រុម​សហជីព​ដ៏​ធំ​មួយ​របស់​ពិភពលោក​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការចោទ​ប្រកាន់​និង​ដោះលែង លោក ប៊ន សំណាង និង សុខ សំអឿន ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​២០​ឆ្នាំ​តាំង​ពី​ឆ្នាំ​២០០៥ ពី​បទ​ថា​បាន​ធ្វើ​ឃាត​មេ​ដឹកនាំ​សហជីព​គឺ​លោក ជា វិជ្ជា។

ការប្រកាស​ទាមទារ​ឲ្យ​មាន​ការដោះលែង លោក ប៊ន សំណាង និង សុខ សំអឿន នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​គ្នា​ចុះ​ថ្ងៃ​ទី​ ២៨ ធ្នូ ពី​ទីក្រុង​ញូវញ៉ក សហរដ្ឋ​អាមេរិក អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch សហព័ន្ធ​សហជីព​អន្តរជាតិ (International Trade Union Confederation) និង​អង្គការ​ឃ្លាំមើល​ការការពារ​សិទ្ធិ​ជន​ត្រូវ​ចោទ ដែល​បាន​តាមដាន​មើល​ចាប់​តាំង​ពី​មាន​ព្រឹត្តិការណ៍​បាញ់​សម្លាប់​លោក ជា វិជ្ជា កាលពី​ខែ​មករា ឆ្នាំ​២០០៤​មក​ម៉្លេះ។

គួរ​ជម្រាប​ថា តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​នឹង​បើក​សវនាការ​ករណី​បណ្ដឹង​ឧទ្ធរណ៍​របស់​លោក ប៊ន សំណាង និង សុខ សំអឿន នៅ​ថ្ងៃ​ទី​៣១ ធ្នូ​នេះ។

មន្ត្រី​ស្រាវជ្រាវ​ជាន់ខ្ពស់​របស់​អង្គការ Human Rights Watch លោកស្រី សារ៉ា ខម បាន​ឲ្យ​ដឹង​ថា តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​គួរតែ​ធ្វើ​សេចក្ដី​សម្រេច​ផ្អែក​លើ​ភស្តុតាង ហើយ​មិន​ត្រូវ​ទទួល​រង​សំពាធ​ពី​រដ្ឋាភិបាល​នោះ​ឡើយ។

លោកស្រី សារ៉ា ខម បាន​ឲ្យ​ដឹង​ថា លោក ប៊ន សំណាង និង សុខ សំអឿន បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​៥​ឆ្នាំ​ហើយ​ពី​បទ​ឧក្រិដ្ឋ​ដែល​ខ្លួន​មិន​មែន​ជា​អ្នក​ប្រព្រឹត្ត​ទាល់​តែ​សោះ ហើយ​ទាមទារ​ឲ្យ​តុលាការ​រក​យុត្តិធម៌​ឲ្យ​អ្នក​ទាំង​ពីរ។

មន្ត្រី​រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​ជុំវិញ​សេចក្ដី​ថ្លែងការណ៍​ពី​ស្ថាប័ន​អន្តរជាតិ​ទាំងអស់​នេះ​ទេ។

គួរ​ជម្រាប​ថា លោក ជា វិជ្ជា ដែល​កាល​ណោះ​មាន​វ័យ​៣៦​ឆ្នាំ គឺ​ជា​ស្ថាបនិក​និង​ជា​ប្រធាន​សហភាព​សហជីព​សេរី​កម្មករ​កម្ពុជា។ លោក ជា វិជ្ជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​មុខ​តូប​លក់​កាសែត​ជិត​វត្តលង្កា កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤។

គួរ​ជម្រាប​ថា អង្គការ​អន្តរជាតិ​មួយ​ឈ្មោះ Amnesty International សហភាព​សហជីព​កម្ពុជា ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការដោះ​លែង លោក ប៊ន សំណាង និង សុខ សំអឿន ហើយ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទិ្ធ​មនុស្ស​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការកាត់ទោស​ដោយ​យុត្តិធម៌​សម្រាប់​លោក ប៊ន សំណាង និង សុខ សំអឿន ផងដែរ។

អតីត​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហនុ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ និង​ក្រុម​គ្រួសារ​ញាតិ​មិត្ត សុទ្ធតែ​មិន​ជឿ​ថា លោក ប៊ន សំណាង និង សុខ សំអឿន ជា​ឃាតករ​ពិត​ប្រាកដ​ដែល​បាន​សម្លាប់​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា វិជ្ជា កាលពី​៥​ឆ្នាំ​មុន​នោះ​ឡើយ៕