ការទទូចខាងលើនេះបានធ្វើឡើងនៅគ្រាដែលអត្រានៃអំពើហិង្សាក្នុងគ្រួសារនៅប្រទេសកម្ពុជាកំពុងតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ។
លោកស្រី លី ស៊ុនលីណា ជាមន្រ្តីកម្មវិធីនៃអង្គការជំនួយព្រះវិហារដាណឺម៉ាក និងជាជំនួយគ្រិស្តបរិស័ទនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយនៅឯការិយាល័យនៃគម្រោងអ្នកការពារក្តីកម្ពុជា (CDP) ឲ្យដឹងថា អំពើហិង្សានៅក្នុងគ្រួសារមិនមែនជាបញ្ហាផៃ្ទក្នុងរបស់គ្រួសារទៀតទ្បើយ ប៉ុន្តែវាក្លាយជាបញ្ហារបស់សង្គម។
លោកស្រីបានបន្តថា ការដោះស្រាយបញ្ហានេះដោយការសម្រុះសម្រួលគ្នាដោយបង្ខំនោះមិនមែនជាដំណោះស្រាយយូរអង្វែងទ្បើយ គឺមានតែការអនុវត្តច្បាប់តែប៉ុណ្ណោះដែលអាចជួយដោះស្រាយធ្វើឲ្យមានការរាងចាលបាន។
លោកស្រី លី ស៊ុនលីណា បានបញ្ជាក់ថា ៖ «បើថាក្នុងករណីអំពើហិង្សាក្នុងគ្រួសារដែលមានចរិតជាបទល្មើសព្រហ្មទណ្ឌ គឺមិនត្រូវផ្សះផ្សាទេ ត្រូវអនុវត្តតាមច្បាប់»។
លោកស្រី លឹម មុន្នី ប្រធានផ្នែកស្រី្តរបស់អង្គការការពារសិទ្ធិមនុស្ស អាដហុក បានមានប្រសាសន៍ថា លោកស្រីបានទទួលពាក្យបណ្តឹងចំនួនប្រមាណជាង ៥០០ករណីក្នុងមួយឆ្នាំ អំពីការរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារនោះ ហើយបញ្ហានេះបានកើតមានឡើងទាំងគ្រួសារអ្នកមាននិងអ្នកក្រផងដែរ ប៉ុន្តែគ្រួសារអ្នកក្រមានកម្រិតបញ្ហានេះខ្ពស់ជាងគេ។
លោកស្រី លឹម មុន្នី បានមានប្រសាសន៍ថា ៖ «នៅក្នុងចំណោមជាង៥០០ករណីហ្នឹង យើងឃើញថា វាមាន៩០%ទៅ៩៥%ឯណោះដែលជាស្ត្រី ចំពោះបុរសគឺតិចជាទីបំផុត»។
ទាក់ទងនឹងបញ្ហាខាងលើនេះ លោកស្រី ជូ ប៊ុនអេង ជារដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃបានសម្ដែងការគាំទ្រចំពោះការអំពាវនាវខាងលើនេះ។
លោកស្រី ជូ ប៊ុនអេង បានថ្លែងថា ៖ «ឲ្យតែចូលដល់ករណីព្រហ្មទណ្ឌហើយ គេអត់មានសម្រុះសម្រួលទេ ប៉ុន្តែគេសម្រុះសម្រួលមុនពេលដែលរឿងហ្នឹងក្លាយទៅជាព្រហ្មទណ្ឌ»។
តំណាងអង្គការក្រៅរដ្ឋាភិបាលខាងលើនេះមានគម្រោងការជួបប្រជុំគ្នាជាមួយនឹងមន្រ្តីរបស់ក្រសួងមហាផ្ទៃនិងមន្ត្រីរបស់ក្រសួងកិច្ចការនារីនៅថៃ្ងទី១១ ខែធ្នូខាងមុខនេះ ដើម្បីដាក់សំណើជាផ្លូវការជំរុញឲ្យក្រសួងទាំងពីរនោះពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងអំពើហិង្សានៅក្នុងគ្រួសារជាអាទិភាព នៅមុនការសម្រុះសម្រួលគ្នានោះ។
ប្រភពបានឲ្យដឹងថា ការសិក្សានានារបស់ក្រសួងកិច្ចការនារីបានរកឃើញថា អត្រានៃអំពើហិង្សានៅក្នុងគ្រួសារក្នុងសង្គមកម្ពុជាមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ គឺស្រី្តម្នាក់នៅក្នុងចំណោមស្រី្ត៤នាក់បានទទួលរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ គឺមានន័យថា ស្រ្តី១ភាគ៤នៃប្រជាពលរដ្ឋខែ្មរចំនួនជាង១៤លាននាក់បានទទួលរងនូវអំពើហិង្សាក្នុងគ្រួសារ ហើយភាគច្រើនចេញមកពីភាគីបុរសជាប្តីដែលប្រើប្រាស់គ្រឿងស្រវឹង។
ប្រទេសកម្ពុជាមានច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះអនុម័តកាលពីខែតុលា ឆ្នាំ២០០៥កន្លងទៅ ប៉ុន្តែប្រភពបានឲ្យដឹងថា ភាគច្រើននៃអំពើហិង្សានៅក្នុងគ្រួសារនោះតែងតែត្រូវបានដោះស្រាយតាមការសម្រុះសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ៕