ការអំពាវនាវនេះបានធ្វើឡើងភ្លាមៗក្រោយពីមានការចរចាជាថ្មីទៀត កាលពីថ្ងៃច័ន្ទរវាងរដ្ឋមន្រ្តីការបរទេសខ្មែរនិងថៃ នៅខេត្តសៀមរាប ដែលពួកមន្រ្តីបាននិយាយថា មានផ្លែផ្កាល្អ តែក្រុមមន្រ្តីនៃអង្គការក្រៅរដ្ឋាភិបាលបាននិយាយថា វាជាការទាល់ច្រកនិងការចាញ់ប្រៀប ។
លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរនិងជានាយកក្រុមហ៊ុនទេសចរណ៍ ឈ្មោះ អឺរ៉ាស៊ីត្រាវែល បានមានប្រសាសន៍ថា វាជាការចាញ់ប្រៀបមួយនៅពេលដែលកម្ពុជាសុខចិត្តចរចាជាមួយប្រទេសមួយដែលមានកម្លាំងទ័ពចូលក្នុងទឹកដីរបស់ខ្លួនទៅហើយនោះ ៖ «ខ្ញុំយល់ថា អត់មានបានលទ្ធផលអីជាវិជ្ជមានសម្រាប់ឲ្យមានសុខសន្តិភាព ហើយឲ្យប្រទេសកម្ពុជាយើងមានស្ថានភាពដូចពីមុនថ្ងៃ១៥ កក្កដា ទេ ពីព្រោះលទ្ធផលទាំងប៉ុន្មានគាត់និយាយថា ចាំគាត់ទៅជម្រាបរាជរដ្ឋាភិបាល និងរាយការណ៍ជូនរាជរដ្ឋាភិបាល ។ អ៊ីចឹង បានន័យថា អត់មានបានប្រយោជន៍អីទាំងអស់ ព្រោះរដ្ឋាភិបាលគេមានគម្រោងលុកលុយឈ្លានពានទឹកដីយើងរួចទៅហើយ» ។
លោក មឿង សុន ក៏បានសម្តែងមន្ទិលសង្ស័យដែរថា ការដែលថៃសុំឲ្យមានការចរចាទ្វេភាគីនោះ ក៏អាចជាកលល្បិចមួយផងដែរ ៖ «ពីព្រោះយើងដឹងហើយ យើងមើលទៅ ជំហរថៃគាត់មិនផ្លាស់ប្ដូរឥរិយាបថគាត់ ដោយដកទ័ពទេ ។ ការដែលគាត់ហៅចរចាទ្វេភាគី វាចំណេញម្យ៉ាងសម្រាប់ភាគីថៃនិងភាគីកម្ពុជាយើង ។ ភាគីកម្ពុជាយើង យើងចំណេញបានបង្ហាញពិភពលោកឲ្យដឹងថា ខ្មែរស្រលាញ់សន្តិភាព យើងសុខចិត្តស្របតាមភាគីថៃសំណូមពរ ហើយភាគីថៃគាត់ចំណេញវិញ គាត់ចង់បង្ហាញឲ្យពិភពលោកឃើញដែរថា គាត់មានចេតនាចរចាជាមួយយើង ហើយគាត់មានបំណងថា គាត់ចង់ពន្យារពេល កុំឲ្យយើងឆាប់ទៅប្ដឹងភ្លាម ដើម្បីទុកពេលវេលាឲ្យគាត់ចំណេញនយោបាយជាមួយនឹងក្រុមគណបក្សប្រឆាំង ។ អ៊ីចឹងអាហ្នឹងជាល្បិចកលរបស់គេទេ គេចំណេញនយោបាយរបស់គេទេ» ។
ក្នុងករណីនេះ លោក មឿង សុន ក៏បានមានប្រសាសន៍ថា កម្ពុជាត្រូវតែឲ្យមានការដោះស្រាយបញ្ហានេះ ជាលក្ខណៈអន្តរជាតិដែលអាចធ្វើឲ្យមានការអនុវត្តច្បាប់មួយដ៏មាំទាំបាន ៖ «គឺយើងចំណេញពីរយ៉ាងធំ ។ ទីមួយ គឺយើងត្រូវយកផែនទីសម័យអាណានិគមបារាំង ឆ្នាំ១៩០៤, ១៩០៧ ហើយនិងតុលាការក្រុងឡាអេ ជាមូលដ្ឋាន ចាប់វាស់ឡើងវិញទាំងអស់នូវព្រំប្រទល់ជាមួយថៃ ។ អ៊ីចឹង យើងត្រូវចំណេញដីនិងកោះថែមទៀត ។ ខ្ញុំជឿថា ពេលយើងកើតសង្គ្រាមស៊ីវិលនិងសម័យខ្មែរក្រហម និងសម័យលន់នល់ គឺពួកប្រទេសអស់ហ្នឹង ឈ្លានពានដីយើងច្រើនណាស់ អ៊ីចឹង បើកាលណាជ្រុលបានប្ដឹងហើយ យើងត្រូវតែឲ្យអន្តរជាតិសើរើព្រំប្រទល់ខ្មែរយើងវិញទាំងអស់ គឺអ្វីដែលបារាំងបានគូសទុកឲ្យជាមួយនឹងភាគីថៃហ្នឹង ។ ចំណេញទីពីរ គឺយើងចំណេញទាំងនយោបាយ គឺយើងឲ្យថៃដឹងថា ខ្លួនឯងជាប្រទេសមួយដែលរំលោភទៅលើ ទាំងយូណេស្កូ ផង ទាំងអង្គការសហប្រជាជាតិទៀត» ។
ដូចគ្នានេះដែរលោក រ៉ុង ឈុន មេដឹកនាំនៃក្រុមឃ្លាំមើលកម្ពុជា បានថ្លែងថា ការចរចារបស់កម្ពុជាជាមួយប្រទេសថៃនោះគឺបង្ហាញពីភាពអាម៉ាស់និងអន់ខ្សោយខាងការទូតមួយរបស់ខ្មែរដែលបានធ្វើតបនឹងប្រទេសដែលឈ្លានពានខ្លួន ៖ «ពេលវេលានេះហើយ យើងមិនចាំបាច់ចរចាជាមួយភាគីសៀមទេ ពីព្រោះចោរគេមកឈ្លានពានយើងហើយ យើងទៅបន្ទន់ឥរិយាបថទៅចរចាជាមួយចោរ គឺយើងអន់មែនទែន» ។
លោក រ៉ុង ឈុន ក៏យល់ដូចគ្នាដែរនឹងការលើកឡើងរបស់លោក មឿង សុន ដែលថា ការដោះស្រាយវិបត្តិនេះត្រូវតែធ្វើឡើងដោយអង្គការសហប្រជាជាតិ ៖ «ចំពោះក្រុមប្រឹក្សាឃ្លាំមើល ក៏ដូចជាខ្លួនរូបខ្ញុំផ្ទាល់ ខ្ញុំចង់ឲ្យរដ្ឋាភិបាលប្រកាន់ជំហរម៉ឺងម៉ាត់ រឹងមាំ យកផលប្រយោជន៍ជាតិជាធំ គឺឈរទៅលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, ១៩០៧ ហើយឈរលើសាលក្រមរបស់តុលាការអន្តរជាតិក្រុងឡាអេ ឆ្នាំ១៩៦២ ឈរលើកិច្ចព្រមព្រៀងសន្តិភាពថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ដែលមានប្រទេសហត្ថលេខីចំនួន ១៩ រួមជាមួយនោះ មានមហាអំណាចធំៗ ហើយប្រទេសជាប់ប្រទេសយើងហ្នឹងក៏ជាហត្ថលេខី គឺចង់ឲ្យរដ្ឋាភិបាលឈរឲ្យរឹងមាំ ប្រកាន់ជំហរឲ្យច្បាស់លាស់ ហើយស្នើសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិ» ។
ទោះជាយ៉ាងណាក៏ដោយ លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្ស អាដហុក បានសម្តែងទស្សនៈថា ការចរចាទ្វេភាគីក៏អាចជារឿងល្អម្យ៉ាងដែរ ប៉ុន្តែត្រូវតែធ្វើដោយតម្លាភាព ភាពម៉ឺងម៉ាត់ ក្នុងការគោរពសមភាគីនិងការគោរពសន្ធិសញ្ញានិងអនុសញ្ញាព្រំដែននិងច្បាប់អន្តរជាតិនានាដែលធ្លាប់មានរួចមកហើយ ។
លោក ធន សារាយ មានប្រសាសន៍ដូច្នេះថា ៖ «ការចរចាវាជាការមួយល្អដែ ព្រោះថា កុំឲ្យបាក់មុខទាំងសងខាង ព្រោះប្រទេសយើងជិតខាងគ្នា ត្រូវការរស់នៅជាមួយគ្នា រាប់រយរាប់ពាន់ឆ្នាំទៅមុខទៀត ប៉ុន្តែត្រង់ថា ការយល់ព្រមមកអង្គុយតុចរចាគ្នានេះ តើភាគីថៃនៅតែប្រកាន់ជំហរថា លោកចង់សើរើព្រំដែនដែលមានការឯកភាពគ្នារួចហើយ ឬមួយក៏លោកគ្រាន់តែយល់ថា យើងត្រូវការជជែកគ្នាលំអិតនូវការបោះបង្គោលថ្មីទៅលើព្រំដែនដែល កាលឆ្នាំ១៩៦២ ទទួលស្គាល់បន្ថែមទៀតដោយតុលាការក្រុងឡាអេនេះ [ឬយ៉ាងណា]» ។
គួរបញ្ជាក់ថា ជម្លោះព្រំដែននៅតំបន់ក្បែរប្រាសាទព្រះវិហារបានកើតមានឡើង ក្រោយពេលដែលកម្ពុជាបានប្រកាសពីការចូលឈ្លានពានរបស់ថៃ ជាពិសេស គឺការចូលកាន់កាប់ទឹកដីនៃវត្តកែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ បន្ទាប់ពីប្រទេសកម្ពុជាបានជោគជ័យក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ដែលប្រទេសថៃបានប្រឆាំងជំទាស់ជាយូរមកហើយ ។
ក្រោយពីការលុកលុយនោះកម្ពុជាបានធ្វើការចរចាជាមួយថៃជាលើកដំបូង នៅស្រុកអារញ្ញ ប្រទេសថៃម្តងរួចមកហើយតែមិនបានលទ្ធផលឡើយ ដែលនាំឲ្យកម្ពុជាសុំឲ្យមានកិច្ចអន្តរាគមន៍ ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែប្រទេសថៃបានសុំឲ្យមានការចរចាទ្វេភាគីជាថ្មីទៀត ដូច្នេះហើយបានជាកម្ពុជាសម្រេចព្យួរឲ្យមានកិច្ចអន្តរាគមន៍ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសិន ។
ការចរចាចុងក្រោយនៅខេត្តសៀមរាបនោះ ភាគីទាំងពីរបានយល់ព្រមដកទ័ពចេញពីតំបន់មានជម្លោះនោះ ប៉ុន្តែគេមិនបានបញ្ជាក់ច្បាស់លាស់ថាធ្វើឡើងនៅពេលណាឡើយ ៕