លោក ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងនៅថ្ងៃទី២០ មករា នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់សាលាខេត្តឧត្តរមានជ័យ ថា បញ្ហាទំនាស់ព្រំដែនរវាងកម្ពុជា-ថៃនៅតំបន់ប្រាសាទព្រះវិហាររដ្ឋាភិបាលនឹងមិនលើកយកទៅដាក់ឲ្យកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសថៃ នាពេលខាងមុខជួយដោះស្រាយឲ្យទេ គឺទុកដោះស្រាយទ្វេភាគីរវាងកម្ពុជាជាមួយថៃតែប៉ុណ្ណោះ ហើយជាមួយនោះដែរ ជំហររដ្ឋាភិបាលកម្ពុជាដែលមានលោកជាប្រមុខដឹកនាំនោះ គឺមានតែការខិតខំមិនឲ្យមានការប៉ះទង្គិចដោយអាវុធ និងបញ្ចប់ការប្រឈមមុខដាក់គ្នារវាងកងយោធាតែប៉ុណ្ណោះ។
លោកនាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ទៀតថា នាពេលខាងមុខនេះគឺថ្ងៃទី២៥ និង២៦ មករានេះ រដ្ឋមន្រ្តីការបរទេសថៃនឹងមកប្រទេសកម្ពុជាបន្តចរចាលើបញ្ហានោះទៀតផង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះ ៖ «ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ទី១ ទប់ស្កាត់ការប៉ះទង្គិចដោយអាវុធ និងបញ្ចប់ការប្រឈមមុខដោយយោធា។ ទី២ ដោះស្រាយតាមការចរចាទ្វេភាគី ភាគីថៃតាំងពីរដ្ឋាភិបាល សាម៉ាក់ រដ្ឋាភិបាលស៊ុមឆៃ រហូតដល់រដ្ឋាភិបាលអាភិស៊ីត បច្ចុប្បន្ននេះ ទទួលយកដំណោះស្រាយនៅតាមអនុសញ្ញាបារាំង-សៀម១៩០៤ សន្ធិសញ្ញាបារាំង-សៀម ១៩០៧ និងអនុស្សរណៈនៃការយោគយល់គ្នាដែលហៅថា MOU ឆ្នាំ២០០០»។
ជាមួយនោះដែរលោកនាយករដ្ឋមន្រ្តីខ្មែរបានមានប្រសាសន៍ថា លោកមិនបដិសេធលទ្ធភាពលើកបញ្ហាព្រំដែននោះទៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនិងតុលាការអន្តរជាតិទេ ប៉ុន្តែលុះត្រាតែខាងកងទ័ពថៃលើកទ័ពមកវាយកម្ពុជាមុន និងលុះត្រាតែការចរចាមិនអាចដោះស្រាយបានរវាងទ្វេភាគីផ្ទាល់បាន៕