ការ​សិក្សា​ក្រៅ​ប្រព័ន្ធ​អប់រំ

ការ​សិក្សា​រៀន​សូត្រ​នៅ​ប្រទេស​កម្ពុជា ក្រៅ​ពី​ការ​រៀន​នៅ​តាម​សាលា​សាធារណៈ​មិន​បង់​ថ្លៃ ឬ​ភាសា​សាមញ្ញ​ហៅ​ថា សាលា​រដ្ឋ​នោះ ក៏​មាន​សិស្ស​មួយ​ចំនួន​រៀន​នៅ​តាម​សាលា​ចល័ត​នៅ​តាម​សហគមន៍ តាម​ភូមិ តាម​វត្ត​អារាម ដែល​គេ​ហៅ​ថា ការ​សិក្សា​ក្រៅ​ប្រព័ន្ធ។

0:00 / 0:00

តើ​ការ​សិក្សា​ក្រៅ​ប្រព័ន្ធ​វា​ខុស​ពី​ការ​សិក្សា​ក្នុង​ប្រព័ន្ធ​យ៉ាង​ដូច​ម្ដេច​ខ្លះ?

ការ​សិក្សា​ក្រៅ​ប្រព័ន្ធ ជា​ការ​សិក្សា​មួយ​ដែល​មិន​មាន​ទីតាំង​សាលា​កំណត់​ជាក់​លាក់​ឡើយ ហើយ​ម៉ោង​សិក្សា​ក៏​មាន​ការ​ប្រែប្រួល​ទៅ​តាម​ការ​ឯកភាព​ពី​អ្នក​សិក្សា​ផង​ដែរ។ ការ​សិក្សា​ក្រៅ​ប្រព័ន្ធ​មាន​ចែង​នៅ​ក្នុង​កម្មវិធី​សិក្សា​ជា​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​មាន​គោលដៅ​ជា​ពិសេស​សម្រាប់​ផ្តល់​ចំណេះ​ដឹង​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ប្រភេទ ក្លាយ​ទៅ​ជា​អ្នក​ចេះ​អក្សរ និង​លេខ​នព្វន្ត។

លោក កែវ សារ៉ាត់ ប្រធាន​គ្រប់គ្រង​ផ្នែក​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ សង្គ្រោះ​កុមារ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​សិក្សា​ក្រៅ​ប្រព័ន្ធ គឺ​ក្រសួង​អប់រំ​ជាតិ​មាន​គោលដៅ​ធ្វើ​យ៉ាង​ណា​ផ្តល់​ចំណេះ​ដឹង​ដល់​កុមារ ដែល​គេច​សាលា កុមារ​ដែល​មាន​ការ​រវល់​មិន​អាច​មក​រៀន​ឲ្យ​បាន​ទៀង​ទាត់​នៅ​សាលា​រដ្ឋ និង​កុមារ​ដែល​មាន​ហេតុផល​ជាច្រើន​ទៀត​មិន​អាច​មក​រៀន​អក្សរ​លេខ​នព្វន្ត​បាន​ទៀង​ទាត់។

លោក កែវ សារ៉ាត់៖ «ការងារ​អប់រំ​ក្រៅ​ប្រព័ន្ធ បើ​យើង​ពិនិត្យ​ជា​រួម​ទៅ គឺ​វា​អាច​ជួយ​ទៅ​លើ​ចំណុច​សំខាន់​២។ ទី១ គឺ​ជួយ​បង្កើន​សេវា​អប់រំ​មួយ​ចំនួន ដែល​កុមារ យុវជន គេ​អត់​អាច​ទៅ​ទទួល​សេវា​ធម្មតា​បាន។ ទី២ ការងារ​អប់រំ​ក្រៅ​ប្រព័ន្ធ​នេះ គឺ​ការ​រៀន​មិន​មែន​ចេះ​ត្រឹម​លេខ​អក្សរ​ទេ គឺ​គេ​បង្រៀន​អំពី​ជីវភាព​រស់នៅ បំណិន​ជីវិត»

លោក កែវ សារ៉ាត់ បាន​ពន្យល់​បន្ថែម​ថា កម្មវិធី​សិក្សា​សម្រាប់​សិស្ស​ដែល​រៀន​នៅ​ក្នុង​កម្មវិធី​សិក្សា​ក្រៅ​ប្រព័ន្ធ ខុស​ពី​កម្មវិធី​សិក្សា​របស់​សាលា​រដ្ឋ។ កម្មវិធី​សិក្សា​របស់​សិស្ស​ក្រៅ​ប្រព័ន្ធ គឺ​មាន​លើក​ឡើង​ច្បាស់ៗ​អំពី​មេ​រៀន​ភ្ជាប់​ជាមួយ​ឧទាហរណ៍​ក្នុង​ជីវភាព​រស់នៅ​ជាក់​ស្ដែង ក្នុង​ជីវិត​រស់នៅ។ ពីព្រោះ សិស្ស​ដែល​រៀន​នៅ​ក្នុង​កម្មវិធី​សិក្សា​ក្រៅ​ប្រព័ន្ធ មាន​អាយុ​លើស​ច្រើន​ជាង​ឆ្នាំ​សិក្សា​ដែល​គេ​ត្រូវ​ទទួល ឧទាហរណ៍​ដូច​ជា គេ​មាន​អាយុ ១០ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​ទើប​តែ​ចូល​រៀន​ថ្នាក់​ទី២ ជាដើម៖ «កម្មវិធី​គេ​អត់​បាន​រៀប​ដូច​សាលា​ចំណេះ​ទូទៅ​ទេ។ ដោយ​សារ​គេ​បាន​បន្ស៉ី​មេ​រៀន​ឲ្យ​ត្រូវ​ទៅ​មុខ​សញ្ញា​ដែល​ជួប​ការ​លំបាក។ ទី២ មាន​ការ​រៀន​លេខ​អក្សរ ប្រមាណ​វិធី​មែន ប៉ុន្តែ​គេ​មាន​ខ្លឹមសារ​ទាក់​ទង​ការ​រស់នៅ​រាល់​ថ្ងៃ​របស់​គេ​តែ​ម្តង។ ឧទាហរណ៍ ការ​ដាំដុះ​អី​ជាដើម»

ការ​សិក្សា​ក្រៅ​ប្រព័ន្ធ​នេះ អាច​បន្ស៉ី​គ្នា​បញ្ចូល​សិស្ស​សិក្សា​ក្រៅ​ប្រព័ន្ធ ទៅ​ក្នុង​ការ​សិក្សា​ក្នុង​ប្រព័ន្ធ​រៀប​រយ ដែល​ហៅ​ថា សាលា​រដ្ឋ​នោះ​បាន​ដែរ។ កាល​ណា​សិស្ស​ដែល​រៀន​នៅ​ក្នុង​កម្មវិធី​សិក្សា​ក្រៅ​ប្រព័ន្ធ​នោះ​បាន​រៀន​ទាន់​ដល់​កម្រិត​ថ្នាក់​សាលា​រដ្ឋ​ហើយ និង​សិស្ស​រូប​នោះ​ចង់​ទៅ​សិក្សា​ក្នុង​សាលា​រដ្ឋ​វិញ គឺ​គេ​អាច​ចូល​ទៅ​សិក្សា​នៅ​ក្នុង​សាលា​រដ្ឋ​បាន។ លោក កែវ សារ៉ាត់ បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​ក្រៅ​ប្រព័ន្ធ​នេះ សំខាន់​គឺ​ផ្តល់​ចំណេះ​ដឹង​ឲ្យ​សិស្ស​មាន​ចំណេះ​ដឹង​ទូទៅ ហើយ​អាច​ចូល​រៀន​ក្នុង​សាលា​រដ្ឋ​តាម​ទាន់​គេ​ឯង។

លោក កែវ សារ៉ាត់៖ «នៅ​ក្នុង​កម្មវិធី​ថ្មី​នោះ គេ​រៀបចំ​ឲ្យ​មាន​ដូច​ជា​តំបន់​ដែល​ទើប​ដោះ​មីន មាន​សាលា​ថ្មីៗ​អី​ជាដើម​នោះ គឺ​ទើប​ចូល​រៀន ហើយ​អត់​មាន​សាលា​រៀន​ទេ យូរ​ឆ្នាំ​មក​ហើយ។ អ៊ីចឹង អ្នក​ចូល​រៀន​នោះ​អាយុ ១៧​អី ១៨ឆ្នាំ ចូល​ថ្នាក់​ទី១។ អ៊ីចឹង យើង​ឃើញ​គាត់​ចង់​រៀន​ណាស់។ តែ​គាត់​មិន​អាច​រៀន​ដូច​កូន​សិស្ស​ថ្នាក់​ទី១ បាន​ទេ។ យើង​ត្រូវ​ពូត​ច្របាច់​វា​ឲ្យ​ថ្នាក់​ទី១ និង​ទី២ រៀន​តែ ១ឆ្នាំ​ទេ។ រៀន ១ឆ្នាំ​បាន ២ថ្នាក់។ អ៊ីចឹង ក្មេង​ខ្លះ​រៀន ៣ឆ្នាំ​អី​ទៅ ចូល​រៀន​ថ្នាក់​ទី៥ នៅ​សាលា​ទូទៅ​បាន​ហើយ»

ការ​សិក្សា​ក្រៅ​ប្រព័ន្ធ គឺ​ជា​ការ​សិក្សា​មួយ​មាន​លក្ខណៈ​បើក​ទូលាយ​ជាង​ការ​សិក្សា​នៅ​សាលា​រដ្ឋ ទាំង​ម៉ោង​ពេល​សិក្សា ទាំង​ទីតាំង​សិក្សា ទាំង​វិន័យ​ក្នុង​ការ​សិក្សា និង​ទាំង​កម្មវិធី​សិក្សា។ ការ​សិក្សា​ក្រៅ​ប្រព័ន្ធ​នេះ មាន​ការ​ទំនុក​បម្រុង​ពី​ក្រសួង​អប់រំ​ជាតិ ហើយ​និង​មាន​ការ​ជួយ​បន្ថែម​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល ជាតិ និង​អន្តរជាតិ។ មាន​ទី​កន្លែង​សិក្សា​ខ្លះ និង​ប្រាក់​ឧបត្ថម្ភ​គ្រូ​ស្ម័គ្រ​ចិត្ត​ខ្លះ បាន​មក​ពី​ការ​ជួយ​ពី​សំណាក់​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​សកម្មភាព​លើ​វិស័យ​អប់រំ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​មន្ត្រី​ក្រសួង​អប់រំ ដើម្បី​សុំ​ការ​ផ្តល់​មតិ​យោបល់​ទាក់​ទង​ការ​សិក្សា​ក្រៅ​ប្រព័ន្ធ​នេះ​បាន​ឡើយ។ ប៉ុន្តែ របាយការណ៍​បូក​សរុប​សង្ខេប ការងារ​អប់រំ​យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០០៩ និង​២០១០ បាន​លើក​ឡើង​អំពី​ការងារ​អប់រំ​ក្រៅ​ប្រព័ន្ធ​ថា នៅ​មាន​ការ​ប្រឈម​មួយ​ចំនួន ដូច​ជា​សម្ភារៈ​ទ្រទ្រង់​ថ្នាក់​អក្ខរកម្ម​នៅ​មាន​កម្រិត ការងារ​ផ្សព្វផ្សាយ​ការងារ​អប់រំ​ក្រៅ​ប្រព័ន្ធ ពុំ​ទាន់​បាន​ទូលាយ ទិន្នន័យ​ព័ត៌មាន​ពុំ​ទាន់​ឆ្លើយ​តប​តាម​តម្រូវ​ការ និង​ពេល​វេលា សមត្ថភាព​មន្ត្រី​អប់រំ​ក្រៅ​ប្រព័ន្ធ​ខាង​គ្រប់គ្រង​នៅ​មាន​កម្រិត ខ្វះ​គ្រូ​ជំនាញ​តាម​តម្រូវ​ការ​សហគមន៍ ការ​ប្រើប្រាស់​ធនធាន​ក្នុង​សហគមន៍​មិន​ទាន់​អស់​លទ្ធភាព​ជាដើម។

របាយការណ៍​ក្រសួង​អប់រំ​ជាតិ បាន​ធ្វើ​ការ​រាប់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ក្រៅ​ប្រព័ន្ធ រួម​មាន​កម្មវិធី​អក្ខរកម្ម​វិជ្ជាជីវៈ កម្មវិធី​ក្រោយ​អក្ខរកម្ម ការងារ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍ កម្មវិធី​ចូល​រៀន​ឡើង​វិញ កម្មវិធី​បំពេញ​វិជ្ជា និង​កម្មវិធី​សាលា​រៀន​រថយន្ត​ចល័ត។ ដោយ​ឡែក​កម្មវិធី​ចូល​រៀន​ឡើង​វិញ បាន​អនុវត្ត​នៅ​រាជធានី​ភ្នំពេញ និង ២២​ខេត្ត សរុប​មាន​ថ្នាក់​បំប៉ន​ចំនួន​ជាង ១.៥០០ ដែល​មាន​សិស្ស​សិក្សា​ចំនួន ២៨.១៩៥​នាក់។ ហើយ​ក្នុង​ចំណោម​សិស្ស​បាន​បំប៉ន​នោះ បាន​បញ្ជូន​សិស្ស​ចូល​រៀន​សាលា​បឋម​សិក្សា​វិញ បាន​ចំនួន​ជាង ២ម៉ឺន ៥ពាន់​នាក់។

ទាក់​ទង​ការ​សិក្សា​ក្រៅ​ប្រព័ន្ធ​នេះ​ដែរ លោកស្រី អ៊ុក ឆាយ៉ាវី អនុប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​ថា តាម​ពិត​សិស្ស​ដែល​បោះ​បង់​ចោល​ការ​សិក្សា​សាលា​រដ្ឋ​មួយ​ចំនួន ដោយ​សារ​ការ​សិក្សា​នៅ​ទីនោះ​មាន​ការ​ទារ​ប្រាក់​បន្ថែម ហើយ​ពួក​គេ​គ្មាន​លុយ​បង់ ទើប​ពួក​គេ​បោះ​បង់​សាលា​រដ្ឋ​នោះ​ចោល។ តែ​ក្រោយ​មក រដ្ឋ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ប្រមូល​ពួក​គេ​ឲ្យ​មក​សិក្សា​នៅ​ក្នុង​ថ្នាក់​រៀន អប់រំ​ក្រៅ​ប្រព័ន្ធ​វិញ៖ «ការ​រៀន​ក្រៅ​ប្រព័ន្ធ​នេះ វា​មាន​សារសំខាន់​ដែរ។ ពីព្រោះ​ធ្វើ​ឲ្យ​ក្មេង​ក្រីក្រ និង​ខិល​ខូច​មួយ​ចំនួន គេ​ប្រមូល​យក​មក​រៀន​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់»

គ្រូ​បង្រៀន​ថ្នាក់​សិក្សា​ក្រៅ​ប្រព័ន្ធ​មួយ​រូប​ឈ្មោះ កុយ មុំ នៅ​ខេត្ត​តាកែវ បាន​និយាយ​ថា ការ​បង្រៀន​សិស្ស​ក្រៅ​ប្រព័ន្ធ​មាន​ការ​លំបាក​ជាង​សិស្ស​ក្នុង​សាលា​រដ្ឋ ដោយ​សារ​វិន័យ​សិក្សា​របស់​ពួក​គេ​ទាប​ជាង​សិស្ស​ដែល​សិក្សា​នៅ​ក្នុង​សាលា​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។