ក៏ប៉ុន្តែ អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម និយាយថា ស្ថានភាពជំងឺរបស់លោក នួន ជា បានធូរស្រាលឡើងវិញ ហើយលោក នួន ជា នឹងអាចចូលរួមនៅក្នុងអង្គជំនុំជម្រះឡើងវិញនៅថ្ងៃទី៣១ មករា។
ក្រុមគ្រួសាររបស់លោក នួន ជា បងធំទីពីររបស់របបកម្ពុជាប្រជាធិបតេយ្យ អះអាងនៅថ្ងៃពុធ ទី៣០ មករា ថា លោក នួន ជា ទំនងជានឹងមិនអាចបន្តមានជីវិតរស់នៅបានយូរទៀតនោះឡើយ ដោយសារស្ថានភាពជំងឺរបស់គាត់នៅពេលនេះមានអាការធ្ងន់ធ្ងរ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅឡើយនោះ។
លោក វិចទ័រ កូប៉េ (Victor Kope) សហមេធាវីការពារក្ដីឲ្យលោក នួន ជា ខាងភាគីអន្តរជាតិ ថ្លែងនៅក្នុងអង្គសវនាការនៃសាលាក្ដីខ្មែរក្រហម នៅរសៀលថ្ងៃទី៣០ មករា ដោយស្រង់សម្ដីក្រុមគ្រួសាររបស់លោក នួន ជា និយាយថា លោក នួន ជា ទំនងជានឹងត្រូវស្លាប់ក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារស្ថានភាពជំងឺមានអាការធ្ងន់ធ្ងរ។ ថ្លែងឲ្យដឹងតាមរយៈអ្នកបកប្រែនៅក្នុងអង្គជំនុំជម្រះសាលាក្ដីខ្មែរក្រហម លោក កូប៉េ អះអាងថា គេពិតជាមានការខកចិត្ត និងសោកស្ដាយចំពោះរបាយការណ៍វាយតម្លៃស្ថានភាពជំងឺរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលរកឃើញថា ស្ថានភាពជំងឺកូនក្ដីរបស់ខ្លួននៅពេលនេះមានភាពប្រសើរនោះ។
លោក វិចទ័រ កូប៉េ៖ «យើងបានជម្រាបទៅអង្គជំនុំជម្រះថា សុខភាពរបស់គាត់បានប្រសើរ គឺយើងធ្វើការជម្រាបហ្នឹង ដោយសារតែយើងផ្អែកទៅលើរបាយការណ៍របស់មន្ទីរពេទ្យ ដែលយើងបានទទួល គឺរបាយការណ៍ដែលទទួលពីព្រឹកម្សិលមិញនេះ។ ដូច្នេះហើយ គឺថាព័ត៌មាននៅក្នុងរបាយការណ៍ហ្នឹង គឺវាមិនបានឆ្លុះបញ្ចាំងអំពីអ្វីដែលបានកើតឡើងចំពោះកូនក្ដីរបស់ខ្ញុំនៅពេលរសៀលនោះឡើយ។ ដោយក្រុមគ្រួសារលោក នួន ជា គាត់ដូចជាជឿជាក់ថា លោក នួន ជា ជិតនឹងស្លាប់ទៅហើយ»។
ក៏ប៉ុន្តែ បុគ្គលិកពេទ្យប្រចាំការនៅអគារពិនិត្យជំងឺទូទៅ "គ" របស់មន្ទីរពេទ្យខ្មែរ-សូវៀត និយាយនៅថ្ងៃទី៣០ មករា ថា ស្ថានភាពជំងឺរបស់លោក នួន ជា នៅពេលនេះមានភាពប្រសើរជាងមុន និងពុំមានអ្វីប្រែប្រួលធ្ងន់ធ្ងរនោះទេ។ ដូចនេះដែរ ប្រធានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា លោក និល ណុន ថ្លែងថា ផ្អែកតាមរបាយការណ៍របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បញ្ជាក់ថា សុខភាពរបស់លោក នួន ជា បានប្រសើរឡើងវិញហើយ។
លោក និល ណុន៖ «ខាងអើវេជ្ជបណ្ឌិតទទួលថែទាំព្យាបាលលោក នួន ជា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានពិនិត្យឃើញថា សភាពទូទៅល្អ ហើយក្អកម្ដងម្កាល កម្ដៅ ៣៧ដឺក្រេ ដង្ហើមពុំមានអ្វីប្រែប្រួលទេ កម្លាំងកំហែងប្រសើរជាងមុន ប៉ុន្តែពុំមានទាន់អាចមានលទ្ធភាពក្រោកអង្គុយដោយលទ្ធភាពដោយខ្លួនឯងបាននៅឡើយ»។
លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម ថ្លែងថា របាយការណ៍ចុងក្រោយរបស់ក្រុមគ្រូពេទ្យដែលលោកបានទទួលនៅថ្ងៃទី៣០ មករា ឲ្យដឹងថា ស្ថានភាពជំងឺរបស់អតីតបងធំទីពីររបស់របបខ្មែរក្រហម បានវិលទៅរកភាពប្រក្រតីឡើងវិញហើយនៅពេលនេះ ហើយលោក នួន ជា ក៏នឹងត្រូវបង្ហាញវត្តមានរបស់ខ្លួនឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេល ១៨ថ្ងៃកន្លងទៅនេះ នៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីទទួលការព្យាបាលនោះ។
លោក នេត្រ ភក្ដ្រា៖ «ខាងក្រុមគ្រូពេទ្យបានផ្ដល់នូវរបាយការណ៍ជាបន្តបន្ទាប់ក្រោយអំពីការលើកឡើងរបស់ក្រុមមេធាវីរបស់លោក នួន ជា។ អ៊ីចឹង គឺអ្វីដែលខ្ញុំទទួលបានព័ត៌មានពីចៅក្រម ដែលគាត់ជាអ្នកគ្រប់គ្រងទៅលើកិច្ចការហ្នឹង ហើយនិងក្រុមគ្រូពេទ្យដែលបានផ្ដល់របាយការណ៍ គឺថាលោក នួន ជា មានស្ថានភាពសុខភាពល្អឡើងវិញ ហើយគាត់នឹងវិលត្រឡប់មកមន្ទីរឃុំឃាំងនៃសាលាក្ដីខ្មែរក្រហម នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣»។
អតីតប្រធានរដ្ឋសភាក្នុងរបបខ្មែរក្រហម លោក នួន ជា ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់កាលពីថ្ងៃទី១៣ មករា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ការបញ្ជូនអតីតបងធំទីពីររបស់របបខ្មែរក្រហមមកព្យាបាលនេះ ធ្វើឡើងភ្លាមៗក្រោយពេលដែលលោក នួន ជា បានដួលនៅក្នុងបន្ទប់ឃុំឃាំងរបស់សាលាក្ដីខ្មែរក្រហម។ ស្ថានភាពជំងឺរបស់លោក នួន ជា ត្រូវក្រុមគ្រូពេទ្យរកឃើញថា លោកមានជំងឺរលាកទងសួតធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។