យុវជន តាំង រតនា អាយុ២៦ឆ្នាំដែលជាម្ចាស់ស្នាដៃបានឲ្យដឹងអំពីគោលបំណងសំខាន់ ក្នុងការព្យាយាមតាក់តែងនិពន្ធរឿងនេះឡើង ៖ «ខ្ញុំបានស្រាវជ្រាវឯកសារពាក់ព័ន្ធទៅនឹងរឿងក្ដីប្រាសាទព្រះវិហារហ្នឹង គឺនៅក្នុងឆ្នាំ២០០១ ខ្ញុំស្រាវជ្រាវ ហើយខ្ញុំសិក្សាមួយឆ្នាំ ។ ដូច្នេះខ្ញុំចាប់ផ្ដើមសរសេររឿងហ្នឹងនៅឆ្នាំ២០០២ ហើយខ្ញុំបានបញ្ចប់រឿងហ្នឹងក្នុងខែមិថុនា ឆ្នាំ២០០៤ ។ ចំណុចសំខាន់គឺខ្ញុំចង់បង្ហាញឲ្យប្រជាពលរដ្ឋខ្មែរយើង បងប្អូនជនរួមជាតិ ជាពិសេសក្មេងជំនាន់ក្រោយ សិស្សានុសិស្សនិងជានិស្សិត ឲ្យបានយល់ ឲ្យបានដឹងខ្លះៗអំពីដំណើររឿងក្ដីនេះវាដូម្ដេចរហូតបានព្រះរាជាណាចក្រកម្ពុជាយើងឈ្នះ ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្ដេចព្រះប្រមុខរដ្ឋ គឺសម្ដេចតា នរោត្ដម សីហនុ នៃយើងនេះ ។ ហើយខ្ញុំលើកឡើងអំពីប្រវត្តិហ្នឹងគឺអត់មានកាន់និន្នាការណាមួយ ឆ្លុះបញ្ចាំងអំពីជម្លោះរវាងជាតិសាសន៍អីទេ ។ ដូច្នេះខ្ញុំបានច្បិចយកបញ្ហាប្រវត្តិសាស្ត្រពិតៗនៅក្នុងចំណុចមួយចំនួន ដូចជាករណីនៅក្នុងដំណើរការក្ដី ការតវ៉ាគ្នាទៅតាមច្បាប់លក្ខណៈអន្តរជាតិនេះ ដើម្បីមកធ្វើជាប្រលោមលោកបែបប្រវត្តិសាស្ត្រ» ។
ចំណែកលោក យូ បូ ស្ថាបនិកនៃសមាគមអ្នកនិពន្ធខ្មែរដែលបានដំណើរការជាថ្មីឡើងវិញ ចាប់ពីឆ្នាំ១៩៩៣មកនោះ បានបង្ហាញអំពីការចាប់អារម្មណ៍និងវាយតម្លៃចំពោះស្នាដៃនិពន្ធរឿង "បេះដូងភ្នំដងរែក" នេះ ថាជាវណ្ណកម្មមួយដ៏កម្រជួបប្រទះក្នុងអំឡុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ។
លោក យូ បូ បានមានប្រសាសន៍ថា ៖ «ក្នុងចំណោមអ្នកនិពន្ធខ្មែរពីឆ្នាំ៧៩មកនេះគឺជាប្រលោមលោកធម្មតា មិនមានអត្ថន័យខ្លឹមសារជ្រៅជ្រះដូចប្រលោមលោកនេះទេ ។ ប្រលោមលោកនេះជាប្រលោមលោកបែបប្រវត្តិសាស្ត្រ សាច់រឿងគេមានតម្លៃខ្ពស់ណាស់សម្រាប់ជាតិតែម្ដង ។ ហើយខ្ញុំកម្រឃើញអ្នកនិពន្ធក្មេងខ្ចីណាស់ក្នុងវ័យ១៩ឆ្នាំដែលខិតខំប្រឹងប្រែងស្រាវជ្រាវ ។ ជាស្នាដៃមួយល្អណាស់» ។
យុវជន តាំង រតនា ដែលបច្ចុប្បជាមន្ត្រីបម្រើការនៅអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថាការបោះពុម្ពផ្សាយលើកទីមួយនេះមានចំនួន១ពាន់ច្បាប់ ដែលភាគច្រើននឹងយកទៅតម្កល់ទុកជាឯកសារនៅតាមបណ្ណាល័យ សាលារៀន និងស្ថាប័ននានា ទូទាំងប្រទេស ។
ចំណែកថវិកាក្នុងការបោះពុម្ពដែលមានចំនួន២ពាន់ដុល្លារគឺបានមកពីជំនួយរួមគ្នារបស់មិត្តភ័ក្តិ និងសប្បុរសជនមួយចំនួន ដែលចង់ឃើញសៀរវភៅរឿង "បេះដូងភ្នំដងរែក" នេះ បានចេញផ្សាយឆាប់ៗជាការអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលអង្គការយូនេស្កូបានទទួលបញ្ជូលប្រាសាទព្រះវិហាររបស់ខ្មែរជាបេតិកភណ្ឌពិភពលោកកាលពីថ្ងៃច័ន្ទ ទី៧ កក្កដានេះ ៕