មតិ​នានា​ជុំវិញ​ការ​បង្កើត​ច្បាប់​ផ្តល់​សិទ្ធិ​កាន់​កាប់​អចលនទ្រព្យ​ដល់​ជន​បរទេស

មន្រ្តី​រដ្ឋាភិបាល អ្នក​តំណាង​រាស្រ្ត ព្រមទាំង​អ្នក​ជំនួញ​ខ្មែរ​បាន​យល់​ស្រប​គ្នា​ថា ការ​បង្កើត​ច្បាប់​ដែល​ផ្តល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​សម្រាប់​ជន​បរទេស​នោះ គឺ​ជា​ផ្នែក​មួយ​ដែល​នឹង​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​រីក​ចម្រើន​សម្រាប់​ប្រទេស។

0:00 / 0:00

អគ្គនាយក​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក លឹម វាន់ បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​នេះ គឺ​ដើម្បី​ជួយ​បង្កើន​លើ​កិច្ចអភិវឌ្ឍ ហើយ​ក៏​ដើម្បី​ការពារ​នូវ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ប្រយោជន៍​សាធារណៈ​ផង​ដែរ។

លោក លឹម វាន់ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បើ​យើង​អត់​មាន​ច្បាប់​គឺ​ជា​ការ​ខាត ហើយ​អាច​មាន​ជន​ខ្លះ​ឆ្លៀត​ពេល​ដែល​អត់​ទាន់​មាន​ច្បាប់​ហ្នឹង ធ្វើ​ការ​បោក​ប្រាស់។ អ្នក​ខ្លះ​គ្រាន់​តែ​លើក​ប៉ាណូ​ឡើង មាន​គេ​ចូល​មក​កក់​លុយ​អីៗ អត់​បាន​ធ្វើ​អី​សោះ​រត់​ចោល​បាត់។ ឥឡូវ​យើង​ទប់ស្កាត់​បាន​មួយ​ចំនួន​ហើយ»

ទាក់​ទិន​នឹង​បញ្ហា​នេះ​ដែរ លោក លឹម វាន់ ក៏​បាន​មាន​ប្រសាសន៍​ថា ដំណើរ​ការ​នៃ​ការ​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​នៅ​ឡើយ តែ​លោក​សង្ឃឹម​ថា​នឹង​អាច​ធ្វើ​ទៅ​បាន ៖ «បញ្ហា​វា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​ខ្លះ ទាក់​ទង​នឹង​រដ្ឋធម្មនុញ្ញ ទាក់​ទង​នឹង​ច្បាប់​ភូមិបាល ទាក់​ទង​នឹង​ស្អីៗ​ហ្នឹង ប៉ុន្តែ​យើង​បាន​ធ្វើ​ការ​ពិភាក្សា​សម្រុះសម្រួល​ពីរ​បី​ដង​ហើយ ជាមួយ​ក្រសួង​យុត្តិធម៌»

នៅ​ក្នុង​ឯកសារ​នៃ​សេចក្តី​ព្រាង​ច្បាប់ ដែល​វិទ្យុ​អាស៊ី​សេរី ទទួល​បាន ដែល​ជា​សេចក្តី​ព្រាង​ទី​២ ចុះ​ថ្ងៃ​ទី ២៦ ខែ មីនា ឆ្នាំ​២០០៩ បាន​ចែង​នូវ​ចំណុច​សំខាន់ៗ​មួយ​ចំនួន ដូច​ជា​មាត្រា​៤ បាន​កំណត់​ថា ជន​បរទេស​អាច​មាន​សិទ្ធិ កម្មសិទ្ធិ​នៃ​អគារ សហ​កម្មសិទ្ធិ​ឯកជន បាន​ន័យ​ថា ជា​អគារ​រួម​មាន​ច្រើន​បន្ទប់ ចាប់​ពី​ជាន់​ទី​ពីរ​ឡើង​ទៅ ហើយ​សិទ្ធិ​លើ​សហ​កម្មសិទ្ធិ​នោះ​អាច​ធ្វើ​បាន​តែ​ចំនួន​ពីរ​កន្លែង​ខុស​គ្នា​តែប៉ុណ្ណោះ នៅ​ទូទាំង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​មាត្រា​៥ នៃ​ឯកសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ដដែល​ក៏​បាន​កំណត់​ផង​ដែរ​ថា កម្មសិទ្ធិ​សម្រាប់​ជន​បរទេស​នោះ ក៏​មិន​ឲ្យ​លើស​ពី ៤៩​ភាគរយ នៃ​ចំនួន​ចំណែក​ឯកជន​សរុប​នៃ​អគារ​សហ​កម្មសិទ្ធិ ឬ​អគារ​រួម​ដែល​មាន​ច្រើន​បន្ទប់​នោះ​ឡើយ។

ចំណុច​ដ៏​សំខាន់​មួយ​ទៀត​នោះ គឺ​មាត្រា ៦ ក៏​បាន​កំណត់​ថា ជន​បរទស​មិន​អនុញ្ញាត​ឲ្យ​មាន​កម្មសិទ្ធិ​លើ​ចំណែក​ឯកជន​នេះ​ស្ថិត​ក្នុង​ចម្ងាយ​តិច​ជាង ៣០​គីឡូម៉ែត្រ ពី​ព្រំដែន​នៃ​ប្រទេស​នោះ។

លោក ស៊ឹង ប៊ុណ្ណា ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អចលនវត្ថុ​ជាតិ​កម្ពុជា នាយក​ក្រុមហ៊ុន អចលនទ្រព្យ និង​ជា​ប្រធាន​ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​ច្បាប់​នេះ គឺ​មិន​មែន​ជា​ការ​ប្លែក​អ្វី​ទេ​សម្រាប់​ប្រទេស​នានា​នៅ​លើ​ពិភព​លោក ដែល​បាន​ធ្វើ​រួច​មក​ហើយ​នោះ។

លោក​បាន​បញ្ជាក់​ថា ច្បាប់​នេះ​វា​ពិត​ជា​មាន​សារសំខាន់ និង​ប្រយោជន៍​ច្រើន​សម្រាប់​ប្រទេស ដែល​លោក​ហាក់​ដូច​ជា​រក​មិន​ឃើញ​នូវ​ផល​អាក្រក់​ណា​មួយ​កើត​ចេញ​ពី​ច្បាប់​នោះ​ឡើយ ៖ «ការ​អនុញ្ញាត​ឲ្យ​ជន​បរទេស​មាន​សិទ្ធិ​កាន់កាប់​អគារ​មិន​ផ្ទាល់​ដី ជាន់​ខាង​លើ​ហ្នឹង វា​ជា​ច្បាប់​មួយ​ដែល​គេ​ហៅ​ថា ច្បាប់​ទាក់​ទាញ ឬ​ក៏​ច្បាប់​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ​ជា​ជន​បរទេស​ឲ្យ​គាត់​ចាប់​អារម្មណ៍​មក​លើ​ប្រទេស​យើង។ ហើយ​ចំពោះ​ច្បាប់​នេះ វា​មិន​មែន​ជា​ច្បាប់​មួយ​ដែល​ប្លែក ដែល​ពិភព​លោក​យើង​មិន​មាន​ទេ វា​ជា​ច្បាប់​មួយ​ដែល​មាន​សឹង​ស្ទើរ​តែ​គ្រប់​ប្រទេស​ទៅ​ហើយ។ បាន​ន័យ​ថា ប្រទេស​ណា​ក៏​គេ​មាន​ច្បាប់​ផ្ដល់​សិទ្ធិ​ដល់​ជន​បរទេស​កាន់​កាប់​អចលនទ្រព្យ​ខាង​លើៗ​ហ្នឹង​ដែរ បាន​ន័យ​ថា ខាង​ខនដូ ខាង​អី​នៅ​តាម​ជាន់​លើៗ គ្រាន់​តែ​ប្រទេស​ដទៃ ប្រទេស​ខ្លះ​គេ​ចាប់​ផ្ដើម​ពី​ជាន់​ទី​៣ ប្រទេស​ខ្លះ​គេ​ចាប់​ផ្ដើម​ពី​ជាន់​ទី​៥ ខ្លះ​ជាន់​ទី​៧»

លោក​បាន​បន្ត​ថា ក្រោយ​ពេល​ដែល​ច្បាប់​នេះ​បង្កើត​ឡើង នឹង​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច ជា​ពិសេស​គឺ​វិស័យ​សំណង់ ដែល​បច្ចុប្បន្ន​កំពុង​ស្រុត​ចុះ​នោះ ៖ «អ៊ីចឹង​ឃើញ​ថា​ច្បាប់​នោះ​ក៏​ជា​ការ​មួយ​ដែល​យើង​រៀន​តាម​គេ អនុវត្ត​តាម​គេ​មក​ដែរ ប្រមូល​ផ្សែផ្សំៗ​ដាក់​ចូល​មក​ដើម្បី​ឲ្យ​ចេញ​ជា​ច្បាប់​របស់​យើង​ហ្នឹង។ អ៊ីចឹង​ច្បាប់​ហ្នឹង​យើង​គិត​ថា​វា​ជា​ឱកាស​មួយ បើ​សិន​ជា​ច្បាប់​ហ្នឹង​ចេញ​បាន​ប្រសើរ ដោយសារ​អី វា​ចំ​ពេល​ដែល​ទី​ផ្សារ​អចលទ្រព្យ​យើង​កំពុង​តែ​ស្ថិត​ក្នុង​សភាព​មួយ​ដែល​មិន​ទាន់​ល្អ មិន​ប្រសើរ​នៅ​ឡើយ អ៊ីចឹង​ពេល​ដែល​មាន​ច្បាប់​នេះ​វា​អាច​ជួយ​ជា​ផ្នែក​ទីផ្សារ​របស់​យើង​ផង​ដែរ»

មន្ត្រី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក គិត ទូច បាន​មាន​ប្រសាសន៍​ថា តាម​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​នោះ គឺ​ដូច​ជា​ពុំ​មាន​ការ​ប៉ះពាល់​ដល់​គោល​ការណ៍​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ភូមិបាល​នៃ​ប្រទេស​កម្ពុជា នោះ​ទេ ៖ «វា​មិន​មាន​បញ្ហា​ទៅ​លើ​ស្ថានភាព​សិទ្ធិ និង​បុព្វសិទ្ធិ​នៅ​លើ​ដី​ទេ»

លោក​ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ច្បាប់​នោះ​ក៏​វា​ស្រប​នឹង​និន្នាការ​សកល ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​កិច្ច​ផង​ដែរ ៖ «ទស្សនទាន​ធំ​ហ្នឹង គឺ​ផ្សារ​សេរី តំបន់​ភាវូបនីយកម្ម ហើយ​អគារ​វា​ជា​មូលដ្ឋាន​នៃ​ហេដ្ឋារច្ចនាសម្ព័ន្ធ​រូបវន្ត ដែល​វិនិយោគិន​ហ្នឹង​គេ​ត្រូវ​ការ​បំផុត ហើយ​ផ្ទះ​របស់​គេ កន្លែង​សុវត្ថិភាព​បំផុត​ដែល​គេ​អាច​បំពាក់​ឧបករណ៍​សុវត្ថិភាព ឧបករណ៍​សុខុមាលភាព​ផ្ទាល់​ខ្លួន​របស់​គេ ហើយ​និង​ប្រព័ន្ធ​ទំនាក់​ទំនង​ជាតិ អន្តរជាតិ​របស់​គេ គេ​អាច​បំពាក់​បាន បើ​សិន​ជា​ទ្រព្យ​ផ្ទាល់​ខ្លួន​របស់​គេ គេ​គ្រាន់​តែ​គោរព​តាម​ច្បាប់»

រី​ឯ​លោក យឹម សុវណ្ណ អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី ដែល​ជា​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស បាន​មាន​ប្រសាសន៍​ថា លោក​ក៏​យល់​ស្រប​ថា​ច្បាប់​នោះ​នឹង​មាន​លក្ខណៈ​ល្អ​ប្រសើរ ដើម្បី​ឲ្យ​មាន​ភាព​ចម្រើន​ដល់​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ​គេ​ត្រូវ​តែ​មាន​ការ​អនុវត្ត​ច្បាប់​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ដូច្នេះ ៖ «សេចក្ដី​ព្រាង​ច្បាប់​ហ្នឹង ខ្ញុំ​យល់​ឃើញ​ថា​វា​ជា​ការ​ជំរុញ​ឲ្យ​ទីផ្សារ​អចនលទ្រព្យ​ហ្នឹង វា​អាច​នឹង​កម្រើក​ឡើង​វិញ មាន​សកម្មភាព​ឡើង​វិញ​ខ្លះ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ហ្នឹង គឺ​ត្រូវ​តែ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​ត្រឹម​ត្រូវ ឲ្យ​មាន​ប្រសិទ្ធភាព។ ហើយ​ទី​២​ទៀត យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​អំពី​រឿង​ពួក​ភេរវករ ដែល​យើង​ត្រូវ​តែ​ត្រួត​ពិនិត្យ​មើល​អត្តសញ្ញាណ​ជន​បរទេស ត្រួត​ពិនិត្យ​មើល​ថា​គេ​មក​ក្នុង​គោល​បំណង​ល្អ ឬ​គោល​បំណង​អាក្រក់? មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ មក​វិនិយោគ​ទុន មក​ធ្វើ​ជា​ទេសចរ ឬ​មួយ​ក៏​មក​ស្នាក់​នៅ​ចូល​និវត្តន៍​អី​ហ្នឹង យើង​ត្រូវ​ពិនិត្យ​មើល»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ស៊ឹង ប៊ុណ្ណា ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អចលនវត្ថុ​ជាតិ​កម្ពុជា នាយក​ក្រុមហ៊ុន​អចលនទ្រព្យ និង​ជា​ប្រធាន​ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បាន​ថ្លែង​ថា ថ្វី​ត្បិត​តែ​ការ​បង្កើត​ច្បាប់​នោះ​អាច​នឹង​ជួយ​ដល់​កិច្ចអភិវឌ្ឍ​ប្រទេស ជា​ពិសេស​ការ​ជួយ​ដល់​វិស័យ​សំណង់ ដែល​កំពុង​ជួប​ការ​លំបាក​ក៏​ពិត​មែន ប៉ុន្តែ​មិន​មាន​ន័យ​ថា​វា​អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា អាច​ជម្នះ​បាន​នូវ​ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក ដែល​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន​នេះ​ទាំង​ស្រុង​ឡើយ៕