មតិ​ពលរដ្ឋ​ខ្មែរ​ចំពោះ​ការថ្លែង​របស់​មន្ត្រី​ការបរទេស​អាមេរិក​ទាក់ទង​នឹង​ជម្លោះ​ខ្មែរ​-ថៃ

អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក John Negroponte ក្នុង​ដំណើរ​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​កម្ពុជា បាន​ស្នើ​ប្រទេស​កម្ពុជា និង​ថៃ ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​នៃប្រទេស​ទាំងពីរ​ជា​លក្ខណៈ​ទ្វេភាគី ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន បាន​ជំទាស់​ចំពោះ​ការលើក​ឡើង​នេះ ។

0:00 / 0:00

ប្រជាពលរដ្ឋ​ សិស្សានុសិស្ស និង​បញ្ញវន្ត​ខ្មែរ​ភាគច្រើន បាន​ជំទាស់​ទៅ​នឹង​ការលើក​ឡើង​របស់​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ដែល​ថា​កម្ពុជា និង​ថៃ​គួរ​តែ​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ដោយ​ទ្វេភាគី ។ ពួកគាត់​យល់​ថា ការគាំទ្រ​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ចំពោះ​ការដោះស្រាយ​ជម្លោះ​ទ្វេភាគី​នោះ គឺ​ដោយសារ​តែ​ថៃ​មាន​ប្រយោជន៍​ចំពោះ​សហរដ្ឋអាមេរិក​ច្រើន​ជាង​ប្រទេស​កម្ពុជា ។

គួរ​ជម្រាប​ថា កាល​ពី​ថ្ងៃ​អង្គារ​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ លោក​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក John Negroponte បាន​មាន​ប្រសាសន៍​ប្រាប់​អ្នកកាសែត​ថា ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ គួរ​តែ​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី និង​ដោយ​ទ្វេភាគី ៖ "យើង​គិត​ថា នេះ​គឺ​ជា​ជម្លោះ និង​ការខ្វែង​គំនិត​គ្នា ដែល​គួរតែ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​រវាង​ប្រទេស​កម្ពុជា និង​ថៃ ។ យើង​គិត​ថា​ការដោះស្រាយ​ដូច្នេះ ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ហើយ​ប្រទេស​ទាំងពីរ គួរតែ​ចៀស​វាង​ការប្រើ​កម្លាំង​ទ័ព ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ខូច​ដល់​ការរីក​ចម្រើន​ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់"

សិស្ស​វិទ្យាល័យ​នៅ​ទីក្រុង​ភ្នំពេញ​ម្នាក់​ឈ្មោះ ស សម្បត្តិ បាន​បង្ហាញ​មតិ​យោបល់​ផ្ទាល់​ខ្លួន​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ដាក់​ពាក្យ​បណ្ដឹង​ពី​ការឈ្លានពាន​របស់​សៀម​មក​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​ខ្មែរ ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បន្ទាប់ពី​មើល​ឃើញ​ថា ការចរចា​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំងពីរ​ចំនួន​៣​លើក​កន្លង​មក​នេះ មិន​បាន​ចេញ​ជា​ផ្លែ​ផ្កា​អ្វី​នោះ ។

លោក ស សម្បត្តិ មាន​ប្រសាសន៍​ដូច្នេះ ៖ «រាល់ថ្ងៃ​នេះ​ប្រទេស​ថៃ គេ​ប្រើ​ល្បិច​ច្រើន​មែនទែន ដើម្បី​ពន្យារ​ពេល​ការចរចា ដើម្បី​កេងចំណេញ​នូវ​ទឹក​ដី​របស់​កម្ពុជា ។ ថៃ​នេះ​ជា​យូរ​ណាស់​មក​ហើយ មាន​គោល​បំណង​អាក្រក់​មក​លើ​កម្ពុជា​រហូត ឲ្យ​តែ​មាន​បញ្ហា​អី​ដោះស្រាយ​មិន​ចេញ គឺ​តែងតែ​មាន​បញ្ហា​អី​នៅ​ស្រុក​វា ដើម្បី​ផ្អាក ឬ​ក៏​ពន្យារពេល​នូវ​ការចរចា»

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​បាត់ដំបង លោក មាស សម្បត្តិ បាន​ឲ្យ​ដឹង​ថា ការចរចា​ទ្វេ​ភាគី​ជា​ជម្រើស​ដ៏ល្អ ដោយសារ​កម្ពុជា​និង​ថៃ ជា​ប្រទេស​ជិត​ខាង​នឹង​គ្នា ។ ទោះជាយ៉ាងណា លោក​ចង់​ឲ្យ​កម្ពុជា​ស្វែង​រក​អន្តរាគមន៍​ពី​អន្តរជាតិ បន្ទាប់ពី​មើល​ឃើញ​ថា ប្រទេស​ថៃ​ព្យាយាម​អូសបន្លាយ​ពេល​វេលា​នៃ​ការចរចា​នោះ ៖ «បើសិនជា​ចរចា​ម្ដង​ទៀត​មិន​បាន ទាល់​តែ​ប្ដឹង​ក្រុម​អង្គការ​សហប្រជាជាតិ ឬ​តុលាការ​ជាន់ខ្ពស់​អន្តរជាតិ​ហ្នឹង​ឯង ទើប​អាច​ដោះស្រាយ​បាន»

ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង​អរិយធម៌ខ្មែរ លោក មឿង សុន បាន​ទាត់​ចោល​ការលើក​ឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក ដែល​ចង់​ឲ្យ​មាន​ការចរចា​ទ្វេ​ភាគី​នោះ ។ លោក មឿង សុន បាន​មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក​មិន​មាន​ចេតនា​ជួយ​ដោះស្រាយ​បញ្ហា​ព្រំដែន​ឲ្យ​ប្រទេស​កម្ពុជា​ឡើយ ដោយសារ​សហរដ្ឋអាមេរិក​មើល​ឃើញ​ផលប្រយោជន៍​ពី​ប្រទេស​ថៃ ច្រើន​ជាង​ពី​ប្រទេស​កម្ពុជា ។

លោក មឿង សុន បាន​បន្ត​ទៀត​ថា មាន​តែ​ប្រទេស​បារាំង​តែប៉ុណ្ណោះ ដែល​អាច​មាន​សមាន​ចិត្ត​ចង់​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​ថៃ និង​កម្ពុជា​បច្ចុប្បន្ន​នេះ ៖ «ផលប្រយោជន៍​របស់​កម្ពុជា ហើយ​និង​ប្រទេស​ថៃ តើ​ប្រទេស​ណា​ដែល​ឲ្យ​ប្រយោជន៍​ឲ្យ​សហរដ្ឋ​អាមេរិក​ច្រើន​ជាង​គេ​នោះ ? គឺ​ខ្ញុំ​យល់​ថា គឺ​ប្រទេស​ថៃ​ទេ ដែល​អ្នក​ឲ្យ​ផលប្រយោជន៍​ដល់​សហរដ្ឋ​អាមេរិក ហើយ​ក៏ជា​ប្រទេស​មួយ​ដែល​ធ្លាប់ ក្នុង​ប្រវត្តិសាស្រ្ដ គឺ​គេ​ជួយ​គាំទ្រ​នយោបាយ​សហរដ្ឋ​អាមេរិក​តាំងពី​មុន​យើង​មាន​សង្រ្គាម ៣​ទសវត្សរ៍​នេះ​មក​ទៀត​ផង»

សាស្ត្រាចារ្យ​ខាង​ផ្នែក​ប្រវត្តិសាស្ត្រ និង​ជា​អនុ​ប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា លោក រស ចន្ត្រាបុត្រ បាន​មាន​ប្រសាសន៍​ថា អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក អាច​មិន​ទាន់​យល់​ច្បាស់​ពី​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ហើយ​ថា ការគាំទ្រ​របស់​មន្ត្រី​សហរដ្ឋអាមេរិក ចំពោះ​ការ​ចរចា​ទ្វេ​ភាគី ក៏ព្រោះតែ​សហរដ្ឋអមេរិក​មើល​ឃើញ​ថា ប្រទេស​ថៃ​មាន​ផលប្រយោជន៍​ចំពោះ សហរដ្ឋអាមេរិក​ច្រើន​ជាង​ប្រទេស​កម្ពុជា ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ជា​ជម្រើស​ចុង​ក្រោយ ក្នុង​ករណី​ដោះស្រាយ​ទ្វេ​ភាគី​ត្រូវ​ទទួល​បរាជ័យ តែ​ទោះជាយ៉ាងណា​លោក​មិន​មាន​សង្ឃឹម​ថា ការ​ចរចា​ទ្វេ​ភាគី​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​នោះ នឹង​ទទួល​បាន​ជោគជ័យ​ឡើយ ។

លោក​សាស្រ្ដាចារ្យ រស ចន្រ្តាបុត្រ មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​ឃើញ​ថា អ្វី​ដែល​ជា​ចំណុច​មួយ​នោះ​ឃើញ​ថា កម្ពុជា​ហ្នឹង ចំពោះ​ភ្នែក​របស់​សហរដ្ឋអាមេរិក គឺ​ដូចជា​មាន​លក្ខណៈ​មួយ​ដែល​ទាប​ជាង​ប្រទេស​ថៃ ពីព្រោះ​សហរដ្ឋអាមេរិក​គេ​មើល​ឃើញ​ថា ប្រទេស​ថៃ បែប​មាន​ផលប្រយោជន៍​ច្រើន​ជាង​កម្ពុជា ដល់​អ៊ីចឹង​ទៅ​លក្ខណៈ​ដែល​គេ​និយាយ​នេះ គឺ​ថា គ្រាន់តែ​និយាយ​ដើម្បី​និយាយ មិន​មែន​និយាយ​ដើម្បី​នឹង​ជួយ​រក ហៅ​ថា អ្វី​ដែល​ជា​សមភាព រវាង​ទំនាក់​ទំនង​កម្ពុជា និង​សហរដ្ឋអាមេរិក​នោះ​ទេ»

គួរ​ជម្រាប​ថា ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ បាន​បន្ត​អូស​បន្លាយ​អស់​រយៈពេល​ជាង​ពីរ​ខែ​មក​ហើយ ហើយ​នៅ​ពុំទាន់​មាន​ដំណោះស្រាយ​ណាមួយ​បាន​ធ្វើ​ឡើង​នៅ​ឡើយ​ទេ ខណៈដែល​ទាហាន​នៃ​ប្រទេស​ទាំងពីរ​បន្ត​ប្រឈម​មុខ​ដាក់​គ្នា​នោះ ។ ទាហាន​សៀម បាន​ចូល​មក​កាន់កាប់​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​កក្កដា គឺ​នៅ​បន្ទាប់​ពី​អង្គការ​យូណេស្កូ បាន​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​រួច​មក ។ ប្រទេស​ថៃ​បាន​ជំទាស់​ការដាក់​បញ្ចូល​នេះ ដោយ​លើក​ឡើង​ថា តំបន់​ប្រាសាទ​ព្រះវិហារ គឺ​ជា​តំបន់​ជម្លោះ​មិន​ទាន់​ដោះស្រាយ​រួច ។

បន្ទាប់ពី​បាន​ចូល​កាន់កាប់​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ​រួច​ហើយ ទាហាន​ថៃ​ក៏​បាន​ចូល​មក​កាន់កាប់​ជា​បន្តបន្ទាប់​នូវ​ប្រសាទ​តាមាន់ និង​ប្រាសាទ​តាក្របី ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ជាប់​នឹង​ព្រំដែន​ខ្មែរ-ថៃ ។

ក្រោយ​ពី​ការចូល​កាន់កាប់​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ​បាន​ជិត​មួយ​សប្ដាហ៍ រដ្ឋាភិបាល​កម្ពុជា បាន​​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​សុំ​កិច្ចអន្តរាគមន៍​ចំពោះ​ការ​ឈ្លានពានរបស់សៀមមកលើទឹកដីខ្មែរ ។ ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា​បាន​ពន្យាពេល​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ហើយ​ចាប់​ផ្ដើម​ចរចា​ទ្វេ​ភាគី​វិញ ។

រហូត​មក​ទល់​នឹង​ពេល​នេះ ការចរចា​ទ្វេ​ភាគី​បាន​ប្រព្រឹត្ត​ទៅ​ចំនួន​បី​លើក​រួច​មក​ហើយ តែ​ត្រូវ​គេ​មើល​ឃើញ​ថា មិន​បាន​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នោះ​ឡើយ ។
នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី ១៧ កញ្ញា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ថ្មី រៀបចំ​គណៈប្រតិភូ​មក​ចរចា​ជាមួយ​កម្ពុជា​ជាថ្មី​ម្ដង​ទៀត ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ​ថា រដ្ឋាភិបាល​ខ្មែរ​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បើសិនជា​មាន​ការផ្ទុះ​អាវុធ​ណាមួយ​កើត​ឡើត​នោះ ។

អនុ​ប្រធាន​រាជបណ្ឌិត​សភា លោក រស ចន្ត្រាបុត្រ បាន​ឲ្យ​ដឹង​ថា ការឈ្លានពាន​របស់​សៀម​មក​លើ​ទឹក​ដី​ខ្មែរ​ធ្វើ​ឲ្យ​ខ្មែរ​ខាត​បង់​ជាច្រើន ទាក់ទង​នឹង​ទឹក​ដី និង​ខាតបង់​ពេល​វេលា​អភិវឌ្ឍ​ប្រទេស​ទៀត​ផង ៖ «ដូច្នេះ​កាលណា​គេ​មក​ឈ្លានពាន​ចូល​មក​ទឹក​ដី​កម្ពុជា​យើង​ហ្នឹង យើង​ឃើញ​ថា ទោះបីជា​គេ​ដក​ថយ​ក៏ដោយ បើ​គេ​នៅ​តែ​មួយ​ម៉ែត្រ ក៏​គេ​ចំណេញ​យើង​មួយ​ម៉ែត្រ បើ​នៅ​មួយ​ចំអាម ក៏​នៅ​តែ​ចំណេញ​មួយ​ចំអាម អ៊ីចឹង​ជា​បញ្ហា​មួយ​ដែល​យើង​ខាត​បង់ ។ ហើយ​ខាតបង់​ទាំងអស់​សព្វថ្ងៃ​នេះ ដែល​យើង​ខាត​ទាំង​ពី​ការដែល​យើង​រៀបចំ​កងទ័ព ទាំងពី​យើង​រៀបចំ​ការអភិវឌ្ឍ​ទឹក​ដី​នគរ​កម្ពុជា​យើង ក៏​យើង​មាន​ការ​ខាត​បង់​ដែរ គឺ​យើង​រវល់​តែ​នឹង​ទប់ទល់​ជាមួយ​នឹង​ការឈ្លានពាន​របស់​ថៃ ហើយ​ដែល​រឿង​ថៃ​នេះ គឺ​ថា គាត់​យក​កម្ពុជា​យើង យក​ទៅ​តភ្ជាប់​រឿង​នយោបាយ​ក្នុង​ប្រទេស​របស់​គាត់ ។ អ៊ីចឹង​យើង​ឃើញ​ថា កម្ពុជា​នេះ សព្វថ្ងៃ​នេះ យើង​ទៅ​ជា​ចំណាប់​ខ្មាំង​របស់​ថៃ»

លោក រស ចន្ត្រាបុត្រ បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ នៅ​តែ​មាន​មហិច្ឆិតា​ចង់​បាន​ទឹក​ដី​ខ្មែរ​រហូត ៕