ទស្សនៈ​ជុំវិញ​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ជនជាតិ​ថៃ​៧​រូប

បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ បាន​ចោទ​ប្រកាន់​ជនជាតិ​ថៃ ៧​នាក់​ដែល​លួច​ឆ្លង​ដែន​ចូល​មក​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់​រួច​មក ឥស្សរជន​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល បាន​បញ្ចេញ​​ទស្សនៈ​យល់​ឃើញ​ជុំវិញ​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ជាតិ​ថៃ ទាំង​នោះ និង​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​មាន​វិធាន​​ដូចគ្នា​នេះ ជាមួយ​ជន​ជាតិ​វៀតណាម និង​លាវ ផង​ដែរ។
ដោយ ដែន អយុធ្យា
2010-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ព្រះរាជអាជ្ញា​រង​តុលាការ​ក្រុង​ភ្នំពេញ លោក សុខ រឿន បាន​ថ្លែង​ថា ជនជាតិ​ថៃ ចំនួន ៧​រូប ដែល​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា កាល​​​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ត្រូវ​តុលាការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​​តាម​មាត្រា​២៩ នៃ​ច្បាប់​អន្តោប្រវេសន៍​​កម្ពុជា និង​​​តាម​មាត្រា​៤៧៣ នៃ​ច្បាប់​ក្រមព្រហ្មទណ្ឌ ពី​បទ​ចូល​ដោយ​ទុច្ចរិត​ក្នុង​ទីលាន​យោធា។

មាត្រា​២៩ នៃ​ច្បាប់​អន្តោប្រវេសន៍​បាន​ចែង​ថា ជន​បរទេស​រូប​ណា​ដែល​គ្មាន​ការ​អនុញ្ញាត ហើយ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ដោយ​លបលាក់ បន្លំ ឬ​ដោយ​ល្បិច​ផ្សេងៗ ដែល​ផ្ទុយ​នឹង​បញ្ញត្តិ​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​គុក​ពី ៣​ខែ ទៅ​ដល់ ៦​ខែ មុន​នឹង​ត្រូវ​បណ្ដេញ​ចេញ។

មាត្រា​ទី​៤៧៣ នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែង​ថា អំពើ​ចូល​ដោយ​ទុច្ចរិត​នៅ​ក្នុង​ទីលាន​សំណង់ ឬ​ឧបករណ៍​ដែល​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​យោធា ឬ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​អាជ្ញាធរ​យោធា​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធ​រមាន​សមត្ថកិច្ច ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ២​លាន​រៀល។

ការ​ចាត់​វិធានការ​តាម​ច្បាប់​ទៅ​លើ​ជនជាតិ​ថៃ​ទាំង​៧​រូប មន្ត្រី​គណបក្ស​​​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា ក៏​ចង់​ឲ្យ​​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ដូច​គ្នា​នេះ​ជាមួយ​ជន​ជាតិ​ដទៃ​ទៀត មាន​ដូច​ជា​ជនជាតិ​វៀតណាម និង​លាវ ជា​ដើម ដែល​លួច​ចូល​មក​​​ក្នុង​ទឹក​ដី​កម្ពុជា ដោយ​ខុស​ច្បាប់។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១០ របស់​សមាគម​អាដហុក បាន​ឲ្យ​ដឹង​ថា មាន​ជន​ជាតិ​ខ្មែរ​ដែល​ឆ្លង​ដែន​ចូល​ក្នុង​ទឹក​ដី​ថៃ ត្រូវ​បាន​អាជ្ញាធរ​ថៃ​បាញ់​សម្លាប់ បាន​កើត​មាន​ចំនួន ១៤​ករណី និង​បាន​ស្លាប់​មនុស្ស​ចំនួន ១៥​នាក់ និង​នៅ​ប្រទេស​លាវ ក៏​កើត​មាន​ករណី​បាញ់​សម្លាប់​ពលរដ្ឋ​ជា​ច្រើន​ករណី​ផង​ដែរ។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ក្រៅ​ពី​បាន​គាំទ្រ​ចំពោះ​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ជាតិ​ថៃ ​​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ខុស​ច្បាប់ លោក​ក៏​ស្នើ​ដល់​រដ្ឋាភិបាល​ថៃ ឲ្យ​ផ្លាស់ប្ដូរ​ទម្លាប់​​ប្រើ​អំពើ​ហិង្សា​បាញ់​សម្លាប់​អ្នក​ដែល​ឆ្លង​ដែន​ចូល​ក្នុង​ទឹក​ដី​ថៃ ហើយ​ត្រូវ​តែ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ដូច​កម្ពុជា​ដែរ។ ព្រោះ​ថា ទង្វើ​របស់​រដ្ឋាភិបាល​ថៃ ដែល​បាន​ធ្វើ​មក​លើ​ពលរដ្ឋ​​កម្ពុជា នៅ​តាម​ព្រំដែន​កន្លង​មក ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

បន្ថែម​លើ​នេះ លោក កឹម សុខា ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ជាតិ​ផ្សេង​ទៀត ដែល​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ដោយ​ខុស​ច្បាប់​ជាមួយ​ប្រទេស​ជិត​ខាង​កម្ពុជា ដទៃ​ទៀត មាន​ដូច​ជា​ប្រទេស​លាវ ជាដើម។

លោក កឹម សុខា មាន​ប្រសាសន៍​បន្ថែម ៖ «អំពើ​សាហាវ​ព្រៃផ្សៃ​ខ្ញុំ​អត់​គាំទ្រ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​យើង​ដែល​ឃាត់​ខ្លួន​ថៃ ចូល​ដី​ខ្មែរ គឺ​ខ្ញុំ​គាំទ្រ ហើយ​នេះ​បង្ហាញ​ពី​ស្មារតី​ការពារ​អធិបតីភាព​បូរណភាព​ទឹក​ដី​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​សំណូមពរ​ឲ្យ​ទៅ​រដ្ឋាភិបាល​ចាត់​វិធានការ​ខាង​លិច​យ៉ាង​ម៉េច ឲ្យ​ចាត់​វិធានការ​ខាង​កើត​អ៊ីចឹង​ផង​ដែរ»

ស្រដៀង​គ្នា​នេះ​ដែរ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ក្រៅ​ពី​បាន​គាំទ្រ​រដ្ឋាភិបាល​ដែល​បាន​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ជនជាតិ​ថៃ ឆ្លង​ដែន​ខុស​ច្បាប់ លោក​ក៏​បាន​សំណូមពរ​ទៅ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​​​ជន​ជាតិ​ដទៃ​ទៀត​ដោយ​មិន​រើស​មុខ ដែល​បាន​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ដោយ​ខុស​ច្បាប់ ដូច​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​​ជាមួយ​ជន​ជាតិ​ថៃ ពេល​នេះ​ដែរ។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ទៀត​ថា ៖ «មិន​ចំពោះ​តែ​ប្រទេស​ណា​មួយ​នោះ​ទេ ទោះ​បី​ប្រទេស​ខាង​កើត​ក្តី ឲ្យ​តែ​ចូល​មក​ខុស​ច្បាប់​ត្រូវ​តែ​នាំ​ខ្លួន ត្រូវ​តែ​ឃាត់​ខ្លួន ហើយ​ចំណុច​ដែល​ល្អ យើង​ចង់​ឲ្យ​រដ្ឋាភិបាល​សៀម​ហ្នឹង ត្រូវ​តែ​យក​គំរូ​តាម ប្រាប់​កង​កម្លាំង​របស់​ខ្លួន​ថា បើ​ប្រជាពលរដ្ឋ​កម្ពុជា ចូល​ទៅ​ខុស​ច្បាប់ ជៀសវាង​ប្រើ​អំពើ​ហិង្សា​ប៉ះ​ពាល់​ដល់​ជីវិត​មនុស្ស​ជាតិ»

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចាត់​ទុក​ការ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ជាតិ​ថៃ ឆ្លង​ដែន​ខុស​ច្បាប់​ទាំង ៧​រូប​ថា ជា​ដំណោះស្រាយ​ដ៏​ល្អ និង​ប្រសើរ​ជាង​ទង្វើ​របស់​​​រដ្ឋាភិបាល​ថៃ បាន​ធ្វើ​មក​លើ​ប្រជាជន​​កម្ពុជា ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​ថៃ ដោយ​បាញ់​សម្លាប់​កន្លង​មក។

យ៉ាង​ណា​ក៏ដោយ លោក អ៊ូ វីរៈ បាន​ស្នើ​ទៅ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​យ៉ាង​រក្សា​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-​ថៃ កុំ​ឲ្យ​ល្អក់​កករ​ជាមួយ​គ្នា ៖ «ខ្ញុំ​សង្ឃឹម​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គួរ​តែ​ដោះស្រាយ​បញ្ហា​ដោយ​ឲ្យ​មាន​ការ​លើក​លែង​​ទោស​ដល់​ជន​ជាតិ​ថៃ​ទាំង ៧​នាក់ ទោះ​បី​មាន​ការ​កាត់​ទោស​យ៉ាង​ម៉េច​ក៏ដោយ ក៏​គួរ​ឲ្យ​មាន​ការ​លើកលែង​ទោស ហើយ​បញ្ជូន​ជន​ជាតិ​ថៃ​ទាំង ៧​នាក់​ទៅ​ប្រទេស​ថៃ​វិញ»

ទោះ​ជា​បែប​នេះ​ក្ដី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​ជន​ជាតិ​ថៃ ចំនួន ៧​រូប ដែល​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ខុស​ច្បាប់ បញ្ជូន​ទៅ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់ គឺ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​ទំនាក់ទង​ប្រទេស​ទាំង​ពីរ​នោះ​ទេ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​គិត​ថា ការ​ចាប់​ខ្លួន​អ្នក​ទាំង ៧​នាក់​នេះ គឺ​មិន​រីក​រាលដាល​ក្លាយ​ជម្លោះ​ការទូត​សា​ជា​ថ្មី​រវាង​កម្ពុជា និង​ថៃ​ទេ»

ទាក់ទង​បញ្ហា​នេះ​ដែរ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ មាន​បន្ទូល​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ការ​ហូរ​ចូល​នៃ​ជាតិ​សាសន៍​ដទៃ​ចូល​មក​កម្ពុជា គឺ​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​មាន​វិធានការ​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។

សម្ដេច​ក្រុមព្រះ​មាន​បន្ទូល​បន្ថែម ៖ «ហេតុ​អ្វី​បាន​ជា​ខ្មែរ​យើង​ចូល​ទៅ​នៅ​ប្រទេស​វៀតណាម អត់​បាន? ចូល​ទៅ​គេ​ចាប់​ដាក់​ឡាន​បញ្ជូន​មក​វិញ។ ហេតុ​អ្វី​បាន​ជា​ខ្មែរ​យើង​ទៅ​ធ្វើការ​នៅ​ស្រុក​ថៃ ធ្វើ​ខុស​បន្តិច គេ​ធ្វើ​ទារុណកម្ម គេ​ដឹក​ឡាយ​យក​មក​វិញ? ហេតុ​អ្វី​បាន​ជា​ជន​អន្តោប្រវេសន៍​មួយ​ចំនួន​ចូល​មក​រស់​នៅ​ស្រុក​ខ្មែរ​យើង​ស្រេច​តែ​នឹង​ចិត្ត មាន​ទាំង​សិទ្ធិ​បោះ​ឆ្នោត​ទៀត? តិច​ថា ខ្ញុំ​ប្រឆាំង ខ្ញុំ​អត់​ប្រឆាំង​ទេ ជំនាន់​ឪពុក​ខ្ញុំ​ដឹក​នាំ​ក៏​មាន​ចូល​មក​ដែរ​ជន​ជាតិ​វៀតណាម គេ​ចូល​មក ប៉ុន្តែ​គេ​មាន​កាត​ត្រឹមត្រូវ គោរព​នូវ​ច្បាប់​ខ្មែរ​យើង។ ខ្ញុំ​មិន​យល់​ថា ហេតុអ្វី?»

មន្ត្រី​តុលាការ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជនជាតិ​ថៃ ដែល​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ដោយ​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ នា​ខេត្ត​បន្ទាយមានជ័យ ទាំង ៧​នាក់ មាន​ស្រី្ត​ចំនួន ២​រូប និង​បុរស​ចំនួន ៥​រូប ក្នុង​នោះ​មាន​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ថៃ ចំនួន ១​រូប និង​អ្នក​កាសែត​ចំនួន ២​រូប​ផង៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល