បញ្ហានេះ មន្ត្រីការពារសិទ្ធិមនុស្សបានចាត់ទុកជាសញ្ញាអវិជ្ជមានសម្រាប់គណបក្សប្រឆាំងនៅមុនការបោះឆ្នោតជាតិអាណត្តិទី៥ ចូលមកដល់នាឆ្នាំ២០១៣។
មន្ត្រីគណបក្សប្រឆាំង ឬបក្សនៅក្រៅរដ្ឋាភិបាល មានគណបក្ស សម រង្ស៊ី និងបក្ស សិទ្ធិមនុស្ស បានស្នើឲ្យអាជ្ញាធរមូលដ្ឋានជួយយកចិត្តទុកដាក់ការពារស្លាកសញ្ញារបស់គណបក្សខ្លួនដែលដាក់តាំងតាមចិញ្ចើមផ្លូវជាតិ ឬផ្លូវលំតាមខេត្តក្រុងនានា កុំឲ្យជនល្មើសលួច និងបំផ្លាញ។
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យ និងជាសមាជិកសភាគណបក្ស សម រង្ស៊ី មានប្រសាសន៍នៅថ្ងៃទី៦ ខែធ្នូ ថា សកម្មភាពលួច និងវាយបំផ្លាញស្លាកសញ្ញាគណបក្សប្រឆាំងនៅតំបន់ឆ្ងាយពីទីប្រជុំជន ពីជនខិលខូចមានរូបភាពកាន់តែអាក្រក់។
ទោះយ៉ាងណា មន្ត្រីបក្សប្រឆាំងរូបនេះ មិនបានបញ្ជាក់ថាការបំផ្លាញស្លាកសញ្ញាបក្សកើតឡើងប៉ុន្មានករណីទេ ដោយបញ្ជាក់ថា មានស្លាកសញ្ញានៅខេត្តកណ្ដាល កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង និងខេត្តកំពង់ចាម ជាដើម ត្រូវជនល្មើសលួច និងវាយកម្ទេច។ លោកថា ករណីនេះសមត្ថកិច្ចមិនដែលចាប់បានជនសង្ស័យណាម្នាក់បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមបណ្ដឹងបក្សប្រឆាំងទេ។ សមាជិកសភាបក្សប្រឆាំងរូបនេះ បានស្នើឲ្យសមត្ថកិច្ចមូលដ្ឋាន ត្រូវបំពេញការងារឲ្យបានស្មើភាព ដូចអនុវត្តជាមួយគណបក្សកំពុងកាន់អំណាចដែរ។
ចំណែកមន្ត្រីគណបក្ស សិទ្ធិមនុស្ស ក៏បានលើកឡើងពីសកម្មភាពបំផ្លាញ និងលួចស្លាកសញ្ញារបស់បក្សខ្លួននៅតាមមូលដ្ឋាននេះដែរ។
លោក ព្រាប ឆើត ជំទប់ទី២ ឃុំអំពិល មកពីគណបក្ស សិទ្ធិមនុស្ស បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែធ្នូ ស្លាកសញ្ញាបក្សខ្លួននៅឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវជនមិនស្គាល់មុខលួច និងវាយកម្ទេច។ បញ្ហានេះ លោកស្នើឲ្យសមត្ថកិច្ចគ្រប់ស្ថាប័ន ជួយបង្កើនសកម្មភាពរបស់ខ្លួន ដើម្បីធានាឲ្យគណបក្សនិមួយៗចុះធ្វើការងារនយោបាយតាមមូលដ្ឋានបានស្មើភាពគ្នា។
នាយប៉ុស្តិ៍រដ្ឋបាលឃុំអំពិល លោក ញ៉ា ថែន មានប្រសាសន៍ថា សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាបំផ្លាញស្លាកសញ្ញារបស់គណបក្ស សិទ្ធិមនុស្ស នេះហើយ។ ប៉ុន្តែលោកថា មិនទាន់មានសាក្សីណាម្នាក់បានឃើញហេតុការណ៍បំផ្លាញស្លាកសញ្ញានេះទេ។
មន្ត្រីសិទ្ធិមនុស្សប្រទេសកម្ពុជា បានឲ្យដឹងថា មុនការបោះឆ្នោតចូលមកដល់ម្តងៗ តែងឃើញរូបភាពគំរាមសកម្មជន ឬសកម្មភាពបំផ្លាញស្លាកសញ្ញាគណបក្សប្រឆាំងពីជនមិនស្គាល់មុខមួយចំនួន។ លោកចាត់ទុកសកម្មភាពនេះថា ជាការបំភិតបំភ័យអ្នកគាំទ្របក្សប្រឆាំង។
លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និចហ្វិច = NEFEC) មានប្រសាសន៍ថា សង្គមមិនទាន់មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ រូបភាពបំភិតបំភ័យសកម្មជន ឬស្លាកសញ្ញាបក្សប្រឆាំងតែងកើតមាន ទោះតិច ឬច្រើនក្តី។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកស្នើឲ្យសមត្ថកិច្ចគ្រប់ជំនាញ ត្រូវបំពេញតួនាទីឲ្យអព្យាក្រឹតរវាងគណបក្សប្រឆាំង និងបក្សកាន់អំណាច។
មន្ត្រីបក្សប្រឆាំង បានអះអាងថា មកដល់ចុងឆ្នាំ២០១២ នេះ ស្លាកសញ្ញាបក្សខ្លួនដែលលើកតាមផ្លូវ ឬទីសាធារណៈតាមខេត្តក្រុងនានា ត្រូវជនមិនស្គាល់មុខលួច និងបំផ្លាញមិនតិចជាង ២០ករណីនោះទេ។ ប៉ុន្តែ សមត្ថកិច្ចមិនដែលចាប់បានជនសង្ស័យណាម្នាក់បញ្ជូនទៅកាន់តុលាការឡើយ។ កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។