អ្នក​គ្រប់គ្រង​ក្លឹប Orange ទទួល​ស្គាល់​ថា​ពិត​ជា​មាន​ការរាំ​ស្រាត​មែន

អ្នក​គ្រប់គ្រង​ក្លឹប​កម្សាន្ត​រាត្រី​ឈ្មោះ Orange ក្នុង​ក្រុង​ភ្នំពេញ បាន​ទទួល​ស្គាល់​ថា​មាន​សកម្មភាព​រាំ​សិច​ឬ​រាំ​ស្រាត​នៅ​ទី​កន្លែង​របស់​លោក​មែន។

អ្នក​គ្រប់គ្រង​នៃ​ក្លឹប​កម្សាន្ត​មួយ​ឈ្មោះ Orange នៅ​ក្បែរ​ព្រះបរមរាជវាំង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​រង​ការចោទ​ប្រកាន់​ថា ជា​ទី​កន្លែង​មាន​រាំ​សិច​ឬ​រាំ​ស្រាត​របស់​ក្រុម​យុវជន​វ័យ​ក្មេង​បាន​ប្រតិកម្ម​បំភ្លឺ​ថា ពិត​ជា​មាន​សកម្មភាព​កើត​មាន​ដូច្នោះ​មែន កាលពី​យប់​ថៃ្ង​ពុធ​កន្លង​ទៅ​ថ្មីៗ​នេះ ប៉ុន្តែ​លោក​បាន​សន្យា​ថា​នឹង​ទប់ស្កាត់​មិន​ឲ្យ​មាន​ការរាំ​សិច​ឬ​រាំ​ស្រាត​កើត​មាន​នៅ​ទី​កន្លែង​របស់​លោក​ទៀត​ទ្បើយ។

លោក ម៉ែន ផានី ជា​អ្នក​គ្រប់គ្រង​ក្លឹប​កម្សាន្ត​ឈ្មោះ Orangeនោះ បាន​មាន​ប្រសាសន៍​បំភ្លឺ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «បុគ្គលិក​បាន​ប្រាប់​ខ្ញុំ​ថា រឿង​ហេតុការណ៍​ហ្នឹង​បាន​កើត​ពិត​មែន។ ដល់​ពេល​ខ្ញុំ​សួរ​បន្ត​ទៅ​ទៀត​ទៅ គឺ​ក្មេង​ម្នាក់​ដែល​រាំ​ដូច​ដែល​ប្អូន​នោះ​បាន​ឃើញ​ហ្នឹង​គឺ​មិន​មែន​ជា​បុគ្គលិក​របស់​ខាង​ខ្ញុំ​បាទ​ហ្នឹង​ទេ»

សុខ សេរី ៖ តើ​លោក​គួរ​អនុញ្ញាត​ឲ្យ​មាន​បញ្ហា​កើត​ឡើង​ទៀត​ឬ​ក៏​លោក​មាន​ការរារាំង?

ម៉ែន ផានី ៖ អូ អត់​ទេ។ ដូច​ជ្រាប​ស្រាប់​ហើយ​ខាង​ខ្ញុំ​នេះ​សុំ​រកស៊ី​ឲ្យ​បាន​តាម​សម្រួល ទៅ​ប្រក​បរបរ​អី​អ៊ីចឹង​លោក។

ប្រតិកម្ម​បំភ្លឺ​របស់​តំណាង​ក្លឹប​កម្សាន្ត​រាត្រី​ខាង​លើ​នេះ​បាន​ធ្វើ​ទ្បើង​ក្រោយ​ពី​មាន​សាក្សី​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ពិធី​សប្បាយ​នៅ​ក្នុង​ក្លឹប​នោះ​បាន​ទម្លាយ​រឿង​អាស្រូវ​ប្រាប់​វិទ្យុ​អាស៊ីសេរី​កាលពី​ថៃ្ង​ព្រហស្បតិ៍​កន្លង​ទៅ​ថ្មីៗ​នេះ​ថា មាន​យុវជន​វ័យ​កេ្មងៗ​ស្រី​ប្រុស​មួយចំនួន​បាន​ចូលរួម​សប្បាយ​នៅ​ទី​នោះ ហើយ​បាន​រាំ​សិច​ឬ​រាំ​ស្រាត​នៅ​ពេល​យប់​រំលង​អាធ្រាត្រ​វេលា​ម៉ោង​១​យប់​ដើម្បី​ទទួល​ស្វាគមន៍​បុណ្យ​ណូអែល​កំពុង​តែ​ឈាន​មក​ដល់​នោះ។

ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​បាន​បញ្ជា​ឲ្យ​មាន​ការដាក់​ពង្រាយ​កម្លាំង​នគរបាល​បង្កប់​នៅ​តាម​ក្លឹប​កម្សាន្ត​រាត្រី​ឬ​រង្គសាល​នានា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​តាមដាន​និង​ទប់ស្កាត់​នូវ​អំពើ​អនាចារ​និង​អំពើ​សញ្ចារកម្ម​ការជួញដូរ​ផ្លូវភេទ​នៅ​ទី​នោះ ហើយ​លោក​បាន​ព្រមាន​ថា​នឹង​បិទ ហើយ​ចាប់​ខ្លួន​ម្ចាស់​ក្លឹប​កម្សាន្ត​រាត្រី​នោះ​បញ្ជូន​ទៅ​តុលាកា​រនៅ​ពេល​ណា​ក្រុម​នគរបាល​រក​ឃើញ​ភស្តុតាង​ពិត​មែន។

គ្មាន​ប្រភព​ជា​ផ្លូវការ​ណា​មួយ​បញ្ជាក់​ថា តើ​មាន​ក្លឹប​កម្សាន្ត​រាត្រី​ចំនួន​សរុប​ប៉ុន្មាន​ទេ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​ប្រភព​ពី​តំណាង​រាស្រ្ត​ខាង​គណបក្ស​សមរង្ស៊ី គឺ​លោក សុន ឆ័យ នៅ​មណ្ឌល​ភ្នំពេញ បាន​ប៉ាន់​ស្មាន​ថា មាន​ចំនួន​មិន​តិច​ជាង​១០​កន្លែង​ទេ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​ដែល​មាន​ការពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿង​ញៀន​និង​អំពើ​អនាចារ។

សូម​រំឭក​ថា កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​នៅ​ក្នុង​ឆ្នាំ​២០០៨​នេះ សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បាន​ធ្វើការ​បង្រ្កាប​និង​បិទ​ក្លឹប​កម្សាន្ត​មួយ​ឈ្មោះ Mikado នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក្រោយ​ពី​បាន​រក​ឃើញ​ថា​ជា​ទី​កន្លែង​រាំ​សិច​ឬ​រាំ​ស្រាត​របស់​ក្រុម​នារី​កេ្មងៗ​នៅ​ទីនោះ ហើយ​មេការ​មួយចំនួន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ប្រគល់​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​ដើម្បី​ចោទ​ប្រកាន់​អំពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​អនាចារ​និង​អំពើ​សញ្ចារកម្ម​ជួញដូរ​ផ្លូវភេទ​នៅ​ទី​នោះ៕