មនុស្ស​ជាង​២០០​នាក់​ឆ្លង​ជំងឺ​រាករូស ២​នាក់​ស្លាប់ នៅ​ខេត្ត​កំពង់ចាម

ប្រជាជន​កើត​ជំងឺ​រាករូស​នៅ​ស្រុក​ចម្ការ​លើ ខេត្ត​កំពង់ចាម មក​ទល់​និង​ថ្ងៃ​នេះ បាន​កើន​ឡើង​ដល់​ទៅ​ជាង ២០០​នាក់​ហើយ ដែល​ក្នុង​នោះ ១៥​នាក់​កំពុង​ស្ថិត​ក្នុង​ភាព​ធ្ងន់ធ្ងរ។
ដោយ ឱភារិទ្ធ
2010-05-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ឆ្លង​ជំងឺ​រាករូស​ត្រូវ​បាន​បញ្ជូន​ទៅ​ពេទ្យ​បង្អែក​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ២០១០។
អ្នក​ឆ្លង​ជំងឺ​រាករូស​ត្រូវ​បាន​បញ្ជូន​ទៅ​ពេទ្យ​បង្អែក​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ២០១០។
RFA/Or Phearith

ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ចម្ការ​លើ ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា​ថា ជំងឺ​រាក​ក្អួត​បាន​ឆ្លង​រាល​ដាល​បន្ត​តាម​ភូមិ ដែល​នៅ​ជិត​ខាង ដល់​ទៅ ៦​ភូមិ​ហើយ បើ​គិត​ត្រឹម​ថ្ងៃ​នេះ។

លោក យិន វិបុល អនុប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ចម្ការ​លើ បាន​បញ្ជាក់​ថា ក្នុង​ភូមិ​ទាំង​៦ នោះ គឺ​នៅ​ឃុំ​មេសរជ្រៃ ឃុំ​ដងក្ដារ និង​ឃុំជ័យោ ដែល​មាន​ជន​រង​គ្រោះ​ដល់​ទៅ ២២៩​នាក់ ហើយ ១៥​នាក់​ស្ថិត​ក្នុង​ភាព​ធ្ងន់ធ្ងរ លោក​អំពាវ​នាវ​ឲ្យ​មាន​ជំនួយ​ពី​សប្បុរស​ជន និង​ពី​រដ្ឋាភិបាល​បន្ថែម។

មណ្ឌល​សុខភាព មេសរជ្រៃ ស្ថិត​នៅ​ខេត្ត​កំពង់ចាម។
មណ្ឌល​សុខភាព មេសរជ្រៃ ស្ថិត​នៅ​ខេត្ត​កំពង់ចាម។ (RFA/Or Phearith) RFA/Or Phearith

លោក យិន វិបុល មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​មើល​ទៅ​សភាព​អ្នក​ជំងឺ​ពេល​ដែល​ចូល​មក​ម្នាក់ៗ ករណី​មួយៗ គឺ​ធ្ងន់​តែ​ម្ដង ហើយ​សំខាន់​នៅ​លើ​បុគ្គលិក។ បុគ្គលិក​ខ្ញុំ​ដែល​ប្រចាំ​ការ​ឥឡូវ​នៅ​មណ្ឌល​សុខភាព មន្ត្រី​បី​នាក់​ដួល​ហើយ ព្រោះ​គ្នា​បី​ថ្ងៃ​បី​យប់​នេះ អត់​បាន​ដេក​បាន​ពួន ហើយ​ហូប​ក៏​អត់​សូវ​បាន​ពេញ​លក្ខណៈ​ដែរ អញ្ចឹង​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​បុគ្គលិក​ខ្ញុំ​ទ្រាំ​ទៅ​ទៀត​មិន​បាន ខ្ញុំ​សំណូមពរ​ទៅ​មន្ទីរ​សុខាភិបាល ដើម្បី​ធ្វើ​អន្តរាគមន៍ ពេល​ណា​មាន​ករណី​កើត​ឡើង ជា​ពិសេស​សុំ​អំពាវនាវ​ដល់​សប្បុរស​ជន រដ្ឋាភិបាល និង​អង្គការ​មិន​មែន​រដ្ឋាភិបាល សុំ​ឲ្យ​ជួយ​ជំនួយ​មក​ខាង​ខ្ញុំ​ជា​បន្ទាន់​មក ដើម្បី​ត្រៀម​លក្ខណៈ​ព្យាបាល​ទប់​ស្កាត់​ការ​ពារ​ជំងឺ​រាតត្បាត​នេះ»

ការ​ព្រួយ​បារម្ភ​នេះ ត្រូវ​បាន​លោក គឹម ស៊ូភិរុណ នាយក​មន្ទីរ​សុខាភិបាល បាន​អះអាង​ថា នេះ​ជា​ការ​បារម្ភ​របស់​មន្ត្រី​មូលដ្ឋាន ប៉ុន្តែ​លោក​ថា លោក​បាន​ស្នើ​ថ្នាំ និង​សម្ភារៈ​ផ្សេងៗ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​សង្គ្រោះ​ជំងឺ​នេះ​រួច​ហើយ ហើយ​អាច​នឹង​មក​ដល់​ថ្ងៃ​បន្ទាប់​នេះ។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ៖ «ជំងឺ​វា​កើន​ឡើង​មែន ប៉ុន្តែ​យើង​អាច​ព្យាបាល​ទាន់​ពេល​វេលា​អត់​មាន​ស្លាប់​អី​ថែម​ទៀត​ទេ យើង​មាន​សេរ៉ូម មាន​ថ្នាំ​គ្រប់​គ្រាន់ ចាត់​គ្រូ​ពេទ្យ​ទៅ​ប្រចាំ​ការ​គ្រប់​គ្រាន់ ប៉ុន្តែ​ការ​រីក​រាល​ដាល​ហ្នឹង វា​ចេះ​តែ​កើន​ឡើង​ភូមិ​ជាប់ៗ គ្នា​ហ្នឹង សេរ៉ូម​ហើយ​នឹង​ថ្នាំ​ពេទ្យ​យក​ទៅ​ដល់​ទៀត ឥឡូវ​ហើយ​ជា​បណ្ដោះ​អាសន្ន យើង​មិន​អាច​ឆ្លើយ​ថា ជា​អាសន្ន​រោគ​ទេ គ្រាន់​តែ​ប្រហែល​ដោយសារ​យើង​រង់ចាំ​លទ្ធផល​អំពី​វិជ្ជាស្ថាន​សុខភាព​ថ្នាក់​ជាតិ​ណា៎»

ជំងឺ​រាគ​ក្អួត​នេះ បាន​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​ពី​ថ្ងៃ​ទី​១១ ឧសភា នៅ​ភូមិ​អូរបេង ឃុំ​មេសជ្រៃ ស្រុក​ចំការលើ ដែល​ថ្ងៃ​ចាប់​ផ្ដើម​ដំបូង គឺ​បណ្ដាល​ឲ្យ​មនុស្ស​នៅ​ភូមិ​អូរបេង​ម្នាក់ និង​នៅ​ភូមិ​ត្រពាំងឈូក​ម្នាក់ បាន​ស្លាប់​មុន​មក​ដល់​មន្ទីរ​ពេទ្យ​សង្គ្រោះ ហើយ​មក​ទល់​ពេល​នេះ ជំងឺ​នេះ​ក៏​បាន​ឆ្លង​រាល​ដាល​ដល់ ៦​ភូមិ ដែល​មាន​ចំនួន​អ្នក​ឈឺ​កើន​ដល់​ទៅ ២២៩​នាក់។ អ្នក​ជំងឺ​ម្នាក់​នៅ​ភូមិ​អូរបេង បាន​ឲ្យ​ដឹង​ពី​អាការៈ​រោគ ដែល​រាតត្បាត​មក​លើ​ខ្លួន​ថា ជា​ជំងឺ​ឆ្លង។

គាត់​មាន​ប្រសាសន៍​ទៀត​ថា ៖ «នៅ​ជិត​ផ្ទះ​ហ្នឹង គេ​រាក​មុន​ផ្ទះ​ខ្ញុំ ប៉ុន្តែ​គេ​ព្យួរ​សេរ៉ូម​ជា​គ្រប់​គ្នា ទៅ​ឆ្លង​មក​ដល់​ផ្ទះ​ខ្ញុំ​ទៀត គេ​ខ្ចី​ច្រាស​ខ្ញុំ​បោក​ខោ​អាវ ពេល​ហ្នឹង​ខ្ញុំ​យក​ច្រាស​ហ្នឹង​មក​បោក​វិញ អត់​ដាំ​ទឹក​ស្រុះ​ផង ចាប់​ផ្ដើម​រាក​តាម​គេ​ទៅ»

ដើម្បី​ទប់​ទល់​ការ​ឆ្លង​រាល​ដាល​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ លោក​វេជ្ជបណ្ឌិត​បាន​ចាត់​ការ​ទៅ​តាម​ក្បួន​វេជ្ជសាស្ត្រ ដោយ​ផ្ដល់​ថ្នាំ​ការពារ​ដល់​អ្នក​ដែល​មិន​ទាន់​ឈឺ។

ថ្វី​ត្បិត​តែ​ការ​ឆ្លង​រាល​ដាល​កើន​ឡើង​ដល់​ទៅ​ជាង ២០០​នាក់​ក្ដី លោក​វេជ្ជបណ្ឌិត យិន វិបុល បាន​អះអាង​ថា មាន​អ្នក​ជំងឺ​ប្រមាណ​ជាង ៦០​នាក់​ហើយ បាន​ធូរ​ស្រាល​ឡើង​វិញ ហើយ​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ ឧសភា ដោយ​លោក​បញ្ជាក់​បន្ថែម​ថា ការ​ព្យាបាល​ជំងឺ​នោះ មិន​ត្រូវ​បាន​បង្ខំ​ឲ្យ​អ្នក​ជំងឺ​បង់​ប្រាក់​ដូច​ការ​ផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន​មួយ​ចំនួន​ឡើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល