ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកចម្ការលើ ខេត្តកំពង់ចាម បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ឧសភាថា ជំងឺរាកក្អួតបានឆ្លងរាលដាលបន្តតាមភូមិ ដែលនៅជិតខាង ដល់ទៅ ៦ភូមិហើយ បើគិតត្រឹមថ្ងៃនេះ។
លោក យិន វិបុល អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកចម្ការលើ បានបញ្ជាក់ថា ក្នុងភូមិទាំង៦ នោះ គឺនៅឃុំមេសរជ្រៃ ឃុំដងក្ដារ និងឃុំជ័យោ ដែលមានជនរងគ្រោះដល់ទៅ ២២៩នាក់ ហើយ ១៥នាក់ស្ថិតក្នុងភាពធ្ងន់ធ្ងរ លោកអំពាវនាវឲ្យមានជំនួយពីសប្បុរសជន និងពីរដ្ឋាភិបាលបន្ថែម។

លោក យិន វិបុល មានប្រសាសន៍បន្ថែមថា ៖ «ខ្ញុំមានការព្រួយបារម្ភ ព្រោះមើលទៅសភាពអ្នកជំងឺពេលដែលចូលមកម្នាក់ៗ ករណីមួយៗ គឺធ្ងន់តែម្ដង ហើយសំខាន់នៅលើបុគ្គលិក។ បុគ្គលិកខ្ញុំដែលប្រចាំការឥឡូវនៅមណ្ឌលសុខភាព មន្ត្រីបីនាក់ដួលហើយ ព្រោះគ្នាបីថ្ងៃបីយប់នេះ អត់បានដេកបានពួន ហើយហូបក៏អត់សូវបានពេញលក្ខណៈដែរ អញ្ចឹងខ្ញុំព្រួយបារម្ភខ្លាចបុគ្គលិកខ្ញុំទ្រាំទៅទៀតមិនបាន ខ្ញុំសំណូមពរទៅមន្ទីរសុខាភិបាល ដើម្បីធ្វើអន្តរាគមន៍ ពេលណាមានករណីកើតឡើង ជាពិសេសសុំអំពាវនាវដល់សប្បុរសជន រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល សុំឲ្យជួយជំនួយមកខាងខ្ញុំជាបន្ទាន់មក ដើម្បីត្រៀមលក្ខណៈព្យាបាលទប់ស្កាត់ការពារជំងឺរាតត្បាតនេះ»។
ការព្រួយបារម្ភនេះ ត្រូវបានលោក គឹម ស៊ូភិរុណ នាយកមន្ទីរសុខាភិបាល បានអះអាងថា នេះជាការបារម្ភរបស់មន្ត្រីមូលដ្ឋាន ប៉ុន្តែលោកថា លោកបានស្នើថ្នាំ និងសម្ភារៈផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងការសង្គ្រោះជំងឺនេះរួចហើយ ហើយអាចនឹងមកដល់ថ្ងៃបន្ទាប់នេះ។
លោកមានប្រសាសន៍បន្តទៀតថា ៖ «ជំងឺវាកើនឡើងមែន ប៉ុន្តែយើងអាចព្យាបាលទាន់ពេលវេលាអត់មានស្លាប់អីថែមទៀតទេ យើងមានសេរ៉ូម មានថ្នាំគ្រប់គ្រាន់ ចាត់គ្រូពេទ្យទៅប្រចាំការគ្រប់គ្រាន់ ប៉ុន្តែការរីករាលដាលហ្នឹង វាចេះតែកើនឡើងភូមិជាប់ៗ គ្នាហ្នឹង សេរ៉ូមហើយនឹងថ្នាំពេទ្យយកទៅដល់ទៀត ឥឡូវហើយជាបណ្ដោះអាសន្ន យើងមិនអាចឆ្លើយថា ជាអាសន្នរោគទេ គ្រាន់តែប្រហែលដោយសារយើងរង់ចាំលទ្ធផលអំពីវិជ្ជាស្ថានសុខភាពថ្នាក់ជាតិណា៎»។
ជំងឺរាគក្អួតនេះ បានចាប់ផ្ដើមផ្ទុះឡើងពីថ្ងៃទី១១ ឧសភា នៅភូមិអូរបេង ឃុំមេសជ្រៃ ស្រុកចំការលើ ដែលថ្ងៃចាប់ផ្ដើមដំបូង គឺបណ្ដាលឲ្យមនុស្សនៅភូមិអូរបេងម្នាក់ និងនៅភូមិត្រពាំងឈូកម្នាក់ បានស្លាប់មុនមកដល់មន្ទីរពេទ្យសង្គ្រោះ ហើយមកទល់ពេលនេះ ជំងឺនេះក៏បានឆ្លងរាលដាលដល់ ៦ភូមិ ដែលមានចំនួនអ្នកឈឺកើនដល់ទៅ ២២៩នាក់។ អ្នកជំងឺម្នាក់នៅភូមិអូរបេង បានឲ្យដឹងពីអាការៈរោគ ដែលរាតត្បាតមកលើខ្លួនថា ជាជំងឺឆ្លង។
គាត់មានប្រសាសន៍ទៀតថា ៖ «នៅជិតផ្ទះហ្នឹង គេរាកមុនផ្ទះខ្ញុំ ប៉ុន្តែគេព្យួរសេរ៉ូមជាគ្រប់គ្នា ទៅឆ្លងមកដល់ផ្ទះខ្ញុំទៀត គេខ្ចីច្រាសខ្ញុំបោកខោអាវ ពេលហ្នឹងខ្ញុំយកច្រាសហ្នឹងមកបោកវិញ អត់ដាំទឹកស្រុះផង ចាប់ផ្ដើមរាកតាមគេទៅ»។
ដើម្បីទប់ទល់ការឆ្លងរាលដាលពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ លោកវេជ្ជបណ្ឌិតបានចាត់ការទៅតាមក្បួនវេជ្ជសាស្ត្រ ដោយផ្ដល់ថ្នាំការពារដល់អ្នកដែលមិនទាន់ឈឺ។
ថ្វីត្បិតតែការឆ្លងរាលដាលកើនឡើងដល់ទៅជាង ២០០នាក់ក្ដី លោកវេជ្ជបណ្ឌិត យិន វិបុល បានអះអាងថា មានអ្នកជំងឺប្រមាណជាង ៦០នាក់ហើយ បានធូរស្រាលឡើងវិញ ហើយបានចេញពីមន្ទីរពេទ្យ កាលពីរសៀលថ្ងៃទី១៣ ឧសភា ដោយលោកបញ្ជាក់បន្ថែមថា ការព្យាបាលជំងឺនោះ មិនត្រូវបានបង្ខំឲ្យអ្នកជំងឺបង់ប្រាក់ដូចការផ្សាយតាមបណ្ដាញព័ត៌មានមួយចំនួនឡើយ៕