ព្រះសង្ឃ និងមន្ត្រីរដ្ឋាភិបាល នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១១ បានសម្ដែងការពេញចិត្តនឹងដំណើរកាសាលាក្ដីខ្មែរក្រហមកន្លងមក ដែលបានបើកសវនាការកាត់ទោសសំណុំរឿង ០០១ និង ០០២ ប៉ុន្តែបានជំរុញឲ្យសាលាក្ដីខ្មែរក្រហមបន្តការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម។
ប្រតិកម្មនេះបានធ្វើឡើងនៅក្នុងការផ្សព្វផ្សាយដោយមន្ត្រីសាលាក្ដីខ្មែរក្រហមស្ដីពីការវិវឌ្ឍន៍ថ្មីៗរបស់សាលាក្ដីខ្មែរក្រហម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១១ នៅឯពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅក្នុងទីក្រុងភ្នំពេញ ដែលមានព្រះសង្ឃសរុបជាង ៤០០អង្គចូលរួម។
សម្ដេចមហាសុមេធាធិបតី នន្ទ ង៉ែត និងជាព្រះសង្ឃនាយកគណៈមហានិកាយដែលនិមន្តធ្វើជាអធិបតីនៅក្នុងការផ្សព្វផ្សាយនោះ បានមានព្រះថេរដីកាថា មេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដែលបានប្រព្រឹត្តអំពើអាក្រក់កន្លងមកត្រូវតែទទួលការផ្ដន្ទាទោស ដើម្បីឲ្យគ្រួសារជនរងគ្រោះរំសាយការឈឺចាប់កន្លងមក ៖ «មនុស្សនេះ គឺមនុស្សអត់មានធម្មសញ្ញាណ អត់មានធម៌នៅក្នុងខ្លួនជាមនុស្ស។ ជាមនុស្សមែន ក៏ប៉ុន្តែដូចសត្វនរកតិរច្ឆាន។ នេះគ្រាន់តែបញ្ជាក់ជូនអង្គការនានា ដែលមកជួយដោះស្រាយអំពីបញ្ហាកម្មដែលខ្មែរក្រហមសម្លាប់»។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន បានមានប្រសាសន៍ថា នៅក្នុងរបបខ្មែរក្រហមព្រះសង្ឃចំនួន ៦ម៉ឺនអង្គត្រូវផ្សឹកដោយបង្ខំ និងវត្តអារាមចំនួន ៣.០០០កន្លែងនៅកម្ពុជា ត្រូវបានខ្មែរក្រហមប្រើប្រាស់ជាកន្លែងឃុំឃាំងមនុស្ស ឬធ្វើជាឃ្លាំងជាដើម ៖ «វិស័យសាសនានេះរងគ្រោះធ្ងន់ធ្ងរជាងវិស័យណាទាំងអស់ ទាំងព្រះពុទ្ធ ទាំងគ្រិស្ត ទាំងឥស្លាមគ្រប់សាសនាទាំងអស់»។
ប្រធានស្ដីទីនៃការិយាល័យរដ្ឋបាលសាលាក្ដីខ្មែរក្រហម លោក ក្រាញ់ តូនី បានមានប្រសាសន៍ថា សាលាក្ដីខ្មែរក្រហមបានដំណើរការរយៈពេល ៥ឆ្នាំមកហើយ ដើម្បីស្វែងរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះក្នុងរបបខ្មែរក្រហម ៖ «តុលាការត្រូវបានបង្កើតឡើងនៅកម្ពុជា ដែលជាកន្លែងដែលឧក្រិដ្ឋកម្មបានកើតឡើង និងបានបង្កលក្ខណៈងាយស្រួយ ឲ្យមានការចូលរួមពេញលេញពីជនរងគ្រោះ»។
តាមការប្រកាសជាថ្មីរបស់លោក ក្រាញ់ តូនី បានឲ្យដឹងថា សាលាក្ដីខ្មែរក្រហមមានគម្រោងការប្រកាសសាលដីកានៃតុលាការកំពូលសាលាក្ដីខ្មែរក្រហមនៅចុងឆ្នាំ២០១១ លើសំណុំរឿង ០០១ របស់អតីតមេគុកទួលស្លែងឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ដោយបិទផ្លូវតវ៉ា។
លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានខ្មែរក្រហមប្រកាសផ្ដន្ទាទោសឲ្យជាប់គុក ៣៥ឆ្នាំ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ កន្លងទៅក្រោមបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទរំលោភលើអនុសញ្ញាក្រុងហ្សឺណែវ (Geneva) ឆ្នាំ១៩៤៩។
សាលាក្ដីខ្មែរក្រហមមានគម្រោងការបើកសវនាការកាត់ទោសសំណុំរឿង ០០២ នៃអង្គសេចក្ដីនៅចុងឆ្នាំ២០១១ ខាងមុខនេះ ដែលមានជនជាប់ចោទចំនួន ៤នាក់ ក្នុងនោះមានលោក អៀង សារី លោក ខៀវ សំផន លោក នួន ជា និងលោកស្រី អៀង ធីរិទ្ធ ជាមេដឹកនាំជាន់ខ្ពស់បំផុតនៃរបបខ្មែរក្រហម ក្រោមបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋកម្មមួយចំនួនទៀត៕