នេះគឺជាសកម្មភាពរបស់ក្រុមយុវជនឈានមុខ រួមជាមួយនឹងនិស្សិតនៃមហាវិទ្យាល័យផ្សេងៗគ្នាក្នុងទីក្រុងភ្នំពេញ ដែលបានស្ម័គ្រចិត្តចែករំលែកបទពិសោធន៍របស់ពួកគេទៅដល់ក្រុមយុវជនដែលកំពុងតែរៀនថ្នាក់វិទ្យាល័យនៅស្រុកឧដុង្គ ដើម្បីឲ្យក្រុមយុវជនជំនាន់ក្រោយទាំងនោះបានទទួលពីគន្លឹះដែលរៀនសូត្របានពូកែ និងក្លាយជាសិស្សឈានមុខដល់សិស្សនៃក្លិបមិត្តអប់រំមិត្តដើម្បីការអភិវឌ្ឍ នៅឯភូមិត្រពាំងក្អែក ក្នុងឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោក វឌ្ឍ សុឃីម ជាអ្នកគ្រប់គ្រងធនធានមនុស្សនៃក្លិបមិត្តអប់រំមិត្តដើម្បីការអភិវឌ្ឍ បានថ្លែងឲ្យដឹងថា ក្រុមយុវជនរបស់ក្លិបដែលចូលរួមក្នុងការពិភាក្សាគ្នានេះមានចំនួន៦០នាក់ដែលជាសិស្សចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ នៃវិទ្យាល័យឧដុង្គនៃខេត្តកំពង់ស្ពឺ ដែលត្រូវពិភាក្សាជាមួយនឹងក្រុមនិស្សិតឈានមុខនៃមហាវិទ្យាល័យនានា ដើម្បីបានយល់ពីរបៀបនិងគន្លឹះនៃការសិក្សាបានជោគជ័យ។
លោក វឌ្ឍ សុឃីម បានបញ្ជាក់ថា ៖ «អ្វីដែលសំខាន់ ការមករបស់យុវជនក្រុងភ្នំពេញ មកដល់ទីនេះ ទី១ គឺយើងភ្ជាប់ទំនាក់ទំនងរវាងអ្នកក្រុងនិងអ្នកស្រែ ហើយមួយទៀត យើងឃើញថា សូម្បីតែកន្លងមកមានយុវជនគាត់មកអ៊ីចឹងទៅ វាធ្វើឲ្យសិស្សស្ទុះ យើងសង្ឃឹមថា លើកនេះក៏ស្ទុះដែរ ព្រោះកាលណាគាត់មក គាត់បង្ហាញពីបទពិសោធន៍ ថាគាត់រៀននៅសាលានេះ គាត់ធ្វើការនៅនេះ អ៊ីចឹងធ្វើឲ្យសិស្សពុះកញ្រ្ជោល ចាប់ផ្ដើមស្ទុះឡើង ខិតខំរៀនសូត្រឡើង។ អ៊ីចឹងពេលដែលយុវជនអស់ហ្នឹងមកធ្វើការចែករំលែក ថាខ្ញុំធ្វើការនៅនេះ ធ្វើការនៅនោះ អ៊ីចឹងធ្វើឲ្យយុវជនថា ខ្ញុំត្រូវរកការងារអីផ្សេង មានមុខរបរស្អីច្រើនណាស់ អ៊ីចឹងវាធ្វើឲ្យគំនិតរបស់គាត់ចាប់ផ្ដើមបែកធំ។ ហើយការស្ទុះហ្នឹងខំ មានន័យថាខំតាម ឃើញគេរៀនសូត្រចេះដឹងទៅគេបានហ៊ឺហា ស្អាត អ៊ីចឹងធ្វើឲ្យសិស្សស្ទុះខំរៀនអ៊ីចឹងដែរ។ ហើយយើងឃើញលទ្ធផលរួចស្រេចហើយ»។
លោកបានថ្លែងទៀតថា ក្រោយពេលដែលក្រុមនិស្សិតបានបង្ហាញពីការសិក្សារបស់ខ្លួននោះបានធ្វើឲ្យសិស្សទាំងនោះ បានព្យាយាមបន្តការសិក្សារបស់ពួកគេដល់ថ្នាក់មហាវិទ្យាល័យ ដូចនិស្សិតជំនាន់មុនដែរ។
កញ្ញា ហូ ស៊ាងហួយ និស្សិតឆ្នាំទី៣ នៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានស្ម័គ្រចិត្តបង្ហាញបទពិសោធន៍នោះ បានថ្លែងយ៉ាងមានមោទនភាពថា ៖ «ថ្ងៃហ្នឹងខ្ញុំមានទឹកចិត្តសប្បាយរីករាយមែនទែន ដែលបានចុះមកខេត្តកំពង់ស្ពឺនេះ ហើយបានចែករំលែកបទពិសោធន៍ដែលខ្ញុំមាន ឧទាហរណ៍ជាការរៀនសូត្រ ការប្រឹងប្រែងរៀនភាសាអង់គ្លេស ការកំណត់គោលដៅក្នុងជីវិត ក៏ដូចជាជោគជ័យដែលខ្ញុំបានទទួលថ្មីៗនេះ គឺការទៅសិក្សានៅសហរដ្ឋអាមេរិក ហើយដើម្បីចែករំលែកដល់ពួកគាត់ ដើម្បីឲ្យគាត់មានទឹកចិត្តខិតខំប្រឹងប្រែងរៀនសូត្រ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានជួយសង្គមច្រើនមែនទែន ខ្ញុំឃើញពួកគាត់យកចិត្តទុកដាក់នឹងអនាគតខ្លួនឯងបានច្រើនមែនទែន»។
ចំណែកឯ លោក ឈឿន រតនា ជានិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងជាសមាជិកនៃក្រុមយុវជនឈានមុខ បានថ្លែងដែរថា ប្រធានបទសំខាន់ៗនៃការពិភាក្សាគ្នានេះគឺសារសំខាន់នៃការចូលរៀនថ្នាក់មហាវិទ្យាល័យនិងជំនាញ។
លោក ឈឿន រតនា បានមានប្រសាសន៍ថា ៖ «តាមពិតពួកយើងមកជួយចែករំលែកបទពិសោធន៍ដែលយើងដឹង អ្វីខ្លះដែលយើងរៀនមក ដើម្បីឲ្យពួកគាត់ដឹង បន្ទាប់ពីវិទ្យាល័យមក តើយើងត្រៀមខ្លួនយ៉ាងម៉េចដើម្បីចូលមហាវិទ្យាល័យ? ហើយជំនាញមួយណាដែលជាការពេញចិត្តរបស់យើង ព្រោះហ្នឹងជាប្រធានបទដែលសំខាន់ ភាសាអង់គ្លេសនិងការរើសជំនាញ»។
លោកបានថ្លែងទៀតថា ការជ្រើសរើសមកពិភាក្សាជាមួយសិស្សថ្នាក់វិទ្យាល័យនេះ គឺដើម្បីឲ្យពួកគាត់បានត្រៀមខ្លួនជាស្រេចនៅពេលបញ្ចប់ថ្នាក់វិទ្យាល័យ ហើយត្រូវបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យជាបន្តទៀត និងដើម្បីឲ្យពួកគាត់បានក្លាយជាសិស្សឈានមុខនៅពេលអនាគត។
ចំណែកកញ្ញា សែម ស្រីរ័ត្ន ជាសិស្សរៀនថា្នក់ទី១០ នៃវិទ្យាល័យឧដុង្គ បាននិយាយថា នាងបានទទួលបទពិសោធន៍ច្រើនទាក់ទងនឹងការខិតខំរៀនសូត្ររបស់ក្រុមនិស្សិតដែលបានមកបង្ហាញនិងណែនាំទាំងអស់។
កញ្ញា សែម ស្រីរ័ត្ន បានបញ្ជាក់ថា ៖ «ពិភាក្សាអំពីគន្លឹះនៃការសិក្សាភាសាអង់គ្លេស។ ក្រោយពីការពិភាក្សាខ្ញុំយល់ថា បានស្គាល់បទពិសោធន៍ច្រើនពីពួកបងៗដែលមកពីទីក្រុង ហើយមានគំនិតថា ចប់សិក្សាពីសាលាហ្នឹងទៅចង់ទៅរៀននៅភ្នំពេញ ហើយខំប្រឹងរៀនឲ្យមានការងារធ្វើ ហើយខ្ញុំសង្ឃឹមថានឹងអាចដូចពួកគាត់អ៊ីចឹង»។
ក្នុងចំណោមសិស្សទាំងអស់ដែលបានមកចូលរួមពិភាក្សានិងប្រាប់ពីបទពិសោធន៍ជាមួយក្រុមយុវជនឈានមុខនោះ បានថ្លែងសាទរចំពោះបទពិសោធន៍ថ្មីៗដែលពួកគេបានទទួល។
កញ្ញា គ្រី ស្រីម៉ុម បានរៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា ៖ «យល់ដឹង បានបទពិសោធន៍ក្នុងការធ្វើយ៉ាងម៉េចដើម្បីចេះជំនាញភាសាអង់គ្លេស ដើម្បីថា ឲ្យយើងងាយស្រួល ឲ្យរៀនឆាប់ចេះ ហើយមានជំនាញនេះទៅអនុវត្តជាមួយអ្នកដទៃ ជាពិសេសមុខជំនាញដែលចាប់ធ្វើការយើងត្រូវមានជំនាញភាសាអង់គ្លេសច្បាស់លាស។ ខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយ ព្រោះគាត់ខំចំណាយពេលពីទីក្រុងភ្នំពេញមកដល់ទីនេះ គាត់យកបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់មកចែកចាយ ខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយណាស់ដែលបានទទួលបទពិសោធន៍ល្អៗពីគាត់ ហើយខ្ញុំគិតថា ថ្ងៃក្រោយទៅនឹងធ្វើខ្លួនជាមនុស្សល្អ ហើយធ្វើគំរូដូចគាត់អ៊ីចឹង»។
ដោយឡែកលោក ហ៊រ ស៊ីណា ជាអ្នកសម្របសម្រួលក្រុមស្ម័គ្រចិត្តចុះចែករំលែកបទពិសោធន៍របស់ក្រុមយុវជនឈានមុខមកពីមហាវិទ្យាល័យផ្សេងៗគ្នានោះ បានថ្លែងថា ក្រុមយុវជននៅថ្នាក់វិទ្យាល័យទាំងនោះត្រូវការឲ្យមានការលើកទឹកចិត្ត ពង្រឹងស្មារតី និងជាការបង្ហាញផ្លូវនៃការសិក្សាដើម្បីឈានទៅរកជោគជ័យរបស់ពួកគេ។
លោក ហ៊រ ស៊ីណា បានថ្លែងថា ៖ «គោលបំណងក្រោយពីបញ្ចប់វិទ្យាល័យ បានយើងយកអាហ្នឹង ព្រោះពួកខ្ញុំនិស្សិតនេះ សូម្បីតែនៅក្នុងភ្នំពេញផ្ទាល់ហ្នឹង ក៏ធ្លាប់មានជួបឧបសគ្គដែរ ពេលដែលពួកខ្ញុំរៀនចប់នៅវិទ្យាល័យហ្នឹង ពួកខ្ញុំអត់ដឹងថារៀនអីទេ ខ្លះជឿតាមពួកម៉ាក ខ្លះគិតថាចង់ធ្វើការអ៊ីចេះ ត្រូវរៀនអ៊ីចេះ។ អ៊ីចឹងគាត់ជឿតាមគេ ពេលគាត់ទៅរៀនសកលវិទ្យាល័យ រៀនទៅខុសជំនាញ នៅពេលមនុស្សដែលរៀនអ្វីខុសពីចំណង់ចំណូលចិត្តគាត់ចង់ ពេលរៀនទៅគាត់មានអារម្មណ៍ថា រៀនអត់ចូល ពេលរៀនអត់ចូលធ្វើឲ្យគាត់ខាតពេលវេលា ដូចថាគាត់ប្ដូរទៅរៀនមុខវិជ្ជាអីផ្សេង ធ្វើឲ្យគាត់ខាតពេលវេលា១ឆ្នាំ ២ឆ្នាំអីអ៊ីចឹង ហើយអ្នកខ្លះរៀនអត់ចប់ ធ្វើឲ្យគាត់ធុញ។ អ៊ីចឹងយើងប្រាប់គាត់ពីវិធីសាស្រ្ដ ពេលចប់ហ្នឹង រៀនយកមុខវិជ្ជាអីដើម្បីយើងរៀនកុំឲ្យខុសទៅថ្ងៃអនាគត ដូចពួកខ្ញុំដែលធ្លាប់មានបទពិសោធន៍ពីមុនៗអ៊ីចឹង»។
លោកបានថ្លែងទៀតថា ក្រុមយុវជនឈានមុខដែលមាននិស្សិតមកពីមហាវិទ្យាល័យផ្សេងៗទៀតនឹងបន្តការងារមនុស្សធម៌ ការចូលរួមអភិវឌ្ឍន៍សង្គមនិងអភិវឌ្ឍន៍ ដល់ក្រុមយុវជនជំនាន់ក្រោយបន្តទៀត នៅពេលដែលពួកគេមានពេលទំនេរនឹងជុំគ្នា។
បេសកកម្មរបស់ពួកគេបានធ្វើឡើងដោយស្រាក់លុយគ្នាជាសោហ៊ុយនិងការទិញចំណីអាហារទទួលទានជុំគ្នា រាល់ការជួបជុំជាមួយក្រុមយុវវ័យស្រុកស្រែ។ គោលដៅចម្បងរបស់ពួកគេ គឺសំដៅទៅក្រុមលើយុវជននៅទីជនបទដើម្បីជំរុញទឹកចិត្តឲ្យយុវជនក្រីក្រនៅស្រុកស្រែចម្ការផ្តោតការយកចិត្តទុកដាក់ក្នុងការរៀនសូត្រ៕