លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងបញ្ជាក់ថា ការតែងតាំងលោកស្រីបណ្ឌិត Hellen Jarvis ឲ្យមានតួនាទីជាអ្នកត្រួតពិនិត្យក្រមសីលធម៌ផង និងជាប្រធានផ្នែកគាំពារជនរងគ្រោះនៃសាលាក្តីខ្មែរក្រហមផងនោះ គឺជាទំនាស់ផលប្រយោជន៍ដែលលោកស្រីនឹងមិនអាចរក្សាបាននូវភាពអព្យាក្រឹតក្នុងការបំពេញការងារនោះឡើយ។
លោក អ៊ូ វីរៈ មានប្រសាសន៍ដូច្នេះថា ៖ «ទី១ លោកស្រី Hellen Jarvis ជាអ្នកឃ្លាំមើលសម្រាប់តុលាការទាំងមូល ប៉ុន្តែគាត់មកធ្វើជាប្រធាននៃភាគីជនរងគ្រោះនេះ បានន័យថា គាត់បំពេញតួនាទីហ្នឹងមិនអាចស៊ីសង្វាក់គ្នាកើតទេ»។
លោកស្រីបណ្ឌិត Hellen Jarvis ដែលមានដើមកំណើតអូស្រ្តាលី ហើយបច្ចុប្បន្នមានសញ្ជាតិខ្មែរ ធ្លាប់បានបម្រើការជាទីប្រឹក្សានៃរាជរដ្ឋាភិបាលកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។
លោក អ៊ូ វីរៈ បានគូសបញ្ជាក់ថា ប្រការនេះគឺជាកត្តាទំនាស់ផលប្រយោជន៍ការងាររបស់លោកស្រីនៅក្នុងសាលាក្តីខ្មែរក្រហម ៖ «គឺគាត់នៅមានទំនាក់ទំនងនៅក្នុងជួររដ្ឋាភិបាល ទោះបីយើងចង់បដិសេធថា គាត់ឥឡូវនេះគ្រាន់តែជាអតីតទីប្រឹក្សានៃរដ្ឋាភិបាល គឺជាអតីតទីប្រឹក្សាលោក សុខ អាន ក៏ដោយ មិនត្រឹមប៉ុណ្ណឹង នៅពេលគាត់នៅបំពេញតួនាទីជាប្រធានផ្នែកកិច្ចការសាធារណៈមានការចោទប្រកាន់ពីអំពើពុករលួយនៅក្នុងរដ្ឋបាលនៃសាលាក្ដីខ្មែរក្រហមកម្ពុជា។ តុលាការខ្មែរក្រហមកាលហ្នឹង គេថាគេនឹងធ្វើការស៊ើបអង្កេត និងពិនិត្យលើបញ្ហាហ្នឹង ប៉ុន្តែលោកស្រី Hellen Jarvis នៅពេលហ្នឹង គាត់បែរជាបដិសេធទាំងស្រុង ដោយនិយាយថាអត់មានអំពើពុករលួយទេ»។
លោក អ៊ូ វីរៈ ក៏បានលើកឡើងនូវកត្តាធំមួយទៀត ដែលទាក់ទងនឹងប្រវត្តិនិងគោលជំហរនយោបាយរបស់លោកស្រី Hellen Jarvis ដែលលោកស្រីធ្លាប់បានប្រកាសជាសាធារណៈថា ជាអ្នកស្រលាញ់គាំទ្រលទ្ធិកុម្មុយនីស្តម៉ាក្ស-លេនីន ដែលមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមបានប្រកាន់យកជាមាគ៌ាក្នុងការគ្រប់គ្រងប្រទេស។
លោក រាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម បានបំភ្លឺតបថា រឿងរ៉ាវទាំងអស់នេះគួរតែត្រូវបញ្ចប់ ព្រោះវាជារឿងអតីតកាល និងវាជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ៖ «ប្រវត្តិគាត់មាននិន្នាការទៅផ្នែកណាមួយដែលគាត់ស្រឡាញ់ គាត់គោរពហ្នឹង គឺថាមនុស្សម្នាក់ៗមានសិទ្ធិជ្រើសរើសការគោរព ទាំងនយោបាយ ទាំងសាសនាអីរបស់ខ្លួន អ៊ីចឹងមិនមានពាក់ព័ន្ធនឹងកិច្ចការតុលាការទេ»។
ប៉ុន្តែលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ក្នុងការជ្រើសរើស ឬតែងតាំងបុគ្គលណាម្នាក់ ប្រវត្តិដើមនៃការប្រព្រឹត្ត ទាំងក្នុងតួនាទីការងារនិងនិន្នាការនយោបាយរបស់បុគ្គលនោះ មានសារសំខាន់ណាស់ ជាពិសេសចំពោះតួនាទីបម្រើផលប្រយោជន៍ពលរដ្ឋដែលទាមទារឲ្យមានភាពឯករាជនិងអព្យាក្រឹត៕