សកម្មជនការពារសិទ្ធិពលករកម្ពុជា កំពុងតែស្រាវជ្រាវជួយសង្គ្រោះពលការិនីចំនួនជាង ១០នាក់ ដែលបានរងការធ្វើបាបលើរាងកាយ ការចាប់រំលោភ និងបាត់ខ្លួនដោយគ្មានមូលហេតុច្បាស់លាស់នៅប្រទេសម៉ាឡេស៊ី (Malaysia) កន្លងមកនេះ។
សកម្មជនការពារសិទ្ធិពលករបានអះអាងថា ពលការិនីដែលបានបាត់ខ្លួននោះ គឺមានចំនួន ៧នាក់ ចំណែកឯពលការិនីរងការធ្វើបាបលើរាងកាយ គឺចំនួន ៣នាក់ និងពលការិនីរងការចាប់រំលោភដោយម្ចាស់ផ្ទះនៅប្រទេសម៉ាឡេស៊ី នោះ គឺចំនួនម្នាក់។
ពលការិនីទាំងនោះបានទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០១០ កន្លងទៅ តាមរយៈក្រុមហ៊ុនឈ្មោះ អេសខេ (SK) ក្រុមហ៊ុន ធី អែន ភី (T&P) និងក្រុមហ៊ុនអេជអាឌី (HRD)។
អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃមជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍នៅកម្ពុជា លោក ហ៊ុយ ពេជ្រសុវណ្ណ បានមានប្រសាសន៍ថា លោកបានទទួលពាក្យបណ្ដឹងបែបនេះពីគ្រួសារពលការិនីចំនួន ៧០ករណីហើយ នៅឆ្នាំ២០១១៖ «គាត់បានទាក់ទងជាមួយក្រុមហ៊ុនអស់លទ្ធភាពហើយ ដើម្បីឲ្យក្រុមហ៊ុនជួយស្វែងរក ប៉ុន្តែក្រុមហ៊ុនចេះតែថា ចាំថ្ងៃនេះចាំថ្ងៃនោះ គេរកឲ្យហើយ។ ក្រុមហ៊ុនសំដែងការមិនយកចិត្តទុកដាក់។ ជាបឋម គាត់គ្រាន់តែទាមទារឲ្យរកដំណឹងកូនគាត់ និងបញ្ជូនកូនគាត់ត្រឡប់មកផ្ទះវិញ ហើយនិងសុំឲ្យទូទាត់សំណងជាប្រាក់ខែឲ្យត្រូវតាមពេលវេលាដែលកូនគាត់បានធ្វើការងារហ្នឹង»។
ទម្រង់នៃការធ្វើបាបលើរាងកាយនោះ គឺមានការទះកំផ្លៀងដោយដៃ ការមិនឲ្យហូបបាយឆ្អែត និងឲ្យហូបបាយសល់ពីកូនៗរបស់ម្ចាស់ផ្ទះ។
ប្រជាពលរដ្ឋឈ្មោះ សៅ សុខ អាយុ ៤៤ឆ្នាំ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវជាម្ដាយមីងរបស់ពលការិនីឈ្មោះ លី ណា អាយុ ១៨ឆ្នាំ បានថ្លែងថា រយៈពេល ២ឆ្នាំមកហើយ អ្នកស្រីមិនបានទទួលដំណឹងពីក្មួយស្រីសោះ៖ «ក្មួយខ្ញុំវាអត់បានតេ (ទូរស័ព្ទ) បានអីមកម្ដងសោះ ហើយបាត់ដំណឹងរហូត បានខ្ញុំបារម្ភពីវាហ្នឹង។ ម៉ែវាទៅភ្នំពេញម្ដង ឬ២ដងហើយ ប៉ុន្តែអត់បានជួបមេខ្យល់ដែលយកទៅហ្នឹង គេអត់ប្រាប់លេខ (ទូរស័ព្ទ) ក្រុមហ៊ុនប្រាប់អីហ្នឹងណា»។
ប្រធានភ្នាក់ងារសមាគមជ្រើសរើសពលករកម្ពុជា លោក អ៊ន ប៊ុនហាក់ បានមានប្រសាសន៍ថា មានករណីខ្លះជាការបំភ័យ និងមានករណីខ្លះទៀតជាការប្រឌិត ប៉ុន្តែលោកស្វាគមន៍ចំពោះពាក្យបណ្ដឹងដាក់ជូនសមាគមរបស់លោក ដើម្បីជួយដោះស្រាយ៖ «យើងស្វាគមន៍ ហើយយើងនឹងបញ្ជូនករណីនេះទៅសមត្ថកិច្ចម៉ាឡេស៊ី ក៏ដូចជាស្ថានទូតខ្មែរនៅទីនោះ ដើម្បីធ្វើការស៊ើបអង្កេតបាទ!»។
បច្ចុប្បន្នមានពលករខ្មែរចំនួន ៥ម៉ឺននាក់ ធ្វើការងារនៅប្រទេសម៉ាឡេស៊ី។ ក្នុងនោះមានពលការិនីចំនួន ៣ម៉ឺននាក់បំរើការងារនៅតាមផ្ទះ។ មានក្រុមហ៊ុននាំចេញពលករចំនួន ៣៤ នៅប្រទេសកម្ពុជា ក្នុងនោះមានក្រុមហ៊ុនឈ្មោះ ធី អែន ភី បានផ្អាកដំណើរការ ដោយសារជាប់ពាក្យបណ្ដឹងក្រោមបទជួញដូរមនុស្ស និងបង្ខាំងមនុស្សខុសច្បាប់ នៅខែតុលា កន្លងទៅនេះ នៅខេត្តកំពង់ឆ្នាំង។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ កាលពីសប្ដាហ៍ថ្មីៗនេះ បានប្រកាសថា អ្នកស្រីចេញមុខប្ដឹងទៅគណៈកម្មការសិទ្ធិមនុស្សនៃសភាម៉ាឡេស៊ី ឲ្យបើកការស៊ើបអង្កេតស៊ីជម្រៅលើករណីពលការិនីខ្មែរចំនួន ៩នាក់ ដែលបានស្លាប់ដោយគ្មានមូលហេតុជាក់លាក់នៅឆ្នាំ២០១១៕