សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាង​៣០០​នាក់​មក​ពី​ព្រៃវែង​ទស្សនា​គុក​ទួលស្លែង

សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​ជាង ៣០០​នាក់​នៃ​ខេត្ត​ព្រៃវែង បាន​មក​ទស្សនា​គុក​ទួលស្លែង និង​សាលាក្ដី​ខ្មែរ​ក្រហម​ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១១។

មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរ​ក្រហម លោក ឌឹម សុវណ្ណារុំ ដែល​ថ្លែង​នៅ​ឯ​បរិវេណ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​ថា ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ទាំង​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​កិច្ច​សហការ​រវាង​សាលាក្ដី​ខ្មែរ​ក្រហម និង​សមាគម​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក្នុង​ទិសដៅ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​សាធារណជន​អំពី​ដំណើរការ​ជម្រះ​ក្ដី​លើ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ចំនួន ៥​រូប ដែល​កំពុង​ជាប់​ឃុំ​សព្វថ្ងៃ។

លោក​បាន​ផ្តល់​សារសំខាន់​ដល់​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង​នេះ​ដូច្នេះ ៖ «សំខាន់​បំផុត​គឺ​ការ​ផ្សព្វផ្សាយ​បន្ត នេះ​ជា​ចំណុច​សំខាន់។ យើង​ឃើញ​ថា ការ​ផ្សព្វផ្សាយ​ផ្នែក​កិច្ចការ​សាធារណៈ​កន្លង​មក​មាន​ការ​ជ្រួតជ្រាប​ផុលផុស​ណាស់ ប៉ុន្តែ​ឥឡូវ​នេះ គោលដៅ​នៃ​ការ​ផ្សព្វផ្សាយ​របស់​យើង គឺ​យើង​ជ្រើស​ឱ្យ​ពួកគាត់​ជា​អ្នក​ដែល​បន្ត​ផ្សព្វផ្សាយ​ពី​យើង ហើយ​គាត់​ជា​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែល​ជួប​ជាមួយ​ប្រជាពលរដ្ឋ​រាល់ថ្ងៃ គឺ​ការ​ផ្សព្វផ្សាយ​យើង»

សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​មួយ​រូប ដែល​បាន​សម្លឹង​ពិនិត្យ​រូប​ថត​ពី​ផ្ទាំង​មួយ​ទៅ​ផ្ទាំង​មួយ​ទៀត គឺ​លោក ថោង លន់ បាន​អះអាង​ថា ប្អូន​ពៅ​របស់​លោក​មួយ​រូប​ឈ្មោះ ថោង រ៉េន ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​នាំ​យក​មក​សម្លាប់​នៅ​គុក​ទួល​ស្លែង​នេះ ៖ «ដែល​ខ្ញុំ​មក​មើល​ហ្នឹង រូប​ហ្នឹង​គឺ​ប្អូន​តែម្ដង ប្រាកដ​ណាស់! ព្រោះ​បង​ប្អូន​ខ្ញុំ​មើល​មិន​សូវ​ច្រឡំ​ទេ រាង​ដូច​គ្នា​ទាំង​អស់ មុខ​មាត់​អី​ដូច​ខ្ញុំ​អ៊ីចឹង។ ខ្ញុំ​បង​គេ​បំផុត អាយុ ៧៤​ឆ្នាំ​ហើយ។ គាត់​នោះ​ប្អូន​ទី​៧។ បង​ប្អូន​ខ្ញុំ ៧​នាក់»

ភាគ​ច្រើន​នៃ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​មក​ទស្សនា​គុក​ទួលស្លែង បាន​ថ្លែង​ស្រដៀង​គ្នា​ថា មាន​ភាព​តក់ស្លុត​ចំពោះ​រូបភាព​ទារុណកម្ម​លើ​ជន​រង​គ្រោះ​ទាំង​នោះ។

សមាជិក​ក្រុមប្រឹក្សា​មួយ​រូប​ទៀត លោក ថែន សម័យ បញ្ចេញ​អារម្មណ៍​បន្ទាប់​ពី​ការ​ទស្សនា​ដូច្នេះ ៖ «តាម​ខ្ញុំ​ឃើញ​រូប​ដែល​ពួក​ខ្មែរ​ក្រហម​ធ្វើ​ទារុណកម្ម​នេះ ខ្ញុំ​មាន​ការ​ក្រៀមក្រំ ក្ដុកក្ដួល​ក្នុង​អារម្មណ៍​ខ្លាំង​ណាស់ មិន​នឹក​ស្មាន​ថា ខ្មែរ​សម្លាប់​ជាតិ​ឯង​ដូច​នេះ​សោះ»

លោកស្រី ជឹម ស៊ីថា សមាជិក​ក្រុមប្រឹក្សា​ឃុំ​ព្រៃឃ្នេស ស្រុក​មេសាង បន្ទរ​ដូច្នេះ ៖ «ឈឺ​ចាប់ ពុះ​កញ្ជ្រោល​ចង់​ហូរ​ទឹក​ភ្នែក ឃើញ​ទិដ្ឋភាព​ទាំង​អស់​នេះ គឺ​ជាក់ស្ដែង​មែន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ហ្នឹង»

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ជីផុច ស្រុក​មេសាង ខេត្ត​ព្រៃវែង លោកស្រី ហ៊ុន ហៀក ថ្លែង​អំពី​អារម្មណ៍​ចំពោះ​ជន​រងគ្រោះ​ថា ៖ «ខ្ញុំ​មិន​ដែល​ឃើញ​ទេ ទើប​នឹង​ឃើញ​ថ្ងៃ​នេះ​ទេ។ មក​ឃើញ​ជាក់ស្ដែង​គួរ​ឱ្យ​អាណិត​អាសូរ​បំផុត ហើយ​ក៏​មាន​ការ​ឈឺ​ចាប់។ ខ្ញុំ​ក៏​មាន​ការ​បាត់បង់​បង​ប្អូន គ្រួសារ គឺ​មា​របស់​ខ្ញុំ បងៗ​ក៏​បាត់​ច្រើន​ដែរ»

អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ចំនួន ៤​រូប ដែល​មាន​លោក នួន ជា, ខៀវ សំផន, អៀង សារី និង​លោកស្រី អៀង ធីរិទ្ធ ជាប់​ចោទ​ក្នុង​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​បាន​ប្រព្រឹត្ត​ឡើង​ចន្លោះ​ពី​ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ខែ​មករា ឆ្នាំ​១៩៧៩។ ករណី​របស់​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ចំនួន ៤​រូប​នេះ នឹង​ត្រូវ​គេ​លើក​យក​ទៅ​ជំនុំជម្រះ​នៅ​ខែ​ឧសភា ឬ មិថុនា ឆ្នាំ​២០១១​នេះ។

លោក ឌឹម សុវណ្ណារុំ បញ្ជាក់​ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ចំនួន​ជាង ៣០០​នាក់​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​សមាជិក​ទាំង​អស់​ចំនួន ៧៩២​នាក់​នៅ​ក្នុង​ខេត្ត​ព្រៃវែង ដែល​នឹង​មក​ធ្វើ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​តាម​ការ​ស្នើ​សុំ​របស់​សមាជិក​ទាំង​នោះ។ សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ចំនួន​ជាង ៣០០​នាក់ ក៏​បាន​ទៅ​ទស្សនា​សាលា​ក្ដី​ខ្មែរ​ក្រហម​នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១១។

លោក​បន្ត​ថា ក្នុង​ទិសដៅ​ផ្សព្វផ្សាយ​ថ្មី​នេះ សាលាក្ដី​ខ្មែរ​ក្រហម​នឹង​បន្ត​កិច្ច​សហការ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ចំនួន ១១.៣៥៣​នាក់ នៅ​ទូទាំង​ប្រទេស ដើម្បី​ឱ្យ​បាន​មក​ទស្សនា​គុក​ទួលស្លែង និង​វាល​ពិឃាដ​ជើងឯក​គ្រប់ៗ​គ្នា៕