កសិផល​នៅ​ខេត្ត​ប៉ៃលិន ខ្វះ​ទីផ្សារ

ការ​ខ្វះ​ទីផ្សារ និង​ការ​ពុំ​ទាន់​មាន​រោង​ចក្រ​កែ​ឆ្នៃ​លើ​ដំណាំ​ពោត​នៅ​ក្នុង​ប្រទេស​ កម្ពុជា កំពុង​ក្លាយ​ជា​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រជា​កសិករ ដែល​ពឹង​ផ្អែក​ទៅ​លើ​របរ​ធ្វើ​កសិកម្ម។

0:00 / 0:00

កសិករ​ក្រីក្រ​ដ៏​ច្រើន​លើស​លុប​នៅ​ក្នុង​ខេត្ត​ប៉ៃលិន កំពុង​ធ្លាក់​ខ្លួន​ជា​កូន​បំណុល​គេ ដោយ​សារ​តែ​ការ​និយម​នាំ​គ្នា​ទៅ​ខ្ចី​បុល​លុយ​ពី​ធនាគារ និង​ចង​ការ​ប្រាក់ ពី​ម្ចាស់​បំណុល ដើម្បី​យក​ទៅ​ធ្វើ​ជា​ដើម​ទុន​នៅ​គ្រា​ ដែល​ពួក​គាត់​ចុះ​បង្ក​បង្កើន​ផល​ដំណាំ​ផ្សេងៗ។

លោក​ស្រី វ៉ែន ដារា សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ថា ប្រជា​កសិករ​ជា​ច្រើន នៅ​ខេត្ត​ប៉ៃលិន បាន​ជួប​ប្រទះ​នូវ​បញ្ហា​ជា​ច្រើន ដូច​ជា​ផល​ដំណាំ​ពោត​នៅ​តាម​ចម្ការ​ខ្លះ​រង​ការ​ខូច​ខាត​ដោយ​សារ​តែ​គ្រោះ​ធម្មជាតិ និង​មួយ​ចំនួន​ទៀត​ទទួល​បាន​ផល​ដែរ តែ​មាន​តម្លៃ​ថោក ខណៈ​ដែល​ពួក​គាត់​កំពុង​ធ្លាក់​ខ្លួន​ជំពាក់​លុយ​គេ ៖ «ជួន​កាល​ធ្វើ​អ៊ីចឹង​មាន​ការ​រាំង​ស្ងួត​ដាំ​ម្ដង​អ៊ីចឹង​ទៅ វា​អត់​បាន​ផល អ៊ីចឹង​ត្រូវ​បង្ខំ​ដាំ​ម្ដង​ទៀត ប្រជា​ពល​រដ្ឋ​ខ្លះ​យក​លុយ​ធនាគារ ខ្លះ​យក​លុយ​ឯកជន ការ​ឡើង​ទៅ​ដល់ ៨% ៥% ៧% អ៊ីចឹង​ហើយ​ធ្វើ​មួយ​ឆ្នាំ​ៗ បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​គេ​វិញ»

កសិករ​ឈ្មោះ សេន ត បាន​ឲ្យ​ដឹង​ថា ប្រជា​កសិករ​តិច​តូច​ណាស់ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​មាន​ជីវភាព​ធូរធារ មិន​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ និង​មិន​ចង​ការ​ប្រាក់​គេ​យក​ទៅ​ធ្វើ​ដើម​ទុន នៅ​ពេល​រដូវ​ចុះ​បង្ក​បង្កើន​ផល​ដំណាំ។ លោក​ថា បញ្ហា​កសិករ​ខេត្ត​ប៉ៃលិន​ខ្វះ​ដើម​ទុន​ចុះ​បង្ក​បង្កើន​ផល​នេះ បាន​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ នៅ​ឆ្នាំ​២០១០​នេះ កាន់​តែ​កើន​ឡើង​ថែម​ទៀត ៖ «វា​សឹង​តែ​៩០% ចង​ការ​ធនាគារ​យក​មក​ធ្វើ​ចម្ការ អា​ហ្នឹង​វា​ធ្ងន់ អា​ហ្នឹង​បើ​យើង​អត់​ចង​ការ​គេ វា​អត់​មាន​ទុន បាន​ផល​មក​យើង​ទៅ​ដោះ​ដូរ​បង់​ការ​បង់​អី​រំលស់​ដើម​រំលស់​ការ​អ៊ីចឹង​ទៅ»

តួ​លេខ​អាជ្ញាធរ​ខេត្ត​បាន​បង្ហាញ​ថា ខេត្ត​ប៉ៃលិន​មាន​ផ្ទៃ​ដី​កសិកម្ម​ជិត​៥​ម៉ឺន​ហិកតារ មាន​ប្រជា​ពល​រដ្ឋ​ចំនួន​១២.៤៨៦​គ្រួសារ ភាគ​ច្រើន​លើស​លុប​នៃ​ចំនួន​អ្នក​ស្រុក គឺ​ប្រកប​របរ​ធ្វើ​កសិកម្ម​ដាំ​ដុះ​ដំណាំ​ពោត ដំឡូង​មី និង​ដំណាំ​តិច​តូច​មួយ​ចំនួន​ទៀត ដូច​ជា​ល្ង សណ្ដែក។

ក្រុម​កសិករ​ទាំង​នោះ​បាន​ត្អូញត្អែរ​ថា កសិករ​ភាគ​ច្រើន​បាន​ក្លាយ​ជា​កូន​បំណុល​គេ ក្រោយ​ពី​ការ​ខ្ចី​លុយ និង​ចង​ការ​ប្រាក់​គេ​មក​ធ្វើ​ជា​ដើម​ទុន​ដាំ​ដុះ​ផល​ដំណាំ។ នៅ​ពេល​ចុះ​ភ្ជួរ​រាស់​ដី​ដាំ​ដុះ ពួក​គាត់​ត្រូវ​ចំណាយ​លុយ​ជួល​កម្លាំង​ពលកម្ម​អូស​ទាញ ពេល​ខ្លះ ដំណាំ​ក្នុង​ចម្ការ​ទាំង​នោះ ទទួល​រង​ការ​ខូច​ខាត ដោយ​សារ​គ្រោះ​ធម្មជាតិ ប៉ុន្តែ​ពេល​ប្រមូល​ផល​រួច​ហើយ ក៏​ជួប​វិបត្តិ​អត់​ទី​ផ្សារ ៖ «ទី​១ តម្លៃ​ទីផ្សារ ទី​២ ធម្មជាតិ​មិន​អំណោយ​ផល​ឲ្យ ជួន​កាល​រាំង អ៊ីចឹង​ទៅ ប្រយ័ត្ន​តែ​ភ្លៀង​មក​ជាន់​ស្រ៊ឹបៗ ធ្វើ​ឲ្យ​ដំណាំ​យើង​ខូច ម្យ៉ាង​ឈ្មួញ​កណ្ដាល​ក្រឡុក​យើង​ខ្លះ​អ៊ីចឹង​ទៅ»

បច្ចុប្បន្ន​ផល​ដំណាំ​ពោត​របស់​កសិករ​ខ្មែរ ត្រូវ​បាន​ក្រុម​ឈ្មួញ​កណ្ដាល​ដើរ​ប្រមូល​ទិញ ហើយ​ដឹង​ជញ្ជូន​ទៅ​លក់​ឲ្យ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម។ ប៉ុន្តែ​ក្រុម​កសិករ​បាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​ទិញ​របស់​ក្រុម​ឈ្មួញ​កណ្ដាល​ពី​ប្រជា​កសិករ​ខ្មែរ មាន​តម្លៃ​ថោក ដែល​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​កសិករ​ខ្មែរ​ចំណាយ​ដើម​ទុន​ច្រើន​ក្នុង​ការ​ដាំ​ដុះ តែ​ទទួល​បាន​ផល​ចំណេញ​តិច ៖ «ពេល​ដែល​បាន​ផល​ហើយ​ហ្នឹង​អត់​មាន​ទីផ្សារ​ទេ ស្រេច​តែ​ឈ្មួញ ពេល​ណា​ពោត​បាន​មុន​គេ​បាន​ថ្លៃ​បន្តិច ពេល​ណា​ដែល​ជន់​ពោត​ច្រើន ឈ្មួញ​ទម្លាក់​តម្លៃ ដល់​មាន​បញ្ហា​អ៊ីចឹង​កើត​ឡើង គឺ​ថា​ប៉ះ​ពាល់​ជីវភាព​ប្រជា​ពល​រដ្ឋ»

លោក សាយ សុខា អនុ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ថា ក្រុម​ឈ្មួញ​កណ្ដាល​បាន​ដើរ​ប្រមូល​ទិញ​ពោត​ពី​កសិករ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន គឺ​តម្លៃ​ពោត​ស្នូល​ក្នុង​១​គីឡូ​ក្រាម ថ្លៃ​៣​បាត ៤​កាក់ ស្មើ​ជិត​៤​រយ​ប្រាក់​រៀល និង​ពោត​គ្រាប់​ក្នុង​មួយ​គីឡូ​គ្រាម ថ្លៃ​៥​បាត ស្មើ​៦​រយ​ប្រាក់​រៀល។ លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​កសិករ​ចំណាយ​ដើម​ទុន​ក្នុង​ការ​ដាំ​ពោត​អស់​ច្រើន តែ​លក់​បាន​តម្លៃ​ទាប ៖ «ទុន​នៃ​ការ​ផលិត វា​ច្រើន បើ​គិត​ជា​ពូជ ថ្លៃ​ក្នុង​ហិកតារ ទី​ពីរ​បញ្ហា​កម្លាំង​ពលកម្ម ព្រោះ​គាត់​ចំណាយ​លើ​កម្លាំង​ពលកម្ម​ហ្នឹង​ច្រើន ឥឡូវ​ជួល​ក្នុង​ម្នាក់ ក្នុង​១០០​ទៅ​១២០​បាត ស្មើ​១​ម៉ឺន ១​ម៉ឺន​២​ពាន់​រៀល សម្រាប់​ម្នាក់​ក្នុង​១​ថ្ងៃ ចំណាយ​ក្នុង​១​ហិកតារ​ហ្នឹង​ចូល​១​ម៉ឺន​បាត​ជាង តាំង​ពី​ភ្ជួរ​ព្រោះ​ដាំ រហូត​ដល់​ប្រមូល​ផល​វិញ ជាង​១​ម៉ឺន​បាត»

លោក​អនុ​ប្រធាន​មន្ទីរ​កសិកម្ម​បាន​បន្ត​ថា ដើម្បី​ជួយ​ដល់​ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ខាង​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន នៅ​ឆ្នាំ​២០១០​នេះ បាន​ជួយ​គ្រាប់​ពោត​ពូជ​ទៅ​ដល់​ប្រជា​កសិករ​ក្រីក្រ​នៅ​តាម​សហគមន៍ ចំនួន​៥​តោន ពោត​ពូជ ដើម្បី​ឲ្យ​កសិករ​យក​ទៅ​ដាំ ៖ «ការ​ជួយ​គឺ​យើង​គ្រាន់​តែ​ទិញ​ពូជ​យក​ទៅ​ឲ្យ​គាត់ ទុក​ឲ្យ​គាត់​យក​ពូជ​ហ្នឹង​ដាំ ហើយ​ឆ្នាំ​ក្រោយ​គាត់​ទុក​លុយ​សម្រាប់​ទិញ​ពូជ​ហ្នឹង យក​ទៅ​ដាំ​ឆ្នាំ​ក្រោយ​បន្ត​ទៀត មាន​ន័យ​ថា យើង​អត់​មាន​គិត​លុយ​យក​ពី​គាត់​ទេ»

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​កសិករ​បាន​ឲ្យ​ដឹង​ថា មាន​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​ខ្លះ ដែល​បាន​ខ្ចី​ប្រាក់ និង​ចង​ការ​ប្រាក់​គេ កំពុង​ជួប​នូវ​បញ្ហា​ធ្ងន់ធ្ងរ​មិន​អាច​រក​លុយ​សង និង​បង់​ការ​ប្រាក់​ទៅ​ឲ្យ​ម្ចាស់​បំណុល​បាន​ដោយ​សារ​តែ​ផល​ដំណាំ​ពោត​របស់​ពួក​គាត់ បាន​ទទួល​រង​ការ​ខូច​ខាត​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ និង​ខ្លះ​បាន​ផល​ដែរ តែ​លក់​បាន​តម្លៃ​ថោក។

ទន្ទឹម​គ្នា​នេះ​ក្រុម​កសិករ​ខេត្ត​ប៉ៃលិន​បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ ធ្វើ​យ៉ាង​ណា​ទាក់​ទាញ​ក្រុម​អ្នក​វិនិយោគ​ទុន​ក្រៅ​ប្រទេស​មក​បើក​រោង​ចក្រ​កែ​ឆ្នៃ​ផល​ដំណាំ​ពោត នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​អាច​ធ្វើ​ឲ្យ​តម្លៃ​ផល​ដំណាំ​ពោត​របស់​កសិករ​ខ្មែរ អាច​ទប់​ទល់​ទៅ​ដើម​ទុន​ដែល​ពួក​គាត់​បាន​ចំណាយ​អស់​ច្រើន នៅ​ពេល​ចុះ​បង្ក​បង្កើន​ផល៕