លោក នូ ធឿង ប្រធានពន្ធនាគារខេត្តប៉ៃលិនមានប្រសាសន៍ នៅថ្ងៃព្រហស្សត្តិ៍ទី២៥ ខែសីហា ឆ្នាំ២០១១ ថា ទីតាំងដែលត្រូវសាងសង់ពន្ធនាគារថ្មីនោះ ស្ថិតនៅខាងក្រោយវត្តប៉ាហ៊ី ក្នុងទីរួមខេត្តប៉ៃលិន ៖ «ដើមឆ្នាំ២០១២ ក្រសួងមហាផ្ទៃ នឹងចាប់ផ្ដើមសាងសង់អគារគុកថ្មី ១៣ អគារ ក្នុងប៉ុស្តិ៍ប៉មយាម១ លើផ្ទៃដី១ហិកតា ដែលត្រូវចំណាយថវិកាអស់ប្រមាណជាងមួយរយសែសិបម៉ឺនដុល្លារ»។
រដ្ឋាភិបាលបានប្រកាសបង្កើតខេត្តប៉ៃលិនជាផ្លូវការ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៩៧ ក្រោយអតីតកងទ័ពខ្មែរក្រហម បានធ្វើសមាហរណកម្ម ឬចុះចូលរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ១៩៩៦។
ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងទៅនេះ ខេត្តប៉ៃលិន ពុំមានស្ថាប័នតុលាការសម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានទេ។ រាល់ការប្ដឹងផ្ដល់ទំនាស់ផ្សេងៗ របស់ប្រជាពលរដ្ឋ និងបទល្មើសផ្សេងៗ ត្រូវបានកងកម្លាំងមានសមត្ថកិច្ចចាប់បញ្ជូនមកកាត់ទោសនៅតុលាការខេត្តបាត់ដំបង និងឃុំខ្លួននៅពន្ធនាគារខេត្តបាត់ដំបង។
កាលពីខែមករា ឆ្នាំ២០១១ រដ្ឋាភិបាលកម្ពុជា បានធ្វើពិធីប្រកាសជាផ្លូវការ បង្កើតតុលាការខេត្តប៉ៃលិន ដើម្បីជួយសម្រួលសេវាច្បាប់ក្នុងមូលដ្ឋាន។ ប៉ុន្តែខេត្តនេះ នៅមិនទាន់មានពន្ធនាគារសម្រាប់ប្រើប្រាស់ទេ។
មន្ត្រីផ្នែកស្រាវជ្រាវពន្ធនាគាររបស់អង្គការសិទ្ធិមនុស្ស លីកាដូ លោក រ៉ាន់ វណ្ណចន បានស្វាគមន៍ចំពោះគម្រោងសាងសង់ពន្ធនាគារនៅខេត្តប៉ៃលិន។ លោកថា ការសាងសង់គុកថ្មីបានកាន់តែឆាប់ កាន់តែប្រសើរ ពីព្រោះការប្រើប្រាស់អតីតអគាររោងកុនធ្វើជាមន្ទីរឃុំឃាំងអ្នកទោសនៅក្នុងខេត្តប៉ៃលិននោះ កំពុងមានភាពច្របូកច្របល់។
លោក រ៉ាន់ វណ្ណចន ៖ «ពន្ធនាគារខេត្តប៉ៃលិន វាមិនទាន់មានលក្ខណៈជាពន្ធនាគារទេ។ ការឃុំខ្លួនមានភាពច្របូកច្របល់គ្នា រវាងបុរស និងស្ត្រី។ មើលទៅការឃុំខ្លួនដូចនៅក្នុងផ្ទះតែមួយអញ្ចឹង មិនមែនជាមន្ទីរឃុំឃាំងទេ។ អ៊ីចឹងយើងសំណូមពរដល់នាយកដ្ឋានពន្ធនាគារត្រូវគិតគូរបញ្ហា ចៀសវាងការដាក់អ្នកទោស មើលឃើញគ្នាទៅវិញទៅមករវាងបុរស និងស្ត្រី»។
ប្រធានពន្ធនាគារខេត្តប៉ៃលិនលោក នូ ធឿង មានប្រសាសន៍ថា ខេត្តប៉ៃលិនបច្ចុប្បន្នបានយកអតីតអគាររោងកុនពិភពថ្មីប្រើប្រាស់ជាពន្ធនាគារជាបណ្ដោះអាសន្ន។ លោកថា ចាប់តាំងពីខេត្ត និងក្រសួងយុត្តិធម៌ បង្កើតតុលាការនៅខេត្តនេះមក ចំនួនអ្នកទោសបានកើនឡើងជាបន្តបន្ទាប់រហូតទៅដល់ ១១៦ នាក់។ ក្នុងនោះអ្នកទោសជាស្ត្រី ២៤ នាក់ និងកុមារមកតាមម្លាយៗរបស់ពួកគេចំនួន ២៣ នាក់៕