មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថា ការពន្លឿនលើកិច្ចការពារតំបន់ភ្នំគូលែន ដោយអភិរក្សទាំងធម្មជាតិ និងវត្ថុបុរាណជាច្រើនផងនោះ គឺជាកិច្ចខិតខំប្រឹងប្រែងទៅតាមអនុសាសន៍របស់ក្រុមអ្នកជំនាញអន្តរជាតិ ដើម្បីរៀបចំជាឯកសារស្នើសុំដាក់បញ្ចូលតំបន់ភ្នំគូលែនទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ផ្ទុយទៅវិញ អ្នកភូមិមួយចំនួនបែរជាមានការព្រួយបារម្ភនៅពេលដែលឮថារដ្ឋាភិបាលចាប់ផ្ដើមការពារតំបន់នោះ។
តើក្រុមអ្នកភូមិទាំងនោះព្រួយបារម្ភអំពីបញ្ហាអ្វីខ្លះ?
ក្រុមប្រជាពលរដ្ឋមួយចំនួនដែលកំពុងរស់នៅតាមភូមិលើភ្នំគូលែន នៃឃុំខ្នងភ្នំ ស្រុកស្វាយលើ បានសម្ដែងការព្រួយបារម្ភចំពោះជីវភាពប្រចាំថ្ងៃ ប្រសិនបើពួកគេមិនអាចកាប់ឆ្ការព្រៃទៅតាមទម្លាប់របស់ដូនតាជាច្រើនជំនាន់មកហើយ ដើម្បីដាំស្រូវ និងបន្លែបានតទៅទៀតនោះ។
ការព្រួយបារម្ភបានកើតឡើងបន្ទាប់ពីគេដឹងថា រដ្ឋាភិបាលកំពុងរៀបចំបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីអនុវត្តន៍ផែនការការពារតំបន់ខ្នងភ្នំគូលែន មិនឱ្យកាប់ឈើ រានព្រៃ និងបោះបង្គោលកំណត់ព្រំដែនការពារប្រាសាទបុរាណជាច្រើនក្នុងទីនោះ។
លោក ផន ភាល់ គឺជាប្រធានភូមិខ្លាឃ្មុំ គាត់បានមានប្រសាសន៍ថា គាត់ និងអ្នកភូមិមួយចំនួនទៀតសម្ដែងការអបអរចំពោះរដ្ឋាភិបាលដែលចាប់ផ្ដើមការពារតំបន់ភ្នំគូលែន ក៏ប៉ុន្តែទន្ទឹមនឹងនេះ ការបោះបង្គោលកំណត់តំបន់ការពារប្រាសាទបុរាណ ក៏បានធ្វើឱ្យប៉ះពាល់ទៅដល់ដីចម្ការវិលជុំរបស់ប្រជាពលរដ្ឋខ្លះ។ បុរសដដែលបានមានប្រសាសន៍ថា បើទោះបីជាមានការប៉ះពាល់ដល់ដីចម្ការវិលជុំខ្លះក៏ដោយ ក៏អ្នកភូមិមិនតវ៉ាចំពោះផែនការនោះទេ គឺគ្រាន់តែព្រួយបារម្ភចំពោះជីវភាពប៉ុណ្ណោះ ប្រសិនបើគ្មានដីធ្វើកសិកម្មចិញ្ចឹមជីវិត៖ «មានអង្គការមួយ គេហៅ អេ.ឌី.អេហ្វ (ADF) នោះ គឺគាត់ដើរបោះឡាក់តាមប្រាង្គប្រាសាទរួចហើយ។ ព្រួយបារម្ភនេះព្រួយខ្លះហ្នឹងឯង ប៉ុន្តែមិនដឹងទៅធ្វើយ៉ាងម៉េច អត់មានចូលទៅធ្វើបានទេ តែកំណត់គេបោះហើយ។ ធ្វើម៉េចបើយើងនៅតំបន់គេការពារ ហាមឃាត់ ហើយមានតែទុកឱ្យជាសម្បត្តិរដ្ឋទៅ»។
ចំណែកលោក ឈឿម តាំង ជាមេឃុំខ្នងភ្នំ បានមានប្រសាសន៍ថា បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជាង ៣.៣០០នាក់ រស់នៅក្នុងភូមិចំនួន៩ លើខ្នងភ្នំគូលែន។ ក្នុងចំណោមអ្នកភូមិទាំងនោះ មានតែមួយភូមិប៉ុណ្ណោះដែលមិនកាប់ព្រៃធ្វើចម្ការពនេចរ ចំណែកឯ ៨ភូមិទៀត គឺបានប្រកបរបរកាប់ព្រៃតាមទម្លាប់ដូនតារបស់ពួកគេជាច្រើនជំនាន់មកហើយ។ លោកមេឃុំបានមានប្រសាសន៍ថា នៅពេលណាដែលផែនការការពារតំបន់ភ្នំគូលែន ចាប់ផ្ដើម គឺអាចនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋដែលតែងកាប់ព្រៃធ្វើចម្ការពនេចរជាមិនខាន៖ «បើរដ្ឋាភិបាលការពារនៅតំបន់នេះ ទាល់តែរដ្ឋាភិបាលជួយ ដូចថាឱ្យជាដីសម្បទានសង្គមកិច្ចឱ្យគាត់ បានទៅរួច»។
ក្រុមប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ ឃុំ បានយល់ឃើញថា បើទោះបីជាការចាប់ផ្ដើមអនុវត្តន៍ផែនការការពារតំបន់ភ្នំគូលែន នឹងធ្វើឱ្យប៉ះពាល់ការរស់នៅប្រចាំថ្ងៃរបស់គេ ដោយបញ្ចប់ការកាប់រានព្រៃធ្វើចម្ការខ្លះក៏ដោយ ក៏គេយល់ថា កិច្ចការពារបេតិកភណ្ឌ និងធម្មជាតិនៅលើភ្នំគូលែន នោះ គឺវាមានសារសំខាន់ជាងតម្រូវការរបស់ពួកគេទៅទៀត។ ដោយសារតែការយល់ដឹងពីផលប្រយោជន៍របស់ភ្នំគូលែន ដូច្នេះ ពេលបច្ចុប្បន្នក្រុមអ្នកភូមិជាច្រើនបានចាប់ផ្ដើមរៀនជំនាញថ្មី ដើម្បីត្រៀមខ្លួនផ្លាស់ប្ដូរមុខរបរនៅមុនពេលដែលវិធានការហាមឃាត់ការកាប់រានព្រៃមកដល់។
ក្រុមអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដូចជាអង្គការអកស្វាម (OXFAM) និងអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ (ADF) បានចាប់ផ្ដើមបង្រៀនប្រជាពលរដ្ឋនៅតាមភូមិលើខ្នងភ្នំគូលែន ជាច្រើនឆ្នាំមកហើយ ឱ្យចេះជំនាញបណ្ដុះផ្សិត ចិញ្ចឹមត្រី ចិញ្ចឹមជ្រូក និងមាន់ទា សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ដោយមិនចាំបាច់ទៅកាប់ឆ្ការព្រៃធ្វើចម្ការពនេចរ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានធម្មជាតិនោះទេ។ ក្រុមអ្នកភូមិឱ្យដឹងថា ពួកគេកំពុងប្រឹងប្រែងរៀនយកជំនាញទាំងនេះ ដើម្បីផ្លាស់ប្ដូរមុខរបរថ្មី នៅពេលណាដែលវិធានការរបស់រដ្ឋាភិបាលហាមកាប់រានព្រៃបានចាប់ផ្ដើមអនុវត្តន៍នៅតំបន់ពួកគេរស់នៅនោះ។
អាជ្ញាធរខេត្តសៀមរាប បានឱ្យដឹងថា បើទោះបីជារដ្ឋាភិបាលមានផែនការការពារតំបន់ភ្នំគូលែន ដោយបោះបង្គោលកំណត់ព្រំប្រទល់ការពារប្រាសាទបុរាណ និងហាមកាប់ព្រៃនៅតំបន់ខ្លះ ដែលអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិក៏ដោយ ក៏រដ្ឋាភិបាលនឹងមានដំណោះស្រាយដ៏សមស្របមួយចំពោះបញ្ហាទាំងនោះ។
លោក ស៊ូ ភិរិន្ទ ជាអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា សាលាខេត្តនឹងជួបប្រជុំជាមួយមន្ត្រីមកពីស្ថាប័នចម្រុះ នៅក្នុងអំឡុងខែធ្នូ នេះ ដើម្បីបង្កើតចេញជាគណៈកម្មការចម្រុះមួយធ្វើការពាក់ព័ន្ធនឹងកិច្ចការពារតំបន់ភ្នំគូលែន ព្រមទាំងធ្វើការសិក្សាទៅលើផលប៉ះពាល់នានាផង៖ «គឺយើងបង្កើតគណៈកម្មការសិនមើល តើវាប៉ះអ្វី វានៅអ្វី វាមានអ្វី? រកផ្លូវដើរយ៉ាងម៉េចដែលមានការសម្រេចចូលរួមពីរដ្ឋាភិបាល ដើម្បីដាក់លក្ខខ័ណ្ឌ។ តែដល់យើងជំនុំជុំគ្នា យើងដឹងហើយ។ យើងកាត់ប៉ុន្មាន ទុកប៉ុន្មាន គង់តែដឹងទេ ក៏ប៉ុន្តែចាំបង្កើតគណៈកម្មការរួចសិន»។
លោកបណ្ឌិត ហង្ស ពៅ ជាអគ្គនាយករងអាជ្ញាធរអប្សរាទទួលបន្ទុកអភិរក្សធនធានទឹក និងព្រៃឈើ បានមានប្រសាសន៍ថា ភ្នំគូលែន ក្រៅតែពីមានប្រាសាទបុរាណ និងវត្ថុជាច្រើនទាក់ទងនឹងព្រហ្មញ្ញសាសនា ដែលគេជឿថាជាទីសក្ដិសិទ្ធិនោះ វាក៏ជាប្រភពទឹកសម្រាប់ក្រុងសៀមរាប ដែរ។ បុព្វបុរសខ្មែរជាច្រើនជំនាន់មកហើយ បានឱ្យតម្លៃទឹកដែលហូរចុះពីខ្នងភ្នំគូលែន គឺជាទឹកអម្រឹត និងសក្ដិសិទ្ធិ ដោយសារតែគិតថាភ្នំគូលែន សំខាន់ខ្លាំងណាស់សម្រាប់ក្រុងអង្គរ និងព្រលឹងរបស់ជាតិខ្មែរទាំងមូល។
អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ដែលបានចុះស្រាវជ្រាវ និងកំណាយនៅភ្នំគូលែន ជាច្រើនឆ្នាំ បានបង្ហាញរបាយការណ៍ថា នៅខ្នងភ្នំគូលែន មានប្រាសាទបុរាណជាច្រើនមានកន្លែងសក្ការបូជាបែបព្រហ្មញ្ញសាសនា កន្លែងឥសីសំណាក់ធម៌ ព្រមទាំងមានកន្លែងរាជធានីចាស់តាំងពីសតវត្សទី៩ និងវត្ថុបុរាណ ដែលនៅរាយប៉ាយជាច្រើនកន្លែង កប់ក្នុងព្រៃ។ ក៏ប៉ុន្តែពេលបច្ចុប្បន្ន មានអ្នកចំណូលថ្មីជាច្រើន បានទៅកាន់ភ្នំគូលែន ហើយចាប់ផ្ដើមកាប់ឆ្ការព្រៃធ្វើចម្ការ និងដាំដើមស្វាយចន្ទី ជាច្រើន គួរឱ្យព្រួយបារម្ភ។
លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលអន្តរជាតិ (អាយ.ស៊ី.ស៊ី = ICC) កាលពីពេលថ្មីៗថា ភ្នំគូលែន កំពុងតែទទួលរងគ្រោះ។ លោកបានជំរុញឱ្យអាជ្ញាធរខេត្តសៀមរាប បង្កើតជាគណៈកម្មការមួយយ៉ាងប្រញាប់ប្រញាល់ ដើម្បីការពារខ្ពង់រាបមួយនោះជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។