ឃ្មួញជាឈ្មោះភូមិមួយនៅរាជធានីភ្នំពេញក្នុងខណ្ឌឫស្សីកែវដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីផ្លូវសហព័ន្ធរុស្ស៊ី នៅក្នុងភូមិនោះមានប្រជាពលរដ្ឋជាង២០០គ្រួសារកំពុងរស់នៅ។
អ្នកភូមិនិងអាជ្ញាធរបានអះអាងថា ក្នុងភូមិរបស់ពួកគាត់គ្មានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃរហូតមកធ្វើឲ្យពួកគាត់ប្រឈមមុខនឹងបញ្ហាគ្រប់យ៉ាង។
ស្ត្រីមេផ្ទះម្នាក់នៅក្នុងភូមិឃ្មួញដែលកំពុងដងទឹកចេញពីពាងនៅមុខផ្ទះបានរៀបរាប់ថា ចាប់តាំងពីគាត់មករស់នៅក្នុងភូមិនេះតាំងពីឆ្នាំ១៩៩០ គាត់មិនដែលមានទឹកស្អាតរបស់រដ្ឋមកប្រើប្រាស់ទេ ពួកគាត់ប្រើប្រាស់តែទឹកភ្លៀងនិងទឹកតាមបឹងត្រពាំងតែប៉ុណ្ណោះ។
ស្ត្រីមេផ្ទះដដែលបានឲ្យដឹងថា ៖ «ទឹកនេះដូចថាហូរពីភូមិទៅ វាមិនស្អាតទេ តាមថ្លុក តាមត្រពាំង ហូរតាមភូមិទៅ។ ចេះតែនាំគ្នាប្រើងូត ដាំអីអ៊ីចឹងទៅ ទ្រាំទិញគេមួយឡានប្រើអ៊ីចឹងទៅ»។
បុរសម្នាក់ឈ្មោះ មុត ហៃ ដែលជាអ្នកភូមិដែរនោះបានអះអាងប្រាប់វិទ្យុអាស៊ីសេរីថា គាត់ត្រូវចំណាយលុយទិញទឹកយកមកប្រើប្រាស់ក្នុងមួយពាង៦០០០រៀល ហើយមិនបានទឹកស្អាតយកមកប្រើទៀត គឺគេយកទឹកតាមបឹងត្រពាំងយកមកលក់ឲ្យគាត់។
លោក មុត ហៃ បានមានប្រសាសន៍ថា ៖ «ទិញហ្នឹងគឺគេបូមទឹកបឹង ទឹកអត់ល្អដែរ ហូរទឹកពីភ្នំពេញចូលបឹងហ្នឹង ឥឡូវទឹកបឹងឡើងខៀវ យើងយកមកប្រើ»។
ប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀតបានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់មានការពិបាកក្នុងការរស់នៅប្រចាំថ្ងៃព្រោះត្រូវហូបទឹកនិងមុជទឹកមិនស្អាតធ្វើឲ្យពួកគាត់មានជំងឺរាករូសជាដើម ៖ «ទឹកស្រះ ជួនកាលយើងទិញទឹកគេហ្នឹង មិនបានល្អមកទេ គេបូមទឹកពីស្រះមកឲ្យយើង យើងដាំទៅ»។
ប្រធានភូមិឃ្មួញ លោក ហ៊ុល ឆែម បានទទួលស្គាល់ថា ទាំងគ្រួសាររបស់លោកនិងប្រជាពលរដ្ឋទាំង២៧៨គ្រួសារនៅក្នុងភូមិ ពិតជាអត់មានទឹកស្អាតប្រើប្រាស់មែន ហើយថាបើប្រជាពលរដ្ឋណាដែលមានជីវភាពធូរធារដែលមានចំនួនតិចតួចនោះអាចមានលទ្ធភាពទិញទឹកម៉ាស៊ីនយកមកប្រើប្រាស់។ ចំណែកឯប្រជាពលរដ្ឋដែលមានជីវភាពក្រោមមធ្យមមានលទ្ធភាពត្រឹមតែទិញទឹកបឹងត្រពាំងយកមកប្រើប្រាស់តែប៉ុណ្ណោះ។
លោក ហ៊ុល ឆែម បានបញ្ជាក់ថា ៖ «អត់ទឹកអ៊ីចឹងស្នើ សំណូមពរទៅកម្មវិធី ចេះតែស្នើទៅសុំទៅ ខ្ញុំចេះតែដោះស្រាយទៅ។ ទិញទឹក ខ្លះមានលទ្ធភាពទិញទឹកម៉ាស៊ីន ខ្លះទិញទឹកបឹង»។
បើតាមប្រធានផ្នែកលើកកម្ពស់សុខុមាលភាពរាធានីភ្នំពេញនិងជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភាជាតិ លោក គង់ ឆូវផល្លី មានប្រសាសន៍ថា ទឹកនៅតាមបឹងត្រពាំងទាំងនោះមានទាំងមេរោគនិងជាតិគីមីដែលអាចបំផ្លាញជីវិតមនុស្សដោយងាយ។ នៅពេលដែលពួកគេយកទឹកនោះមកប្រើប្រាស់និងបណ្ដាលឲ្យមានកើតកមរមាស់នៅលើស្បែក មានក្លិនខ្លួនមិនល្អ ចំណែកឯសុខភាពខាងក្នុងផ្លូវកាយវិញ គឺធ្វើឲ្យមានជំងឺរាករូស រលាកពោះវៀន រលាកក្រពះជាដើម។
លោក គង់ ឆូវផល្លី មានប្រសាសន៍ថា ៖ «គាត់មានបញ្ហា ដូចបញ្ហាគីមីអី វាប៉ះពាល់ដល់សុខភាពគាត់ជាប្រចាំ។ កាលណាបរិភោគដោយជាតិកាល់ស្យូម ប៉ូតាស្យូមច្រើននៅក្នុងទឹកហ្នឹងច្រើន ក៏វាអាចទៅជាកាល់គីលនៅក្នុងតម្រងនោមហ្នឹងដែរ។ បើសិនជាមានជាតិពួកអាសេនិកអីមួយចំនួនហ្នឹង ក៏អាចធ្វើឲ្យពោះវៀន ក្រពះ ដើរអត់ស្រួល ផ្លូវខ្យល់ផ្លូវដកដង្ហើមក៏អត់សូវស្រួលដែរ។ មួយទៀត វារលាក វាប៉ះស្បែក កើតជំងឺសើស្បែកជាប្រចាំ ហើយបើមានអាត់ មានជំងឺ វាមានអាមីប មានពួកប៉ារ៉ាស៊ីត វាមានអីផ្សេងៗទៀត ឆ្លងកើតជំងឺដង្កូវពោះវៀន។ ហើយបើសិនជាគាត់ងូត គាត់អីអ៊ីចឹងទៅ គាត់លាងអីទៅ មេរោគដែលទាក់ទងផ្លូវភេទអីហ្នឹងក៏អាចឆ្លងមកក្នុងហ្នឹងដែរ ជាពិសេសពួកអាមីប។ បើសិនជាគាត់គ្មានវិធានការអ៊ីចឹងទេ គាត់ធ្វើអ៊ីចឹង អាហ្នឹងគាត់ត្រូវតែប្រឈមមុខនឹងជំងឺ និងការប៉ះពាល់សុខភាពជាប្រចាំ»។
ឆ្លើយតបនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើ អភិបាលរងខណ្ឌឫស្សីកែវ លោក កូប ស្លេះ មានប្រសាសន៍ថា នៅក្នុងខណ្ឌរបស់លោកមិនមានតែសង្កាត់ឃ្មួញនោះទេដែលមិនទាន់មានទឹកស្អាតប្រើប្រាស់នោះ ប៉ុន្តែទោះជាយ៉ាងណាមន្ត្រីរដ្ឋាករទឹកកំពុងខ្នះខ្នែងតប្រព័ន្ធទឹកហើយ ហើយនៅក្នុងសង្កាត់ភ្នំពេញថ្មីដែលកំពុងអត់មានទឹកស្អាតប្រើប្រាស់ដែរនោះនឹងមានទឹកប្រើប្រាស់នៅបំណាច់ឆ្នាំ២០០៨នេះ ចំណែកឯសង្កាត់ផ្សេងទៀតលោកនឹងធ្វើសំណើទៅសាលាក្រុងភ្នំពេញជាបន្តបន្ទាប់។
លោក កូប ស្លេះ បានមានប្រសាសន៍ថា ៖ «មាននៅសង្កាត់ភ្នំពេញថ្មី ឃើញលិខិតខាងរដ្ឋាករទឹកមួយ គាត់ថាបំណាច់ឆ្នាំនេះនឹងដាក់ហើយ នឹងឲ្យប្រើប្រាស់ហើយ ព្រោះយើងបានធ្វើហើយ កសាងស្ថានធំបំផុត កំពុងតែកសាងរាល់ថ្ងៃនេះ។ សង្ឃឹមថា ឆ្នាំ២០០៨ហើយឆ្នាំ២០០៩ខាងមុខបានប្រើហើយ។ ទើបមើលកន្លែងគាត់ថា តើទឹកដែលគេតហើយ សែនសុខ ហើយពីសែនសុខទៅគាត់ប្រវែងណាទៀត? សុំអន្តរាគមន៍ពីសាលាក្រុងភ្នំពេញ»។
តំណាងរាស្ត្រមណ្ឌលភ្នំពេញ លោក សុន ឆ័យ បានឲ្យដឹងថា មានប្រជាពលរដ្ឋជាច្រើនសង្កាត់ផ្សេងទៀតក៏អត់មានទឹកប្រើប្រាស់ដែរ ហើយលោកក៏សូមឲ្យប្រជាពលរដ្ឋនៅក្នុងភូមិនោះដាក់លិខិតមកលោកដែលជាតំណាងរាស្ត្រនៅក្នុងមណ្ឌលភ្នំពេញនេះដើម្បីក្រុមការងាររបស់លោកចុះទៅពិនិត្យដោយផ្ទាល់ បន្ទាប់មកលោកនឹងជំរុញឲ្យមានការតប្រព័ន្ធទឹកនេះជូនប្រជាពលរដ្ឋ។
លោក សុន ឆ័យ បានឲ្យដឹងថា ៖ «ខ្ញុំទើបតែឮ ពីព្រោះវាជារឿងចម្លែកក្នុងសង្កាត់ឫស្សីកែវ ដែលខ្ញុំដឹងថា ក្នុងខណ្ឌឫស្សីកែវនេះគឺគ្រាប់សង្កាត់ទាំងអស់គឺមានប្រព័ន្ធភ្លើង ប្រព័ន្ធទឹកគ្រប់គ្រាន់ហើយ លើកលែងតែខណ្ឌដង្កោដែលនៅមានបញ្ហាដែលយើងកំពុងតែដោះស្រាយ។ សូមជម្រាបថា មិនគប្បីមានហេតុការណ៍មិនភ្ជាប់ទឹកជូនបងប្អូនរួមជាតិយើងក្នុងខណ្ឌឫស្សីកែវនេះទេ ពីព្រោះខាងជំនួយពីបរទេសមក តាមដែលយើងដឹងគឺទឹកដែលយើងអាចផលិតនេះ គឺអាចផ្គត់ផ្គង់បានទីក្រុងភ្នំពេញទាំងមូល»។
ទាំងអាជ្ញាធរនិងប្រជាពលរដ្ឋនៅក្នុងភូមិបានឲ្យដឹងដែរថា កាលពីមុនពួកគាត់យកទឹកពីស្រះធំមួយរបស់មន្ត្រីជាន់ខ្ពស់ម្នាក់សម្រាប់ប្រើប្រាស់និងហូបប្រចាំថ្ងៃ ប៉ុន្តែប្រហែលជាពីឆ្នាំកន្លងមកនេះស្រះនោះត្រូវបានចាក់ដីលុបទើបបណ្តាលឲ្យពួកគាត់អត់មានទឹកប្រើប្រាស់ ចំណែកឯអណ្តូងដែលបានជីករួចក៏មិនអាចប្រើប្រាស់បានដែរ ព្រោះទឹកក្នុងអណ្តូងនោះមានពណ៌បៃតងហើយមានក្លិនមិនល្អទៀត។
បើតាមប្រធានភូមិឃ្មួញក៏បានឲ្យដឹងដែរថា លោកធ្លាប់បានលើកសំណើអំពីការអត់មានទឹកស្អាតប្រើប្រាស់នៅក្នុងភូមិរបស់លោកទៅថ្នាក់លើជាច្រើនដងរួចមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះមិនដែលបានចម្លើយយ៉ាងណានៅឡើយទេ។
ទោះជាយ៉ាងណាប្រជាពលរដ្ឋនៅក្នុងភូមិឃ្មួញបានទទូចសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយផ្តល់ទឹកស្អាតឲ្យពួកគាត់បានប្រើប្រាស់ដូចប្រជាពលរដ្ឋដទៃទៀតនៅក្នុងទីក្រុងភ្នំពេញនេះផង៕