នៅពេលព្រះអង្គសោយទិវង្គត តើប្រជាពលរដ្ឋនៅក្នុងខេត្តមួយនេះ មានសកម្មភាពអ្វីខ្លះចំពោះការដឹងគុណទៅព្រះបរមសពរបស់ព្រះអង្គ។
នៅខេត្តបាត់ដំបង ប្រជាពលរដ្ឋបាននាំគ្នាប្រារព្ធពិធីកាន់ទុក្ខចំពោះព្រះបរមសព របស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ។ នៅតាមលំនៅឋាន ទីកន្លែងមន្ទីរស្ថាប័នរដ្ឋ និងតាមដងផ្លូវគ្រប់ទីកន្លែងទាំងអស់ គេសង្កេតឃើញមានការបង្ហូតទង់ជាតិមួយភាគបីចុះមកក្រោម និងមានដាក់តាំងព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គ។
មនុស្សក្មេងចាស់ប្រុសស្រី ក្នុងសំលៀកបំពាក់អាវស ខោខ្មៅ និងមានពាក់បូពណ៌ខ្មៅ បាននាំគ្នាទៅដុតធូបគោរពព្រះវិញ្ញាណក្ខន្ធ ចំពោះការសោយទិវង្គតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ក្នុងទឹកមុខក្រៀមក្រំ លាយឡំនឹងការសោកស្ដាយ ដែលទ្រង់បានលាចាកលោកនេះទៅ។
នៅតាមទីវត្តអារាម ព្រះសង្ឃបានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ដោយមានចាក់ព្រះធម៌តាមមីក្រូលាន់ឮរំពង។
ក្នុងការចូលរួមពិធីកាន់ទុក្ខព្រះបរមសពរបស់ព្រះមហាវីរក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នេះ ប្រជាពលរដ្ឋខ្មែរ ក៏បានរំលឹកឡើងវិញនូវស្នាព្រះហស្តជាច្រើនរបស់ព្រះអង្គ ក្នុងការជួយទ្រទ្រង់ប្រទេសកម្ពុជា។ ការសម្ដែងមរណទុក្ខរបស់ប្រជារាស្ត្រខ្មែរ បានធ្វើឡើងយ៉ាងគគ្រឹកគគ្រេងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ទាំងនេះ បានស្ដែងអោយឃើញនូវការដឹងគុណចំពោះវីរភាព និងកេរដំណែលជាប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកដល់ប្រជាជាតិកម្ពុជា របស់ព្រះអង្គ។ នៅជាប់នឹងទីតាំងដាក់ព្រះឆាយាល័ក្ខណ៍ ក្បែររបងសាលាខេត្តបាត់ដំបង គេសង្កេតឃើញមានសិស្សសាលាប្រុសស្រីមួយក្រុម មានគ្នា ១០នាក់ បាននាំគ្នាកាត់ក្រណាត់ពណ៌ខ្មៅ ដោតម្ជុលធ្វើជាបូ ចែកដល់អ្នកដែលចូលទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គ នៅទីនោះដោយឥតគិតថ្លៃ។
សិស្សម្នាក់ បានបញ្ជាក់ពីមូលហេតុដែលពួកគាត់នាំគ្នាធ្វើបូកាន់មរណទុក្ខនោះថា៖ «ដើម្បីឲ្យខ្មែរយើងហ្នឹង ជួយគោរព ហើយនិងកាន់ទុក្ខ។ ពួកខ្ញុំគិតថា ត្រូវតែចែកអ៊ីចឹង ពួកខ្ញុំសុទ្ធអ្នករៀននៅបាត់ដំបង»។
សំណាង អាយុ ១៨ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យ បៀលប្រាយ បានថ្លែងថា នាងកើតមកជាកូនខ្មែរ ដូច្នេះនាងគោរពស្រឡាញ់ជាតិខ្មែរ។ កាលដែលរូបនាង និងសិស្សរួមថ្នាក់ បាននាំគ្នាធ្វើបូពណ៌ខ្មៅ ចែកជូនប្រជាពលរដ្ឋ នៅទីនោះ គឺបង្ហាញឲ្យឃើញពីការដឹងគុណចំពោះព្រះមហាក្សត្រ។ នាងបន្តថា ការធ្វើបូកាន់ទុក្ខចែកជូនប្រជាពលរដ្ឋនេះ ពួកនាងនឹងបន្តធ្វើរហូតពេញមួយសប្ដាហ៍នៃថ្ងៃកាន់ទុក្ខ។ ទាក់ទិននឹងការសោយទិវង្គតរបស់ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នាងបានបង្ហាញពីការសោកស្ដាយយ៉ាងក្រៃលែង៖ «ខ្ញុំមានអារម្មណ៍សោកស្ដាយមែនទែន។ គាត់ជាព្រះមហាក្សត្រល្អ ហើយគាត់ជួយសង្គ្រោះខ្មែរ ជួយបង្រួបបង្រួមជាតិធ្វើឲ្យខ្មែរ មានសុខសន្តិភាព ប្រជាជនខ្មែរទាំងអស់កើតទុក្ខ ព្រោះស្ដាយមិនងាយមានព្រះមហាក្សត្រណាដូចជាទ្រង់ទេ»។
នៅខាងមុខទីដាក់តាំងព្រះឆាយាល័ក្ខណ៍របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ គេសង្កេតឃើញមានការតុបតែងលំអផ្កាពណ៌លឿង មានស្លឹកពណ៌បៃតង នៅព័ទ្ធជុំវិញ និងនៅខាងមុខព្រះភគវ័តនោះ នៅមានអក្សរពណ៌ស សរសេរលើផ្ទៃក្រដាស និងក្រណាត់ពណ៌ខ្មៅថា៖ «ទូលបង្គំយើងខ្ញុំទាំងអស់គ្នា សូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការសោយទិវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ»។
ភ្លើងទៀន នៅបន្តឆេះនៅខាងមុខព្រះឆាយាល័ក្ខណ៍ កូនចៅរបស់ព្រះអង្គនៅតែបន្តនាំគ្នាដុតធូប ហុយផ្សែងពាសពេញផ្ទៃអាកាស លាយឡំនឹងទឹកភ្នែកយំខ្សឹកខ្សួល សោកស្ដាយចំពោះការបាត់បង់ព្រះមហាវីរក្សត្រខ្មែរដ៏ឆ្នើម។
អ្នកស្រី រីលីនយ៉ា រស់នៅភូមិសំរោង ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបន់ស្រន់សុំឲ្យព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ឆាប់បានទៅកាន់សុគតិភព និងសុំវិញ្ញាណក្ខន្ធព្រះអង្គ ជួយថែរក្សាកម្ពុជា ឲ្យបានសេចក្ដីសុខ៖ «សុំឲ្យគាត់ទៅទទួលបានសេចក្ដីសុខ និងសុំឲ្យងាកក្រោយមើលកូនចៅ ជួយថែរក្សាទឹកដីឲ្យបានសេចក្ដីសុខ»។
នៅតាមដងផ្លូវទីសាធារណៈ ក្នុងក្រុងបាត់ដំបង មានសិស្សសាលាប្រុសស្រីរាប់រយនាក់ ក្នុងសំលៀកបំពាក់អាវស ខោខ្មៅ និងមានពាក់បូកាន់មរណទុក្ខផងនោះ បានដង្ហែព្រះឆាយាល័ក្ខណ៍ទៅមក ដើម្បីបង្ហាញពីការចូលរួមទុក្ខយ៉ាងក្រៀមក្រំចំពោះការសោយទិវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ។
ម៉ក់ សុជាតិ មានវ័យ ២៣ឆ្នាំ កំពុងសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នាងបានថ្លែងថា៖ «ខ្ញុំបន់ឲ្យព្រះមហាក្សត្រ សម្ដេចតា ដែលយាងទៅបានកាន់សុគតិភព ហើយសុំឲ្យគាត់ជួយថែរក្សាកូន ចៅទូត ចៅលួត ចៅលា នៅជំនាន់ក្រោយៗឲ្យសេចក្ដីសុខទាំងអស់គ្នា»។
សុជាតិ បន្តថា សិស្សសាលា និងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអារម្មណ៍រន្ធត់ នៅពេលឮដំណឹងពីការសោយទិវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។