ធម្មកថិកវត្តព្រៃឫស្សី ព្រះតេជគុណ ធន ជិនជាលី មានថេរដីកាថា ព្រះរាជបូជនីយកិច្ចដែលព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ លះបង់សម្រាប់ពលរដ្ឋនាពេលកន្លងមក ធ្វើឲ្យដក់ជាប់ក្នុងក្រអៅបេះដូងរបស់ពួកគាត់។ ព្រះតេជគុណមានថេរដីកាបន្តថា ព្រះរាជសកម្មភាពក្នុងការដឹកនាំប្រទេសក្នុងរជ្ជកាលរបស់ព្រះអង្គនាទសវត្សរ៍ទី៥០ និង ៦០ បានធ្វើឲ្យប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យ ហើយព្រះរាជសកម្មភាពនេះ បានឆ្លុះបញ្ចាំងពីការដឹកនាំប្រកបដោយព្រហ្មវិហារធម៌ស្របតាមមាគ៌ានៃព្រះពុទ្ធសាសនា។
ម្យ៉ាងទៀត ព្រះតេជគុណ ធន ជិនជាលី មានថេរដីកាបញ្ជាក់ថា ថ្វីត្បិតព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ពុំបានដឹកនាំប្រទេសឲ្យល្អដូចជាស្ដេចចក្រពត្តិក៏ដោយ ប៉ុន្តែសមិទ្ធផលសម្រេចបានក្រោមការដឹកនាំរបស់ព្រះអង្គត្រូវគេជឿថា គុណសម្បត្តិធំជាងគុណវិបត្តិ។
ព្រះតេជគុណ ធន ជិនជាលី៖ «សរុបមកថា សេចក្ដីល្អដែលព្រះអង្គបានធ្វើហ្នឹងមានច្រើនគួរឲ្យយើងនឹករលឹក ទោះបីជាព្រះអង្គមានការភ្លាំងភ្លាត់ដោយកិច្ចការបម្រើប្រទេសជាតិខ្លះ ប៉ុន្តែយើងធ្វើយ៉ាងម៉េច ព្រះអង្គមិនមែនជាស្ដេចចក្រឯណានោះ គឺថា ជាមនុស្ស ជាព្រះរាជានៅក្នុងប្រទេសយើងដ៏តូចតាចមួយហ្នឹង បើសិនជាស្ដេចចក្របានព្រះអង្គមិនខ្វល់ខ្វាយអំពីការភ្លាំងភ្លាត់ទេ ព្រោះថាស្ដេចចក្រ ព្រះអង្គមាននូវឫទ្ធានុភាពផង មានបញ្ញាផង មានអ្នកធ្វើការជាមួយព្រះអង្គហៅថា ស្មោះត្រង់ជាមួយព្រះអង្គគ្រប់រូបគ្រប់គ្នាផង»។
ទាក់ទងនឹងព្រះរាជបូជនីយកិច្ច ក្រោមការដឹកនាំរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នេះ អគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងជាបណ្ឌិតផ្នែករដ្ឋបាល ព្រះតេជគុណ ឈឹង ប៊ុនឈា មានថេរដីកាថា អតីតព្រះមហាក្សត្របានសព្វព្រះរាជហឫទ័យឧបត្ថម្ភវិស័យពុទ្ធិកសិក្សា ឲ្យបានរីកចម្រើន និងល្បីល្បាញ។ ក្នុងនោះព្រះអង្គ បានរាជានុញ្ញាតឲ្យបង្កើតពុទ្ធិកមហាវិទ្យាល័យដំបូងបំផុតក្នុងប្រទេសនាឆ្នាំ១៩៥៤ ដែលមានឈ្មោះថា ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ហើយបច្ចុប្បន្នមហាវិទ្យាល័យនេះ ត្រូវរដ្ឋាភិបាលបង្កើតជាពុទ្ធិកសាកលវិទ្យាល័យវិញ។
ព្រះតេជគុណ ឈឹង ប៊ុនឈា៖ «ព្រះអង្គក្លាយទៅជាព្រះអគ្គពុទ្ធសាសនូបត្ថម្ភដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លានៃព្រះពុទ្ធសាសនា។ កម្ពុជាយើងស្នាមព្រះហស្តរបស់ព្រះអង្គក្នុងវិស័យព្រះពុទ្ធសាសនា ព្រះអង្គបានទំនុកបម្រុងកសាងដោយច្រើនដូចជា ផ្នែកខាងភាសាបាលី វិស័យពុទ្ធិកសិក្សា ហ្នឹងជារឿងទី១។ ព្រះអង្គបង្កើតឲ្យមានពុទ្ធិកបឋមសិក្សា ពុទ្ធិកវិទ្យាល័យ សាលាបាលីជាន់ខ្ពស់ហ្នឹងហើយរហូតដល់ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ដែលមានទីតាំងនៅក្នុងក្រសួងធម្មការ និងសាសនា នៅពេលបច្ចុប្បន្ននេះ ហើយព្រះអង្គបង្កើតឲ្យមានបញ្ញវន្តដ៏ច្រើននៅក្នុងសម័យនោះ»។
បន្ថែមលើនេះ ព្រះតេជគុណមានថេរដីកាបន្តថា ដើម្បីពង្រីកការផ្សព្វផ្សាយទ្រឹស្ដីនៃព្រះពុទ្ធសាសនា និងវប្បធម៌ ព្រមទាំងអក្សរសាស្ត្រ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ សព្វរាជហឫទ័យ ព្រះរាជទាន ព្រះរាជទ្រព្យឧបត្ថម្ភក្រុមបញ្ញវន្ត នៃពុទ្ធសាសនបណ្ឌិត្យ ឲ្យបន្តសកម្មភាពរបស់ខ្លួនសម្រាប់បោះពុម្ពសៀវភៅផ្សព្វផ្សាយចំណេះផ្សេងៗដល់ពលរដ្ឋ។
ព្រះតេជគុណ ឈឹង ប៊ុនឈា មានថេរដីកាបន្ថែមថា ព្រះរាជបូជនីយកិច្ចទាំងនេះហើយដែលធ្វើឲ្យពលរដ្ឋទូទាំងប្រទេស ទាំងគ្រហស្ថ និងបព្វជិតចងចាំទុកក្នុងចិត្ត និងសម្ដែងការដឹងគុណចំពោះព្រះអង្គ។ ដូច្នេះហើយនៅពេលព្រះអង្គយាងចូលទិវង្គត ប្រជាពលរដ្ឋប្រហែល ១លាននាក់ចូលរួមដង្ហែ និងរំលែកព្រះរាជមរណទុក្ខ នាថ្ងៃដំបូងនៃការយាងមកដល់របស់ព្រះបរមសព កាលពីថ្ងៃទី១៧ ខែតុលា។
ភ្ជាប់នឹងករណីនេះ អនុប្រធានផ្នែកពុទ្ធិកឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ព្រះតេជគុណ សុខ ប៊ុនធឿន មានថេរដីកាថា ព្រឹត្តិការណ៍នៃការសោយទិវង្គតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ដែលមានពលរដ្ឋជាច្រើនមកចូលរួមនេះ បានឆ្លុះបញ្ចាំងទស្សនៈនៃទ្រឹស្ដីបុណ្យបាប ក្នុងព្រះពុទ្ធសាសនា ដោយព្រះតេជគុណមានថេរដីកាបញ្ជាក់ថា បុណ្យគឺអំពើល្អដែលបុគ្គលណាបានកសាងទុកមកហើយ មិនងាយបាត់បង់ទៅវិញនោះឡើយ។
ព្រះតេជគុណមានថេរដីកាបន្ថែម ព្រះករុណាអតីតព្រះមហាក្សត្រសោយទិវង្គតទៅក៏ពិតមែន ប៉ុន្តែ ព្រះកិត្តិសព្ទ ព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គមិនបានបាត់បង់នោះឡើយ។ ជាក់ស្ដែងចាប់ពីថ្ងៃ
យាងមកដល់នៃព្រះបរមសព ប្រជាពលរដ្ឋទូទាំងប្រទេសបាននាំគ្នាទាំងហ្វូងៗទៅដុតធូបថ្វាយព្រះអង្គ និងប្រារព្ធពិធីកម្មផ្សេងៗ តាមបែបប្រពៃណីឧទ្ទិសកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គ
ជារៀងរាល់ថ្ងៃ។
ទាក់ទងនឹងព្រះរាជកាយវិការដឹកនាំប្រទេសពោរពេញដោយការគាំទ្រពីសំណាក់ប្រជារាស្ត្រនេះ ព្រះតេជគុណ ស៊ាង ឈុនលី មានថេរដីកាថា អ្នកដឹកនាំប្រទេសត្រូវជៀសវាងនូវអគតិធម៌ទាំង៤ គឺឆន្ទាគតិ លំអៀងព្រោះស្រលាញ់ ទោសាគតិ លំអៀងព្រោះស្អប់ ភយាគតិ លំអៀងព្រោះភ័យ និងមោហាគតិ លំអៀងព្រោះល្ងង់។
ព្រះតេជគុណ ស៊ាង ឈុនលី៖ «ការដែលគ្រប់គ្រងគឺថា យើងត្រូវលះបង់ចោលអារឿង ស្រលាញ់តែមួយក្រុម យើងមានន័យថា យើងមិនសង្គ្រោះតែគ្នាយើងទេ យើងសង្គ្រោះទាំងអស់ គឺថា យើងសង្គ្រោះទាំងអស់ ប្រើសេចក្ដីស្រលាញ់គឺថា ឲ្យវារីកអត់មានទិសដៅអ៊ីចឹងណាស់ ហើយរឿងការមិនលំអៀងព្រោះស្អប់អីហ្នឹងគឺថា យើងលះចោលអារឿងស្អប់ហ្នឹង ព្រោះថា អាចបានប្រយោជន៍បានសុខអីអ៊ីចឹង បើមិនអ៊ីចឹងទេ ធម្មតាទេសត្វធំអាចធ្វើបាបសត្វតូចៗហើយ នៅពេលណាអត់មានគោលការណ៍ហ្នឹងសម្រាប់ទប់ស្កាត់នោះណាស់»។
ទោះយ៉ាងណា ព្រះតេជគុណ សុខ ប៊ុនធឿន មានថេរដីកាថា អ្នកនយោបាយ និងពលរដ្ឋជំនាន់ក្រោយគួរយកតម្រាប់តាមព្រះរាជបូជនីយកិច្ចនៃការដឹកនាំប្រទេសរបស់អតីតព្រះមហាក្សត្រ។
ព្រះតេជគុណមានថេរដីកាបញ្ជាក់ថា អតីតព្រះមហាក្សត្របានដឹកនាំប្រទេសប្រកបដោយទសពិធរាជធម៌ ១០ប្រការ និងព្រហ្មវិហារធម៌ទាំង៤៖ «រាល់វិធាននៃការគ្រប់គ្រងទាំងអស់របស់ព្រះអង្គ គឺព្រះអង្គគ្រប់គ្រងទៅតាមទសពិធរាជធម៌ទាំង ១០ របស់ព្រះរាជាទាំង ១០ប្រការហ្នឹង អ៊ីចឹងបានជាយើងខ្មែរយើងថ្វាយព្រះបរមនាមថា ព្រះអង្គជាព្រះបាទធម្មិក ធម្មិករាជហ្នឹង ស្ដេចទ្រង់រាជប្រកបដោយធម៌ គឺទសពិធរាជធម៌ហ្នឹង»។
ទាក់ទងនឹងទ្រឹស្ដីកម្មផលរបស់ព្រះពុទ្ធសាសនា ព្រះតេជគុណ ធន ជិនជាលី មានថេរដីកាថា បុគ្គលសាបព្រោះនូវពូជបែបណា គេរមែងទទួលនូវផលបែបនោះ៖ «យាទិសំ វប្បតេពីជំ យើងប្រែថា បុគ្គលសាបព្រោះនូវអំពើណា តាទិសំ វប្បតេ ផលំ គឺថាផលនៃអំពើនោះរមែងសាបព្រោះទៅលើបុគ្គលនោះវិញ»។
គេនៅចាំបានថា ការស្លាប់របស់ ប៉ុល ពត នៅឆ្នាំ១៩៩៨ ដែលជាមេដឹកនាំប្រទេសនាសម័យកម្ពុជា ប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨ គឺពុំមានពលរដ្ឋចូលរួមសម្ដែងការសោកស្ដាយខ្លាំងដូចការយាងចូលទិវង្គតនៃព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។