វេទិកា​មហា​ជន​លើក​ដំបូង​​នឹង​ចាប់​ផ្តើម​នៅ​កម្ពុជា

វេទិកា​រមហា​ជន (People's Tribunal) នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១២។ វេទិកា​នេះ​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​អំពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ កម្មការិនី ក្នុង​វិស័យ​កាត់​ដេរ​​នៅ​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​ប្រាក់​ខែ​គោល និង​លក្ខខណ្ឌ​ការងារ​សមស្រប។

0:00 / 0:00

មន្រ្តី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​ជា​អ្នក​សម្រប​សម្រួល​រៀបចំ​​វេទិកា​មហាជន បាន​អោយ​ដឹង​ថា មាន​ក្រុម​ហ៊ុនអ្នក​បញ្ជា​ទិញ​ចំនួន​២ គឺ​ក្រុម​ហ៊ុន ពូម៉ា (PUMA) និង​អាដឌីដាស (ADDIDAS) គ្រោង​នឹង​ចូល​រួម​វេទិកា​មហាជន ដើម្បី​ស្តាប់​ពី​ការ​លំបាក​របស់​កម្មករ​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា ជា​លើក​ដំបូង​បង្អស់។

ការ​ចូល​រួម​របស់​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​នេះ គឺ​មាន​សារសំខាន់​ដើម្បី​​ជំរុញ​អោយ​បញ្ហា​របស់​កម្មករ​ត្រូវ​ដោះស្រាយ។

លោក ​មឿន តុលា ជា​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០២ ខែ​កម្ភៈ នេះ​ថា ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​៤ ដែល​បាន​អញ្ជើញ​អោយ​ចូលរួម​ក្នុង​វេទិកា​នេះ ​មាន​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ចំនួន​២ បាន​ផ្តល់​ចំលើយ​ថា ពួកគេ​នឹង​ចូល​រួម​ស្តាប់​ពី​ការ​លំបាក​ទាំង​ឡាយ​ដែល​កម្មករ​កម្ពុជា​​កំពុង​ជួប​ប្រទះ។

លោក មឿន តុលា៖ «ហ្គេប (GAP) គាត់​បញ្ជាក់​ថា គាត់​អត់​បាន​ចូល​រួម ក៏ប៉ុន្តែ​យើង​កំពុង​តែ​​ជំរុញ​អោយ​គាត់​ចូល​រួម។ ហ្គេប​ គឺ​ជា​ក្រុម​ហ៊ុន​មួយ​ដែល​ធ្លាប់​មាន​ឈ្មោះ​ថា ទទួល​ខុស​ត្រូវ​ក្នុង​ការ​គោរព​ច្បាប់ គោរព​សិទ្ធិ​កម្មករ ។ល។ និង ។ល។ ទី​១ ។ ទី​២ យើង​អញ្ជើញ​ក្រុម​ហ៊ុន ​H&M។ H&M ក៏​មិន​ទាន់​ដូរ​ជំ​ហរ​ថា ខ្លួន​នឹង​ត្រឡប់​មក​ចូល​រួម​ក្នុង​វេទិកា​ហ្នឹង​ដែរ ដោយ​ឡែក​ក្រុម​ហ៊ុន​ចំនួន​ពីរ​ទៀត គឺ​ក្រុម​ហ៊ុន​អាដឌីដាស និង​ក្រុម​ហ៊ុន​ពូម៉ា បាន​ឆ្លើយ​មក​ហើយ​ថា គាត់​នឹង​ចូល​រួម»

វេទិកា​មហា​ជននេះ ត្រូវ​បាន​រៀប​ចំ​ដោយ​អង្គការ​មួយ​ឈ្មោះ​ថា បណ្តាញ​ប្រាក់​ខែ​ទាប​​​បំផុត​នៅ​អាស៊ី សហការ​ជាមួយ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។ វេទិកា​នេះ​គ្រោង​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​កុម្ភៈ នេះ​ នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិបត្តិ​ការ​​​កម្ពុជា​ជប៉ុន (CJCC)។

លោក មឿន តុលា ពន្យល់​ថា វេទិកា​មហា​ជន​នេះ គឺ​ដូចគ្នា​ទៅ​នឹង​សវនាការ​ជា​សាធារណៈ​មួយ ជា​ការ​ផ្តល់​ឱកាស​អោយ​កម្មករ​បាន​ចូល​រួម​លើក​ឡើង​​ពី​បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះ នៅ​ខណៈ​ពេល​ដែល​កម្ពុជា មិន​ទាន់​​មាន​តុលាការ​ការងារ។ មាន​​ចៅ​ក្រម​ចំនួន ៦​រូបនឹង​ចូល​រួម ភាគ​ច្រើន​ជា​អ្នក​ច្បាប់​ដែល​មាន​បទពិសោធន៍​នៅ​ក្នុង​វិស័យ​ការងារ។ ​ពួក​គេ​នឹង​​ចេញ​សេចក្តី​​សម្រេច​ពី​​ប្រាក់​ឈ្នួល​ទាប​បំផុត ដែល​កម្មករ​​​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា គួរ​ទទួល​បាន ដើម្បី​រស់​នៅ​សមរម្យ។

លោក មឿន តុលា ​បញ្ជាក់​ថា សេចក្តី​សម្រេច​របស់​ចៅ​ក្រម​អាច​នឹង​ត្រូវ​ប្រើ​ប្រាស់​ជា​មូលដ្ឋាន​សម្រាប់​អោយ​សហជីព​កម្មករ និង​អង្គការ​​បណ្តាញ​ប្រាក់​ខែ​ទាប​​​បំផុត​នៅ​អាស៊ី ចរចារ​ជា​មួយ​ភាគី​ថៅកែ​រោងចក្រ​ និង​ក្រុម​ហ៊ុន​បញ្ជា​ទិញ ក្នុង​ការ​ដំឡើង​​ប្រាក់​ខែ​ដល់​កម្មករ។

លោក មឿន តុលា៖ «ត្រូវ​រក​ចំលើយ​អោយ​ឃើញ​ថា តើ​ប្រាក់​ឈ្នួល​ពេល​បច្ចុប្បន្ន ៦១ បូក​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​សុខភាព ៥​ដុល្លារ និង​ប្រាក់​រង្វាន់​ទៀង​ទាត់ ៧​ដុល្លារ​អី ។ល។ និង។ល។ ហ្នឹង​គ្រប់​គ្រាន់ ឬ​អត់? បើ​អត់​គ្រប់​ត្រូវ​ប៉ុន្មាន? ទាំង​ហ្នឹង​ត្រូវ​ដាក់​នៅ​ក្នុង​សេចក្តី​សម្រេច verdict paper។ ការ​សម្រេច​របស់​ចៅក្រម​ហ្នឹង​ គឺ​ថា អាច​យក​ទៅ​ប្រើ​​ក្នុង​​ចរ​ចារ​ជា​អនុ​សញ្ញា​រួម​​ជា​មួយ​និយោជក ឬ​ជា​មួយ​សមាគម​និយោជក​នៅ​ក្នុង​ប្រទេស​ហ្នឹង​តែ​ម្តង។ ទី​២ ផ្នែក​សម្ព័ន្ធ​ប្រាក់​ឈ្នួល​ទាប​បំផុត​នៅ​អាស៊ី​ យើង​មាន​ក្រុម​ចរចា​នឹង​យក​សេចក្តី​សម្រេច​ហ្នឹង​ទៅ​ចរចា​ជាមួយ​ប្រេន (ក្រុមហ៊ុន​បញ្ជា​ទិញ)»

ប្រធាន​មជ្ឈមណ្ឌល​​សិក្សា​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា លោក កង ច័ន្ទតារារ័ត្ន ដែល​បាន​សិក្សា​ស្រាវ​ជ្រាវ​ពី​ប្រាក់​ខែ​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០០៩ បាន​​អោយ​ដឹង​ថា ប្រសិន​បើ​ប្រៀប​ធៀប​ជា​មួយ​ម្លៃ​ទំនិញ​លើ​ទី​ផ្សារ កម្មករ​កម្ពុជា​ត្រូវ​មាន​​ប្រាក់​ឈ្នួល​ទាប​បំផុត ៧៩,៣៦​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​ដើម្បី​រស់​នៅ​សមរម្យ​ក្នុង​មួយ​ខែ​ពួក​គេ​ត្រូវ​ទទួល​បាន​ជាង ៩៩​​ដុល្លារ​ក្នុង។

លោក កង ច័ន្ទតារារ័ត្ន៖ «ប្រាក់​ឈ្នួល​ទាប​បំផុត គឺយើង​ចង់​សំដៅ​ទៅ​លើ​ប្រាក់​ដែល​គាត់​អាច​ចិញ្ចឹម​ខ្លួន​ឯង​រស់​បាន និង​ត្រូវ​មាន​​លុយ​កាក់​ទាប​បំផុត​ដែរ សម្រាប់​ផ្គត់ផ្គង់​អ្នក​ដែល​គាត់​ត្រូវ​ទទួល​បន្ទុក។ ក្នុង​ឆ្នាំ​២០០៩ គាត់​ត្រូវ​ទទួល​បាន ៧២​ដុល្លារ​ក្នុង​មួយ​ខែ ដល់​ឆ្នាំ​២០១១ នេះ អ្វី​ដែល​គាត់​ត្រូវ​ទទួល​បាន​លេខ​ហ្នឹង​វាឡើង​ដល់ ៧៩,៣៦​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​ប្រាក់​ឈ្នួល​សម​រម្យ គឺ​ប្រាក់​ដែល​អាច​ចិញ្ចឹម​ខ្លួន​ឯង និង​អ្នក​ក្នុង​បន្ទុក​បាន​ និង​​សល់​ខ្លះ​សម្រាប់​អនាគត​គាត់។ ប្រាក់​ឈ្នួល​សម​រម្យ​ដែល​យើង​គិត​មក​ដល់​ឆ្នាំ​២០១១ នេះ សម្រួល​នឹង​ការ​ឡើង​ថ្លៃ​ទំនិញ​វា​ត្រូវ​គាត់​ទទួល​បាន ៩៩,២២​ដុល្លារ»

ក្រុម​អ្នក​រៀបចំនៅ​​វេទិកា​បាន​រំពឹង​ទុក​ថា នៅ​ក្រោយ​វេទិកា​នៅ​ចុង​សប្តាហ៍​នេះ​ គ្រប់​ភាគី​ពាក់​ព័ន្ធ​នឹង​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​​ពី​ស្ថានភាព​របស់​នៅ​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ និង​ផ្ដល់​ដំណោះ​ស្រាយ​សមរម្យ​ចំពោះ​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​របស់​ពួកគេ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។