ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីក៏បានប្រកាសបើកការដ្ឋានសាងសង់ស្ពានអាសកាសមួយទៀតនៅជិតស្ពានព្រះមុនីវង្សថ្មីនោះផងដែរ។
នៅក្នុងឱកាសសម្ពោធស្ពានថ្មីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ស្ពានទាំងពីរនេះជាច្រកមួយដែលធ្វើឲ្យសេដ្ឋកិច្ចប្រជាពលរដ្ឋមានការរីកចម្រើន ពិសេសគឺធ្វើឲ្យប្រជារាស្ត្រធ្វើដំណើរឆ្លងកាត់ស្ពាននេះ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កាន់តែច្រើនថែមទៀត។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖ «យើងត្រូវតែធ្វើស្ពានអាកាសដើម្បីបើកចរាចរណ៍ផ្លូវនេះ មិនមានការរំខានដល់អ្នកធ្វើដំណើរចេញពីផ្លូវព្រះនរោត្តម ចុះទៅផ្លូវជាតិលេខ២ទេ»។
មន្រ្តីសម្របសម្រួលនៃអង្គការជនពិការពិភពលោកអន្តរជាតិ (Handicap) លោក មាស ចាន់ឌី ក៏បានទទួលស្គាល់ដែរថា ស្ពានព្រះមុនីវង្សថ្មីនិងស្ពានអាកាសក៏ជាមធ្យោបាយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋទូទៅក្នុងការធ្វើចរាចរណ៍ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នោះទេសម្រាប់ទីក្រុងភ្នំពេញនិងតំបន់ផ្សេងៗទៀតដែលត្រូវការស្ពាន។
លោកបានលើកឡើងទៀតថា ស្ពានថ្មីក៏មិនមែនជាបញ្ហាដែលកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងស្រុងនោះទេ កត្តាសំខាន់គឺប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍។
លោក មាស ចាន់ឌី បានបញ្ជាក់ថា ៖ «វាមានចំណែកមួយទៀត ឃើញថាអ្នកខ្លះយល់ច្បាប់ចរាចរណ៍ហើយ ដឹងហើយ ប៉ុន្តែមិនគោរពអាហ្នឹងវាសំខាន់»។
លោក មាស ចាន់ឌី បានបន្តទៀតថា នៅមានចំណុចសំខាន់ផ្សេងៗទៀតក្នុងរាជធានីភ្នំពេញដែលរដ្ឋាភិបាលគួរតែសាងសង់ស្ពានបន្តទៀត។
លោក មាស ចាន់ឌី បានឲ្យដឹងថា ៖ «បើសិនជាយើងអាចធ្វើស្ពានឆ្លងផ្លូវដើរសម្រាប់អ្នកថ្មើរជើងទៀតនោះជាការប្រសើរ ជាពិសេសនៅមុខសាលារៀន នៅមុខផ្សារ នៅមុខរោងចក្រអីជាដើម»។
លោក មាស ចាន់ឌី ក៏បានបន្ថែមទៀតដែរថា ទោះបីជាប្រជាពលរដ្ឋខ្មែរបានយល់ដឹងអំពីច្បាប់ចរចារណ៍ជាង៨០%ហើយក្តី ប៉ុន្តែបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកើតមានដោយសារប្រជារាស្ត្រមួយចំនួនមិនគោរពច្បាប់ចរាចរណ៍។ លោកថាបញ្ហានេះគឺការអនុវត្តច្បាប់ចរាចរណ៍នៅខ្សោយនៅឡើយ។
សូមជម្រាបថា ស្ពានព្រះមុនីវង្សថ្មីត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៦មក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ស្ពានអាកាសនឹងរៀបចំសាងសង់ចាប់ពីថ្ងៃនេះទៅ ហើយស្ពានអាកាសនេះមានប្រវែង៣០៨ម៉ែត្រ ទទឹង១៤ម៉ែត្រ និងកម្ពស់ជាង៨ម៉ែត្រ សាងសង់ភ្ជាប់ផ្លូវជាតិលេខ២ទៅនឹងផ្លូវព្រះនរោត្តម។ ស្ពានទាំងពីរគឺស្ពានព្រះមុនីវង្សនិងស្ពានអាកាសចំណាយថវិកាអស់ជាង១៦លានដុល្លារសហរដ្ឋអាមេរិក ហើយថាស្ពានថ្មីទាំងពីរនេះក៏នឹងភ្ជាប់លំហូរសេដ្ឋកិច្ចរវាងទីក្រុងភ្នំពេញទៅបណ្តាខេត្តភាគខាងកើតប្រទេសផងដែរ ដែលរួមមានខេត្តព្រៃវែងនិងខេត្តស្វាយរៀងជាដើម៕