លោកនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា ៖ «ថ្លៃប្រេងនៅកម្ពុជានេះ ពិតជាមានការឡើង ប៉ុន្តែខ្ញុំក៏ទើបតែមកពីបារាំងដែរ នៅបារាំងក្នុងមួយលីត្រ ១,៣៩អឺរ៉ូៗ បើគិតជាប្រាក់ដុល្លារ ប្រហែលជា ១,៧០ ទៅ ១,៨០ដុល្លារទៅហើយ បើគិតជាប្រាក់រៀល ក្នុងមួយលីត្រនៅប្រទេសបារាំង ប្រហែលជា ៧.០០០រៀលៗ»។
បើគេប្រៀបធៀប តម្លៃប្រេងសាំងនៅកម្ពុជានិងនៅសហរដ្ឋអាមេរិកវិញ គេឃើញថា នៅកម្ពុជាប្រេងសាំងក្នុងមួយលីត្រ ថ្លៃជាងនៅសហរដ្ឋអាមេរិក គិតជាលុយដុល្លារ។ ប្រេងគុណភាពខ្ពស់មួយ ហ្គាឡុង (Gallon) ដែលមានចំណុះជិត ៤លីត្រ ថ្លៃជាមធ្យម ២ដុល្លារ ៨០សេន ដូច្នេះក្នុងមួយលីត្រថ្លៃមិនដល់ ១ដុល្លារទេ។
ប្រេងសាំងគុណភាពខ្ពស់ ឬប្រេងសាំងស៊ូពែរ៍ នៅកម្ពុជា ស្ថានីយខ្លះលក់មួយលីត្រ ពី ៤.០៥០ ទៅ ៤.១០០រៀល គឺ ១ដុល្លារ ក្នុងមួយលីត្រ ឬ ជិត ៤ដុល្លារក្នុងមួយហ្គាឡុង។ នេះមានន័យថា ប្រេងសាំងនៅសហរដ្ឋអាមេរិក ថោកជាងនៅស្រុកខ្មែរ។
លោកបានកោតសរសើរក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុក ដែលរក្សាតម្លៃឲ្យនៅនឹងមិនឡើងថ្លៃ ដូចក្រុមហ៊ុនប្រេងអន្ធនៈបរទេសរកស៊ីនៅកម្ពុជា ៖ «ក្រុមហ៊ុនក្នុងស្រុកបានជួយច្រើនដែរ ដូចជា តេលា សូគីម៉ិច ប៉ុន្តែ កាល់តិច និងតូតាល់ គេនិយាយថា អាហ្នឹងគេមានភាគហ៊ុនក្រៅប្រទេស ហ្នឹងឡើងលើ សូគីម៉ិច និងតេលា ជានិច្ច អាពីរហ្នឹង មានភាគហ៊ុននៅក្រៅ។ អាក្រុមហ៊ុនដែលមានភាគហ៊ុននៅក្រៅច្រើន អាហ្នឹងគឺពិបាក អ៊ីចឹងទេ យើងក៏គួរលើកទឹកចិត្តក្រុមហ៊ុនក្នុងស្រុក»។
តាមតារាងរាយតម្លៃនៃក្រសួងពាណិជ្ជកម្មនិងតម្លៃតាមស្ថានីយប្រេងឥន្ធនៈ លក់រាយ កាលពីថ្ងៃទី៥ សីហា ក្រុមហ៊ុន PTT របស់ថៃ លក់ថោកជាងគេ គឺ ៣.៩៥០រៀល ក្នុងមួយលីត្រ។
រីឯក្រុមហ៊ុនបារាំង តូតាល់ (Total) លក់ថ្លៃជាងគេ គឺមួយលីត្រ ថ្លៃ ៤.១០០រៀល។ ក្រុមហ៊ុនក្នុងស្រុក សូគីម៉ិច (Sokimex) ដែលផ្គត់ផ្គង់ប្រេងឲ្យក្រសួងមន្ទីរ និងស្ថាប័នរដ្ឋ លក់មួយលីត្រ ថ្លៃ ៤.០០០រៀល។
ក្រុមហ៊ុនពីរ ដែលលក់ប្រេងតម្លៃដូចគ្នា គឺក្រុមហ៊ុន តេឡា (Tela) និង កាល់តិក្ស (Caltex) ដែលលក់ ៤.០៥០រៀលក្នុងមួយលីត្រ។ សូមបញ្ជាក់ថា ក្រុមហ៊ុនប្រេងឥន្ធនៈ កម្ពុជាតេឡា (Kampuchea Tela) ភរិយានិងកូនស្រីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានដាក់ហ៊ុនជាមួយ៕