ការព្រមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលនេះបានធ្វើឡើងខ្លាំងៗនៅក្នុងពិធីប្រារព្ធទិវាអបអរសាទរសិទ្ធិនារីខួបលើកទី៩៩ នៅឯសកលវិទ្យាយល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ មីនា ឆ្នាំ២០១០ បន្ទាប់ពីលោកបានដឹងថា កន្លងមកមានអ្នកធ្វើអន្តរាគមន៍នៅក្នុងករណីជួញដូរស្រ្តី។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ៖ «ខ្ញុំសូមបញ្ជាក់សាជាថ្មី អ្នកដែលធ្វើអន្តរាគមន៍ទាំងឡាយទោះបីមានឋានៈប៉ុណ្ណាក៏ដោយ មិនអាចធ្វើអន្តរាគមន៍លើបញ្ហាទាក់ទងនឹងការជួញដូរស្រ្តីនោះទេ ហើយអ្នកណាដែលទទួលនូវអន្តរាគមន៍នេះ អ្នកនោះនឹងត្រូវអស់បុណ្យស័ក្តិខ្លួនឯងតែម្តង»។
សារព្រមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានស្វាគមន៍ដោយអ្នកសម្របសម្រួលថ្នាក់ជាតិរបស់អង្គការ អាហ្វេស៊ីបកម្ពុជា គឺលោក តៅ ឈឿត ដែលធ្វើការសង្រ្គោះស្រ្តីនិងកុមារត្រូវគេជួញដូរ។
លោក តៅ ឈឿត បានអះអាងថា ៖ «អ្វីដែលលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា លោកមិនអត់ឱនឲ្យទេចំពោះអ្នកដែលពាក់ព័ន្ធ ទោះបីជាមន្ត្រីរាជការ ឬក៏ក្រុមគ្រួសាររបស់លោកពាក់ព័ន្ធនឹងការអន្តរាគមន៍រឿងហ្នឹង គឺខ្ញុំសូមគាំទ្រទាំងស្រុងនូវមតិនេះ!»។
ទាក់ទងនឹងបញ្ហាជួញដូរនេះដែរ លោក តៅ ឈឿត ថ្លែងឲ្យដឹងថា នៅក្នុងឆ្នាំ២០០៩កន្លងមក ការងារសង្រ្គោះរបស់អង្គការលោកបានជួបប្រទះនូវការបរាជ័យក្នុងករណីមួយចំនួន ដោយសារតែការអន្តរាគមន៍នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងពីបញ្ហាចម្បងរបស់ស្រ្តីនៅក្នុងប្រទេសកម្ពុជាគឺការជួញដូរដែលកំពុងតែកើតមាននៅឡើយ។ លោកបានអំពាវនាវឲ្យមេដឹកនាំគ្រប់បក្សនយោបាយ និងមន្រ្តីអនុវត្តច្បាប់ទាំងអស់ឲ្យអនុវត្តច្បាប់ដើម្បីរក្សាតម្លៃច្បាប់និងសង្គម។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖ «ខ្លួនខ្ញុំក្នុងនាមជានាយកនៃអង្គការនីតិប្រតិបត្តិ ពិតជាមានការសោកស្ដាយចំពោះទង្វើនៃមេដឹកនាំមួយចំនួនដែលតែងលូកដៃអន្តរាគមន៍ចំពោះស្ថាប័នតុលាការ និងមន្ត្រីអនុវត្តច្បាប់ដែលពាក់ព័ន្ធនឹងការជួញដូរស្ត្រី»។
លោកបានអំពាវនាវឲ្យមន្រ្តីប្រតិបត្តិច្បាប់យកចិត្តទុកដាក់កម្ចាត់មេខ្លោងដែលរកស៊ីជួញដូរស្រ្តីឲ្យបាន ដោយលោកហៅអ្នកទាំងនោះថា ជាពួកឈ្លើងជញ្ជក់ឈាម។
លោក តៅ ឈឿត អ្នកសម្របសម្រួលថ្នាក់ជាតិរបស់អង្គការ អាហ្វេស៊ីបកម្ពុជា ថ្លែងដោយភាពវិជ្ជាមានថា សារព្រមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួយឲ្យការងារជួយសង្រ្គោះរបស់អង្គការលោកមានប្រសិទ្ធភាព៕