ការប្រកាសផ្អាកនេះ គឺដើម្បីចូលរួមកាន់មរណទុក្ខជាលើកទី២ ចំពោះព្រះរាជពិធីដង្ហែព្រះបរមសព និងព្រះរាជពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសព នៃព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នៅវាលព្រះមេរុ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសុំឲ្យប្រជាពលរដ្ឋនានានៅទីក្រុងភ្នំពេញ រក្សាការអត់ធ្មត់ និងយោគយល់អំពីការលំបាកនានា ដោយសារតែផ្លូវថ្នល់សំខាន់ៗមួយចំនួននៅភ្នំពេញ ត្រូវបិទមួយរយៈសម្រាប់ព្រះរាជពិធីដង្ហែព្រះបរមសពនៃសម្ដេចឪ ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ដែលនឹងចាប់ដំណើរការនៅថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែកុម្ភៈ ជាព្រះរាជពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសព។
ព្រះរាជពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសពនោះ នឹងត្រូវបានចូលរួមដោយប្រធានាធិបតី នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា និងព្រះអង្គម្ចាស់នៃប្រទេសមួយចំនួនខាងមុខនេះ។
ទូរទស្សន៍ជាតិ និងទូរទស្សន៍ឯកជននានា នឹងផ្សាយបន្តផ្ទាល់អំពីព្រះរាជពិធីនេះជូនប្រជាពលរដ្ឋទស្សនានៅតាមផ្ទះ និងតាមទីសាធារណៈមួយចំនួនដើម្បីកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍។
លោក ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតចំនួនជាង ១ពាន់នាក់នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត នៅថ្ងៃទី១៤ ខែមករា ថា លោកដឹងគុណចំពោះស្នាព្រះហស្តរបស់សម្ដេចឪក្នុងការស្វែងរកឯករាជ្យពីអាណានិគមបារាំង និងស្វែងរកដំណោះស្រាយសន្តិភាពទីក្រុងប៉ារីស កន្លងមក។
លោក ហ៊ុន សែន៖ «បង្ហាញពីការគោរពរបស់យើងចំពោះព្រះបិតាជាតិរបស់យើង ដែលនឹងត្រូវលាគ្នាចុងក្រោយនៅថ្ងៃទី៤ ខែកុម្ភៈ នៅថ្ងៃទី១ គឺជាថ្ងៃចាប់ផ្ដើមនៃពិធីដង្ហែ ហើយនៅពេលនោះនឹងមានការបាញ់កាំភ្លើងធំកក្រើក អាចថា ទីក្រុងភ្នំពេញនឹងលាន់ឮទៅដោយស្នូរកាំភ្លើងធំ ដែលត្រូវបាញ់ ៣ដង។ អ៊ីចឹងបាញ់ ៣ដង ស្មើនឹង ៣០៣ណាត់ កាំភ្លើងធំត្រូវប្រើប្រាស់តាមគម្រោង គឺថាបាញ់ម្ដងចេញ ៣គ្រាប់»។
តំណាងក្លឹបកម្សាន្ត និងខារ៉ាអូខេនៅភ្នំពេញ ឈ្មោះផ្កាយពេជ្រ បានថ្លែងថា លោកមិនទាន់ទទួលបានការណែនាំជាផ្លូវការពីអាជ្ញាធរខណ្ឌនៅឡើយទេ អំពីការផ្អាកមួយរយៈខាងមុខនេះ ប៉ុន្តែលោកនឹងអនុវត្តតាមនៅពេលបានឮការប្រកាសរបស់ប្រមុខរដ្ឋាភិបាល៖ «បាទ! ចំពោះការកាន់ទុក្ខមរណៈរបស់ព្រះអង្គនេះ គឺជាកិត្តិយសដ៏ធំធេង ពីព្រោះប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវតែមានឆន្ទៈកាន់ទុក្ខទាំងអស់គ្នា។ ទោះបីខាតយ៉ាងណា ក្នុងតំលៃណាមួយក៏ដោយ ត្រូវតែយើងសម្រាកកាន់ទុក្ខចំពោះព្រះអង្គ ពីព្រោះព្រះអង្គបានសោយទិវង្គតទៅហើយ ហើយធ្វើបុណ្យគគ្រឹកគគ្រេងយ៉ាងនេះ យើងត្រូវតែសម្រាក»។
និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត កញ្ញា គី សុគន្ធី អាយុ ២៧ឆ្នាំ មកពីខេត្តតាកែវ បានថ្លែងថា នាងនឹងចូលរួមក្នុងពិធីដង្ហែព្រះបរមសព និងព្រះរាជពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសពនៃសម្ដេចឪដើម្បីលាចុងក្រោយ៖ «នាងខ្ញុំថា មានអារម្មណ៍ក្ដុកក្ដួល សោកស្ដាយចំពោះថ្ងៃបូជាសពរបស់សម្ដេចតា ពីព្រោះនេះជាថ្ងៃលាគាត់ជាចុងក្រោយ គឺមានន័យថា យើងលែងបានឃើញគាត់ទៀតហើយ។ ការផ្ដាំផ្ញើនូវមតិមួយចំនួនដែលសម្ដេចតាគង់ព្រះជន្មនៅឡើយ គឺចង់ឲ្យខ្មែរចេះស្រឡាញ់គ្នា និងចេះរួបរួមគ្នា»។
សម្រាប់ព្រះរាជពិធីដង្ហែព្រះបរមសព និ ព្រះរាជពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសពខាងមុខនេះ ក្រសួងមហាផ្ទៃ គ្រោងដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចចម្រុះជាង ១ម៉ឺននាក់ ក្នុងនោះមាននគរបាលជាតិ កងរាជអាវុធហត្ថ និងយោធា ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈកម្រិតខ្ពស់បំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។