លោក ហ៊ុន សែន ចង់​ឲ្យ​បង្កើត​ច្បាប់​ការពារ​អ្នក​នយោបាយ​កុំ​ឲ្យ​ជេរ​ប្រមាថ​គ្នា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​មាន​ច្បាប់​ការពារ​កុំ​ឲ្យ​អ្នក​នយោបាយ​ជេរ​ប្រមាថ​គ្នា​តទៅ​ទៀត ក៏​ប៉ុន្តែ​បក្ស​ប្រឆាំង​ជំទាស់​ថា មិន​ចាំ​បាច់​ទេ ផ្ទុយ​ទៅ​វិញ អ្នក​នយោបាយ​គួរ​តែ​យល់​ដឹង​​អំពី​សេចក្ដី​ថ្លៃ​ថ្នូរ និង​សុជីវធម៌​និយាយ​ស្ដី​ក្នុង​សង្គម​ដោយ​ខ្លួន​ឯង។

0:00 / 0:00

ពាក្យ​ចាស់​លោក​ពោល​ថា សម្ដី​ស​ជាតិ​មារយាទ​ស​ពូជ។ ក្នុង​ពេល​ដែល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ កំពុង​ខិត​ចូល​មក​ដល់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាប​បង្ហើប​ឲ្យ​ដឹង​ថា លោក​ចង់​ឲ្យ​ប្រទេស​កម្ពុជា មាន​ច្បាប់​មួយ​ប្រឆាំង​អ្នក​នយោបាយ​ខ្មែរ​ដែល​ជេរ​ប្រមាថ​គ្នា ដើម្បី​លើក​តម្កើង​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​សង្គម​ខ្មែរ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា លោក ហ៊ុន សែន បាន​រំលឹក​ថា លោក​ត្រូវ​បាន​​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ប្រមាថ​មើល​ងាយ ដោយ​ប្រើ​ពាក្យ​អសុរស និង​បាន​ចោទ​ថា​ លោក​ជា​អ្នក​លក់​ដី​ឲ្យ​វៀតណាម ឬ​ក៏​ចោទ​លោក​នាយករដ្ឋមន្ត្រី​ថា ក្បាល​យួន​ខ្លួន​ខ្មែរ​ជាដើម។

លោក​នាយករដ្ឋមន្ត្រី​បាន​រំលឹក​ថា ពាក្យ​ចោទ​ប្រកាន់ ដូច​ជា​ពាក្យ​ថា «ក្បត់​ជាតិ» «លក់​ដី​ឲ្យ​វៀតណាម» នេះ មិន​ត្រឹម​តែ​កើត​មាន​នៅ​ពេល​នេះ​ទេ គឺ​អ្នក​នយោបាយ​ខ្មែរ​បាន​ប្រើ​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៦០ ក្នុង​របប​រាជនិយម​ដើម្បី​ប្រជាប្រិយភាព​ខ្លួន ដែល​កាល​នោះ​លោក​សេនា​ប្រមុខ លន់ នល់ បាន​ចោទ​សម្ដេច​ឪ​ជា​ប្រមុខ​រដ្ឋ​ជំនាន់​នោះ ថា​បាន​លក់​ដី​ឲ្យ​យៀកកុង ដូច​ដែល​អ្នក​នយោបាយ​ខ្មែរ​បច្ចុប្បន្ន​ខ្លះ ចោទ​លោក​នៅ​នេះ​ដែរ។

លោក​បង្ហើប​ថា សភា​គួរ​បង្កើត​ច្បាប់​មួយ​ការពារ​អ្នក​នយោបាយ ដើម្បី​បញ្ឈប់​ពាក្យ​ចោទ​ប្រកាន់ ឬ​ប្រមាថ​គ្នា​ត​ទៅ​ទៀត។

ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ប្រកាស​នេះ លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង សម រង្ស៊ី បញ្ជាក់​ថា ការ​តាក់​តែង​ច្បាប់​សម្រាប់​គ្រប់​គ្រង​ពាក្យ​សម្ដី​អ្នក​នយោបាយ គឺ​ជា​រឿង​មិន​ចាំ​បាច់។ លោក​ថា សូម្បី​ប្រជាពលរដ្ឋ​សាមញ្ញ ឬ​ម្ចាស់​ឆ្នោត​ ក៏​ចេះ​ដឹង​អំពី​សីលធម៌ និង​សុជីវធម៌​ក្នុង​ការ​និយាយ​ស្ដី​នៅ​ក្នុង​សង្គម​ដែរ ដូច្នេះ​អ្នក​នយោបាយ​នីមួយៗគួរ​យល់​ដឹង​អំពី​សីលធម៌ និង​សុជីវធម៌​សង្គម​ឲ្យ​បាន​ខ្ពស់ ទើប​សម​ឈ្មោះ​ជា​អ្នក​នយោបាយ​ល្អ។

លោក សុន ឆ័យ បន្ត​ថា លោក​មន្ទិល​អំពី​សំណើ​បង្កើត​ច្បាប់​គ្រប់​គ្រង​អ្នក​នយោបាយ​នេះ​ថា នឹង​អាច​ក្លាយ​ជា​ឧបករណ៍​មួយ​សម្រាប់​បក្ស​កាន់​អំណាច​គាប​សង្កត់​លើ​សិទ្ធិ​សេរីភាព​នយោបាយ​របស់​អ្នក​នយោបាយ​ណា​ដែល​ប្រឆាំង ឬ​រិះគន់​បក្ស​ប្រជាជន ដែល​កំពុង​កាន់​អំណាច​សព្វ​ថ្ងៃ​ទៅ​វិញ​ទេ។

ចំណែក​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​ដើម្បី​បោះ​ឆ្នោត​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា​ ក៏​បាន​បញ្ជាក់​ប្រហាក់​ប្រហែល​លោក សុន ឆ័យ ដែរ។ លោក​ថា តាម​ពិត​ទៅ​អ្នក​នយោបាយ​មាន​ក្រមសីលធម៌​រួច​ស្រេច​ហើយ​ទាក់​ទង​ទៅ​នឹង​អ្នក​នយោបាយ និង​ការ​បោះ​ឆ្នោត ចំណែក​កំហុស​អ្នក​នយោបាយ​ដែល​ប្រព្រឹត្ត​ខុស​ក្រម​សីលធម៌ ក៏​ត្រូវ​ទទួល​ទោស ឬ​ពិន័យ​តាម​ក្រឹត្យក្រម​ដែល​បាន​ចែង​ក្នុង​ក្រម​សីលធម៌​នោះ​ជា​ការ​ស្រេច ដែល​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ត្រួត​ពិនិត្យ។

លោក​ថា ជាង​នេះ​ទៅ​ទៀត បើ​សិន​ជា​កម្រិត​ទោស​ធ្ងន់ធ្ងរ​ហួស​ពី​ក្រម​សីលធម៌​ដែល​បាន​ចែង​នោះ គេ​អាច​ប្រើ​ច្បាប់​ព្រហ្មទណ្ឌ​ដែល​មាន​សព្វ​ថ្ងៃ​ស្រាប់ ដោយ​មិន​ចាំ​បាច់​បង្កើត​ច្បាប់​ថ្មី​ដែល​មាន​ន័យ​ជាន់​គ្នា​នោះ​ទេ។

ទោះ​យ៉ាង​ណា លោក គល់ បញ្ញា​ បាន​រំលេច​ថា អ្នក​នយោបាយ​ខ្មែរ​ត្រូវ​ចេះ​បែង​ចែក​ឲ្យ​ដាច់​អំពី​ពាក្យ​ជេរ​ប្រមាថ និង​ពាក្យ​រិះគន់ ដោយ​លោក​បញ្ជាក់​ថា កន្លង​មក​មាន​អ្នក​នយោបាយ​ជា​ច្រើន​បាន​យល់​ច្រឡំ​អំពី​ពាក្យ​ជេរ​ប្រមាថ និង​ពាក្យ​រិះគន់​នេះ។

អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ឯករាជ្យ​ក្នុង​ស្រុក​បាន​រំលឹក​ថា និន្នាការ​ហិង្សា និង​វាយ​ប្រហារ​គ្នា​រវាង​អ្នក​នយោបាយ​ខ្មែរ​បាន​ចាក់​ឫស​ក្នុង​សង្គម​ខ្មែរ តាំង​ពី​ក្រោយ​អាណានិគមនិយម​បារាំង ចាប់​ពី​ចុង​ទសវត្ស ១៩៥០ មក​ម្ល៉េះ។ ពោល​គឺ​នៅ​ពេល​អ្នក​នយោបាយ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​បក្ស​នយោបាយ​ដោយ​ខ្លួន​ឯង ​បន្ទាប់​ពី​រួច​ផុត​ពី​នឹម​ត្រួត​ត្រា​របស់​បារាំង រួច​មក។

អ្នក​នយោបាយ​ខ្មែរ​ដែល​មិន​សូវ​មាន​អាជីព​ពេល​នោះ ចាប់​ផ្ដើម​វាយ​ប្រហារ​គ្នា​តាម​ចិត្ត​នឹក​ឃើញ និង​ប្រើ​ល្បិច​រៀងៗ​ខ្លួន ដើម្បី​យក​ឈ្នះ​ភាគី​ម្ខាងៗ ហើយ​នៅ​ពេល​អ្នក​នយោបាយ​ខ្មែរ​គួរ​ប្រកាន់​ឥរិយាបថ​ថ្លៃថ្នូរ​ដែល​ស​បញ្ជាក់​ថា ខ្លួន​ជា​អ្នក​នយោបាយ​អាជីព ដែល​ជា​គំរូ​ដល់​ម្ចាស់​ឆ្នោត ថែម​ទាំង​អាច​ទុកចិត្ត និង​អាច​​ពឹង​ពាក់​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។