នាយករដ្ឋមន្ត្រី​និយាយ​ពី​ការ​ធ្វើ​ប័ណ្ណ​សម្គាល់​យានយន្ត

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ឧសភា​នេះ ពី​បំណង​ចង់​ឲ្យ​មាន​ការ​ធ្វើ​ប័ណ្ណ​សម្គាល់​យានយន្ត និង​ទោចក្រយាន​យន្ត​នៅ​ឯ​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​នោះ​តែម្ដង ។

0:00 / 0:00

មាន​ប្រសាសន៍​នៅ​ឯ​ពិធី​បិទ​សន្និបាទ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០០៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០០៨ របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ឯ​សាល​សន្និសីទ​ចតុមុខ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សុំ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​នាយកដ្ឋាន​គយ និង​រដ្ឋាករ ធ្វើការ​ដោះស្រាយ​បញ្ហា​យឺតយ៉ាវ​ក្នុង​ការ​ចេញ​ប័ណ្ណ​សម្គាល់​យានយន្ត និង​ទោចក្រយាន​យន្ត ។

លោក​នាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ៖ «អ៊ីចឹង​ទេ តើ​យើង​អាច​រក​វិធី​អី​ជាមួយ​នឹង​ក្រុមហ៊ុន​លក់​ឡាន ក្រុមហ៊ុន​លក់​ម៉ូតូ ដើម្បី​នឹង​សម្រួល​ជាមួយ​នឹង​គាត់​ឲ្យ​ហើយ ។ បើ​បាន​សម្រួល​អាហ្នឹង​ប្រហែល​ជា​ក្រុមហ៊ុន​លក់​ឡាន​លក់ម៉ូតូ គាត់​សប្បាយ​រីករាយ​ជាមួយ​នឹង​ការ​ឃោសនា​ពាណិជ្ជកម្ម... ថា​ពេល​ដែល​បាន​ទិញ​ហើយ​មិនចាំបាច់​ទៅ​រក​ការ​ធ្វើ​លេខ​ឯណា​ទេ ព្រោះ​គេ​មក​ធ្វើ​លេខនៅ​កន្លែង​ហ្នឹង​តែម្ដង ព្រោះ​ខ្លះ​គ្នា​ទើបតែ​បាន​លុយ​ថ្មីៗ ទើប​លក់​សណ្ដែក​ហើយ​យក​មក​ទិញ​ម៉ូតូ​មួយ ដល់​ជិះ​ទៅ​អត់​ទាន់​មាន​ស្អី​ផង ទៅ​ដល់​ប៉ូលិស​ចាប់... ។ អ៊ីចឹង​ទេ​គឺ​គ្នា​ចេញទៅ​គឺ​ថា​សឿងបឿង​តែម្ដង មាន​ស្លាក​មាន​អី​មាំទាំ​តែម្ដង»

សមាជិក​សភា​គណបក្ស​ប្រឆាំង លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មន្ត្រី​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ប័ណ្ណ​សម្គាល់​យានយន្ត និង​ទោចក្រយាន មាន​ចេតនា​ពន្យឺត​ដល់​ដំណើការ​ចេញ​ប័ណ្ណ​នេះ ដើម្បី​រក​លុយ​តែ​ប៉ុណ្ណោះ ។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា លោក​ក៏​បាន​ជំរុញ​នៅ​ក្នុង​មន្ទីរ​រដ្ឋសភា​ទាមទារ​ឲ្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កំណត់​ជា​សាធារណៈ​នូវ​រយៈពេល​និង​​តម្លៃ​នៃ​ការ​ធ្វើ​ប័ណ្ណ​សម្គាល់​យានយន្ត និង​ទោចក្រយាន​យន្ត​ផងដែរ ។

លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ថា ៖ «បញ្ហា​ប័ណ្ណ​ដែល​ត្រូវ​ធ្វើ​នេះ​មាន​ការ​យឺតយ៉ាវ​នេះ គឺ​ដោយសារ​តែ​ពួក​មន្ដ្រី​ក្នុង​ក្រសួង​ហ្នឹង គេ​ទុក​ឲ្យ​យូរ​ដើម្បី​គេ​អាច​ទារ​លុយ​បាន ព្រោះ​តាម​គោលការណ៍​គេ​មាន​កំណត់​តម្លៃ​គេ​ច្បាស់លាស់ ហើយ​គេ​ធ្វើ​ឲ្យ​យូរ​ហ្នឹង អ្នកណា​ដែល​ចង់​បាន​ឆាប់​ត្រូវ​តែ​សូក​លុយ​គេ»

លោក​តំណាងរាស្ត្រ សុន ឆ័យ ក៏​បាន​មាន​ប្រសាសន៏​ផង​ដែរ​ថា ការ​ធ្វើ​ប័ណ្ណ​សម្គាល់​យានយន្ត និង​ទោចក្រយាន​យន្ត គឺ​មិន​ត្រូវ​លើស​ពី​មួយ​សប្តាហ៍​ឡើយ ។

ទាក់ទង​នឹង​តម្លៃ​ក្នុង​ការ​ធ្វើ​ប័ណ្ណ​សម្គាល់​យានយន្ត​និង​ទោចក្រយាន​យន្ត ប្រជាពលរដ្ឋ​ម្នាក់​បាន​មាន​ប្រសាសន៍​ដោយ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​យ៉ាងដូច្នេះ​ថា ៖ «ម៉ូតូ​ដែល​យើង​ទៅ​ធ្វើ​ផ្ទាល់​មិនមាន​អ្នក​រត់ការ​អី អាហ្នឹង​តម្លៃ​វា ១៩,៥​(ដុល្លារ) បើសិន​មាន​អ្នក​រត់ការ​អី អាហ្នឹង​តម្លៃ​វា ២៥ អាហ្នឹង​តាម​តម្លៃ​សេវា​អ្នក​ដែល​គេ​រត់ការ​ហ្នឹង​ឲ្យ​ផង ហ្នឹង​២៥​ក្នុង​ម៉ូតូ​មួយ​គ្រឿង ។ តែ​ចំពោះ​ពន្ធ​តាម​ខេត្ត​អី​អ៊ីចឹង បញ្ជី​គេ​មិន​ទាន់​បាន​យក​ផ្ញើ​ដល់​ខេត្ត អ៊ីចឹង​ពន្ធ​នាំចូល​ចាប់ពី​០៨​ឡើង​ទៅ អាហ្នឹង​គេ​យក​ដល់​២៥ តែ​ដល់​ឲ្យ​អ្នក​រត់ការ​ទៀត​វា​ត្រូវ ៣០ ។ ចំពោះ​រយៈពេល​វិញ​លេខ​ហ្នឹង​វា​យូរ ព្រោះ​ខេត្ត​កណ្ដាល​យូរ យូរ​មែនទែន​រហូត​ដល់​ជាង​២​ខែ​អត់​ទាន់​ហើយ ។ ឥឡូវ​ថា​ម៉ូតូ​ច្រើន​គេ​ធ្វើការ​វា​យឺត​តាម​ហ្នឹង...»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​មាន​បំណង​ឲ្យ​មាន​ការ​ធ្វើ​ប័ណ្ណ​សម្គាល់​ទោចក្រយាន​យន្ត នៅ​ឯ​សាលា​ស្រុក​ផងដែរ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​កុំឲ្យ​ធ្វើដំណើរ​ឆ្ងាយ​មកកាន់​សាលា​ខេត្ត ។

គួរ​បញ្ជាក់​ផងដែរ​ថា កន្លងមក​នេះ​ប្រជាពលរដ្ឋ​មាន​ការ​ត្អូញត្អែរ​លើ​ភាព​យឺតយ៉ាវ​និង​ពី​តម្លៃ​នៃ​ការ​ធ្វើ​ប័ណ្ណ​សម្គាល់​យានយន្ត​និង​ទោចក្រយានយន្ត ៕