លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១២ បានព្រមានអនុប្រធានគណបក្ស សម រង្ស៊ី គឺលោក គង់ គាំ ឲ្យបន្ថយការប្រឆាំងងប់ងល់ និងការវាយប្រហារដោយពាក្យសម្ដីយ៉ាងធ្ងន់ធ្ងរមកលើរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោក។
ការព្រមាននេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធអាគារថ្មីនៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ នារាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១២។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោក គង់ គាំ ក៏ធ្លាប់លោភលន់ និងពុករលួយដែរកន្លងមក៖ «សូមផ្ដាំទៅផង តា គាំ អើយ! គ្នាយើងដដែលហ្នឹងណា កុំទៅខ្លាំងក្លាអីពេក អីក៏វាជ្រុលហួស ខ្ញុំមិនដែលស្អប់ខ្ពើមអីទេ។ ថាខ្លួនមិនលោភលន់ ផ្ទះមាននៅណេះ ចេញទៅធ្វើទូតនៅហាណូយ ត្រឡប់មកវិញ ទៅយកផ្ទះនោះ បើចិត្តសឿង ឲ្យផ្ទះហ្នឹងវិញមក។ គេដទៃ គេបានផ្ទះ ចុះខ្លួនបានផ្ទះដែរ ហើយចោទថា គេពុករលួយ ចុះខ្លួនឯងបានផ្ទះដែរ។ ហេ! ថានិយាយអ៊ីចឹងថាខ្ញុំរករឿងបង គាំ មិនមែនទេ ហើយដល់ក្រោយមកគាត់ទៅអ៊ីចឹងទៅ។ អាហ្នឹងវារឿងរបស់គាត់ សិទ្ធិនយោបាយរបស់គាត់ ប៉ុន្តែពេលខ្លះគាត់និយាយដូចជាជ្រុល ដូចជាមិនបានដឹងរឿងម៉េច? រៀនជាមួយគ្នាសោះហ្នឹងណា ស៊ីអត់ស៊ីឃ្លានជាមួយគ្នាសោះហ្នឹងណា ដេកនៅក្រោមដើមមៀន...»។
អនុប្រធានគណបក្ស សម រង្ស៊ី និងជាប្រធានស្ដីទី គឺលោក គង់ គាំ បានមានប្រសាសន៍ថា អ្វីដែលលោកបានរិះគន់ខ្លាំងក្លាកន្លងមកនោះ គឺជាការលាតត្រដាងនូវការពិតឲ្យមហាជនបានដឹងឮ៖ «សុំបញ្ជាក់សម្ដេច គឺថា ពាក្យពិតថារែងស្លែង... អត់មានចេតនាអីនឹងខ្លាំងជ្រុលលើគណបក្សប្រជាជនកម្ពុជាទេ ប៉ុន្តែអ្វីដែលខ្ញុំនិយាយ គឺថា ទៅតាមទស្សនៈ ទៅតាមឧត្ដមគតិរបស់ខ្ញុំតែប៉ុណ្ណោះបាទ! សូមសម្ដេចនាយករដ្ឋមន្ត្រីយោគយល់»។
ការព្រមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយចំៗឈ្មោះលើលោក គង់ គាំ នោះ គឺក្រោយពីលោក គង់ គាំ ធ្លាប់បានរិះគន់ជាចំហថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺមិនមានអត្ថប្រយោជន៍សំរាប់កម្ពុជាទេ ប៉ុន្តែវាមានអត្ថប្រយោជន៍ដល់វៀតណាម។ លោកក៏បានរិះគន់អំពើពុករលួយនៅក្នុងរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅនេះ ធ្លាប់បានព្រមានរួចម្ដងហើយថា លោកនឹងប្ដឹងមន្ត្រីជាន់ខ្ពស់គណបក្ស សម រង្ស៊ី រាប់ទាំងលោក គង់ គាំ និងលោក សម រង្ស៊ី បើសិនណាមន្ត្រីជាន់ខ្ពស់រូបនោះនៅតែបន្តប្រៀបប្រដូចរូបលោកទៅនឹងមេដឹកនាំប្រទេសលីប៊ី គឺលោក មួម៉ារ ហ្គាដាហ្វី (Muamar Gaddafi) ជាមេដឹកនាំផ្ដាច់ការកាន់អំណាចជាង ៤០ឆ្នាំ ត្រូវបានកងទ័ពបក្សប្រឆាំងគាំទ្រដោយកងកំលាំងណាតូ (Nato) បានចាប់ខ្លួនទាំងរស់ ហើយត្រូវបានបាញ់សំលាប់ជាក្រោយ កាលពីខែតុលា ឆ្នាំ២០១១ កន្លងទៅនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការប្រៀបប្រដូចបែបនេះ គឺលោកមិនអាចទទួលយកបានទេ ដោយលោកចាត់ទុកថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់លោក៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។