លោកបញ្ជាក់ថា ការប្រកបរបររកស៊ីផ្លូវភេទនេះ អាជ្ញាធរមិនមែនធ្វើការរឹតបន្តឹងតែក្នុងព្រះរាជពិធីបុណ្យអុំទូកនេះទេ ប៉ុន្តែសកម្មភាពនេះសមត្ថកិច្ចបានធ្វើជាប្រចាំ ដោយមិនអនុញ្ញាតឲ្យមានការប្រកបអាជីវកម្មជួញដូរផ្លូវភេទនេះឡើយ។
លោក ទូច ណារ៉ុថ មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅព្រឹកថ្ងៃអាទិត្យនេះដូច្នេះ ៖ «កន្លងមកយើងមិនដែលឲ្យបើកហាងស្រីខូចធ្វើអាជីវកម្មទេ វាគ្មាន អត់មានច្បាប់ណាអនុញ្ញាតឲ្យបើកអាជីវកម្មពេស្យាចារនោះទេ ក៏ប៉ុន្តែបើសិនជាមានការលួចលាក់ ប្រជាពលរដ្ឋជាមួយយើងសហការបិទ ជាពិសេសក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។ ពិសេសសមត្ថកិច្ចយើងយកចិត្តទុកដាក់សហការជាមួយប្រជាពលរដ្ឋដើម្បីក្ដាប់សភាពការណ៍ បើសិនជាមានកន្លែងលួចបើកបនស្រីបនអី យើងបង្ក្រាប ដើម្បីចៀសវាងចំណុះទូកដែលបងប្អូនមកហ្នឹងគាត់ចូលទៅលេងអី នាំអាចមាន សំខាន់បំផុតយើងខ្លាចការឆ្លងជំងឺអេដស៍ ជំងឺអីនោះ។ អ៊ីចឹងបានថា និយាយរួមយើងធ្វើរហូត មិនមែនយើងមិនធ្វើទេ សហការជាមួយប្រជាពលរដ្ឋ ក៏ប៉ុន្តែគ្រាន់តែយើងបង្កើនសកម្មភាពសហការជាមួយប្រជាពលរដ្ឋបន្ថែមទៀតនៅពេលដែលមានពិធីបុណ្យផ្សេងៗ ដើម្បីចៀសវាងការឆ្លងជំងឺអេដស៍ ឬការរីករាលដាលនេះ»។
ទោះបីជាលោកស្នងការនគរបាលរាជធានីភ្នំពេញបានអះអាងពីការទប់ស្កាត់និងបង្ក្រាបមិនឲ្យមានផ្ទះ ឬហាងធ្វើអាជីវកម្មផ្លូវភេទបែបនេះក៏ដោយ ក៏ប៉ុន្តែប្រជាពលរដ្ឋបានអះអាងថា ផ្ទះឬហាងដែលបើកប្រកបរបររកស៊ីផ្លូវភេទនេះនៅតែកើតមានសកម្មភាពព្រោងព្រាតក្នុងរាជធានីភ្នំពេញ ដោយមិនមានការបង្ក្រាបពីសមត្ថកិច្ចពាក់ព័ន្ធផ្នែកណាមួយឡើយ។
បុរសអ្នកបើកតាក់ស៊ីម្នាក់នៅទីក្រុងភ្នំពេញ ដែលនិយាយស្នើសុំមិនឲ្យវិទ្យុអាស៊ីសេរីបញ្ចេញឈ្មោះ មានប្រសាសន៍ថា ហាងស្រីប្រកបរបររកស៊ីលក់ភេទនៅតែកើតមានព្រោងព្រាតនិងចេញមុខពេញទំហឹងនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែមិនឃើញមានការបង្ក្រាបណាមួយពីសមត្ថកិច្ចនោះឡើយ។ ផ្ទុយទៅវិញ គេឃើញមានសមត្ថកិច្ចចម្រុះគ្រប់ផ្នែកតែងតែយកលុយពីម្ចាស់ហាងស្រីប្រកបរបររកស៊ីផ្លូវភេទនេះថែមទៀត តាមរយៈការដាក់ខែនិងការយកលុយជាប្រចាំថ្ងៃ ដែលសកម្មភាពនេះបានកើតមានយ៉ាងសកម្មនៅពេលរាត្រី។
បុរសអ្នករត់តាក់ស៊ីរូបនេះបានបង្ហាញពីទីតាំងហាងស្រីរកស៊ីផ្លូវភេទដែលលោកធ្លាប់ដឹកភ្ញៀវទៅរកសេវាផ្លូវភេទដូច្នេះ ៖ «ឃើញនៅតែមានដដែលហ្នឹង តំបន់ស្រីខូចហ្នឹងនៅឃើញដដែលហ្នឹង នៅមាន។ មានតំបន់ទួលគោក និងជុំវិញវត្តភ្នំ ហើយនិងត្រឡោកបែក តាមតំបន់រោងកុនលុច ហើយនិងផ្លូវ៦៣ នៅមានដដែល។ គេលួចលាក់យ៉ាងម៉េច អត់ដឹងដែរ! ឃើញនៅតែមានដដែល»។
ទោះជាបែបនេះក៏ដោយ សមត្ថកិច្ចនៅតែអះអាងក្នុងការបង្ក្រាបនិងទប់ស្កាត់ជាមួយការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបង្ហាញពីទីតាំងទាំងឡាយណាដែលបើកប្រកបរបររកស៊ីផ្លូវភេទនេះ ដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាប ព្រមទាំងចាប់ជនល្មើសយកមកផ្តន្ទាទោសនៅចំពោះមុខច្បាប់។ លោកបញ្ជាក់ថា ចំពោះសមត្ថកិច្ចរូបណាដែលបានប្រព្រឹត្តជាមួយអ្នកប្រព្រឹត្តល្មើសក៏នឹងត្រូវធ្វើការផ្តន្ទាទោសដូចជាអ្នកប្រព្រឹត្តដូច្នេះដែរ៕