បុរសម្នាក់ក្នុងចំណោមអ្នកភូមិ ៦០នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៧ សីហា ពួកគាត់ជាង ៦០នាក់នោះ ជិះរថយន្ត ២គ្រឿងចេញពីស្រុកកំណើតឆ្ពោះទៅកាន់ក្រុងភ្នំពេញ ក្នុងគោលបំណងបង្ហួសទៅធ្វើការនៅប្រទេសថៃ។ ក៏ប៉ុន្តែពេលធ្វើដំណើរមកដល់រាជធានីភ្នំពេញ នៅយប់ថ្ងៃដដែលនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពួកគាត់នៅតាមផ្លូវ។
ទាក់ទងនឹងករណីប៉ូលិសឃាត់ខ្លួនអ្នកភូមិមកពីខេត្តព្រៃវែង ៦០នាក់ ហើយបញ្ជូនទៅខេត្តព្រៃវែងទាំងយប់ រួចទារលុយលួសក្នុងម្នាក់ ៣ម៉ឺនរៀលនេះ លោក សោម ហេង ជាឪពុកជនរងគ្រោះម្នាក់អះអាងថា រូបគាត់ត្រូវបានហៅឲ្យយកលុយចំនួន ៣ម៉ឺនទៅឲ្យគេ ជាថ្នូរនឹងការដោះលែងកូនគាត់ឲ្យរួចខ្លួនមកផ្ទះវិញ។
អធិការស្រុកស៊ីធរកណ្ដាល លោក យន់ ស៊ីណេត បានបំភ្លឺថា លោកមិនបានជំរិតទារលុយពីប្រជាពលរដ្ឋទាំងនោះទេ ដោយលោកបញ្ជាក់ថា លុយ ៣ម៉ឺនរៀលនោះ លោកយកជាថ្លៃចេញសោហ៊ុយ ឲ្យពួកគេដែលជិះឡានត្រឡប់មកវិញទេ។
ប៉ូលិសបានស្ទាក់ឡានដែលប្រជាពលរដ្ឋទាំង ៦០នាក់ជិះនោះ នៅពេលធ្វើដំណើរចូលក្នុងទីក្រុងភ្នំពេញ ព្រោះសង្ស័យថា មានការជួញដូរមនុស្ស ព្រោះឃើញថា ក្នុងចំណោមអ្នកទាំង ៦០នាក់មានក្មេងៗ ១៣នាក់ ទើបមន្ត្រីនគរបាលការិយាល័យប្រឆាំងនឹងការជួញដូរមនុស្សធ្វើការឃាត់ខ្លួន ក្នុងនោះប៉ូលិសបានចាប់មេខ្យល់ម្នាក់ឈ្មោះ ហ៊ា វុទ្ធ បញ្ជូនទៅតុលាការពីបទជួញដូរមនុស្ស។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកទាំង ៦០នាក់ បានឲ្យដឹងថា ពួកគេស្ម័គ្រចិត្តទៅរកការងារធ្វើនៅប្រទេសថៃ ដោយគ្មានលិខិតឆ្លងដែនដោយខ្លួនឯង ពុំមានការបង្ខំពីមេខ្យល់នោះទេ ពីព្រោះពួកគេក្រីក្រ គ្មានការងារធ្វើនៅឯស្រុកកំណើត ទើបសម្រេចចិត្តទៅរកការងារធ្វើនៅប្រទេសថៃដូចនេះ។
មន្ត្រីស៊ើបអង្កេតសិទ្ធិមនុស្ស អាដហុក ប្រចាំខែត្រព្រៃវែង អ្នកស្រី ឡាយ អ៊ីម បានឲ្យដឹងថា កន្លងមកនៅខែត្រព្រៃវែង ប្រជាពលរដ្ឋបានធ្វើចំណាកស្រុកទៅរកស៊ីនៅប្រទេសថៃច្រើន ដោយសារជីវភាពពួកគេខ្វះខាត៕