ការកោះហៅនេះត្រូវបានគណបក្សប្រឆាំងទាំង ២នេះ បារម្ភថា ជាសកម្មភាពគំរាមកំហែងបំបាក់ស្មារតីមន្ត្រីគណបក្សប្រឆាំង។
សមាជិកគណបក្សប្រឆាំងនៅស្រុកសាមគ្គីមានជ័យ សម្ដែងការព្រួយបារម្ភចំពោះការកោះហៅដោយមិនបញ្ជាក់ពីមូលហេតុរបស់សមត្ថកិច្ចប៉ូលិសខេត្តកំពង់ឆ្នាំង។
លោក សៅ ហ៊ន ជាសមាជិកក្រុមប្រឹក្សាស្រុកសាមគ្គីមានជ័យ មកពីគណបក្ស សម រង្ស៊ី។ លោកបានឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែធ្នូ ថា ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានកោះហៅលោកទៅបំភ្លឺពាក្យបណ្ដឹងរបស់គណៈកម្មការវត្ត។
លោកថា លោកមិនបានដឹងថា តើលោកបានធ្វើអ្វីខុសនោះទេ ដោយក្នុងលិខិតកោះហៅនេះមិនបានបញ្ជាក់ពីមូលហេតុនៃបណ្ដឹងតែគេបែរជាឲ្យលោកត្រៀមឯកសារពាក់ព័ន្ធ ដើម្បីយកទៅបំភ្លឺទៅវិញ៖ «ម៉ោង ៧ព្រឹកមិញប៉ូលិសបានយកដីកាមកអញ្ជើញខ្ញុំឲ្យទៅស្រាយបំភ្លឺអំពីបណ្ដឹងគណៈកម្មការវត្តបឹងខ្នា។ គេឲ្យខ្ញុំត្រៀមឯកសារពាក់ព័ន្ធយកទៅបកស្រាយ តែខ្ញុំមិនដឹងថា គណៈកម្មការវត្តប្ដឹងខ្ញុំរឿងអីផង...»។
ដូចគ្នានេះដែរ ជំទប់ទី២ ឃុំខ្នារឆ្មារ មកពីគណបក្សសិទ្ធិមនុស្ស គឺលោក ញ៉ែម សំណាង បានសំដែងការងឿងឆ្ងល់លាយឡំដោយក្ដីបារម្ភថា ការកោះហៅនេះហាក់មានភាពមិនប្រក្រតី ព្រោះលោកមិនដែលមានរឿងអ្វីជាមួយគណៈកម្មការវត្តនោះទេ៖ «ការគិតរបស់ខ្ញុំនោះ ខ្ញុំគិតថា វាមានពាក់ព័ន្ធនឹងនិន្នាការនយោបាយ...»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺជុំវិញការកោះហៅនេះពីលោក ប្រាក់ វុឌ្ឍី ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានទេ នៅល្ងាចថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១២។
យ៉ាងនេះក្ដី ប្រភពពីមន្ត្រីប៉ូលិសស្រុកសាមគ្គីមានជ័យម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការកោះហៅនេះ គឺដោយគណៈកម្មការវត្តខ្នារឆ្មារ ប្ដឹងចោទប្រកាន់មន្ត្រីគណបក្សប្រឆាំងទាំងនេះ បានអុកឡុកក្នុងវត្តអារាម បំផុសបំផុលបង្កឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ។
លោក ដួង ចិន្ត្រា មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រឆាំងខេត្តកំពង់ឆ្នាំង បានចាត់ទុកការកោះហៅនេះថា ជាការគំរាមកំហែងបំបាក់ស្មារតីសមាជិកគណបក្សប្រឆាំង៖ «ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅនេះ គណបក្សប្រឆាំងទទួលបាន ៣សំឡេង ឯគណបក្សកាន់អំណាចបានតែ ២សំឡេងទេ។ នេះហើយដែលធ្វើឲ្យគេឈឺចាប់ ហើយធ្វើការសងសឹកដោយការប្រើអំណាចប៉ូលិសក្ដី តុលាការក្ដី យកមកគាបសង្កត់បំបាក់ស្មារតីកុំឲ្យប៉ុន្មាននាក់ហ្នឹងហ៊ានបន្តកិច្ចការនយោបាយបន្តទៀត និងកុំឲ្យមាននរណាម្នាក់ហ៊ានចេញមុខធ្វើការតវ៉ា...»។
កាលពីខែវិច្ឆិកា ឆ្នាំ២០១១ មានការជីកបានកំណប់ពីក្នុងឫសសីមាវិហារវត្តបូរាណមួយ ឈ្មោះវត្តបឹងខ្នា ស្ថិតក្នុងឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ គណៈកម្មការអាចារ្យវត្តមួយចំនួន រួមនឹងលោកមេឃុំ លោកគ្រូចៅអធិការវត្ត បានយករបស់បូរាណនេះទៅលក់។ ក្រោយមករឿងលក់វត្ថុបូរាណនេះបានបែកធ្លាយ មន្ត្រីគណបក្សប្រឆាំងបានចុះទៅស្រាវជ្រាវពីបញ្ហានេះ។ សកម្មភាពនេះត្រូវបានចោទប្រកាន់ថា ជាការអុកឡុក បំផុសបំផុលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា មានប្រសាសន៍ថា មន្ទីរវប្បធម៌ និងមន្ទីរធម្មការ គួរតែបង្កើតគណៈកម្មការមួយដើម្បីស្រាវជ្រាវពីការលក់វត្ថុបូរាណទាំងនោះ ដើម្បីប្រមូលយកមកទុកជាសម្បត្តិជាតិវិញនោះទើបប្រសើរ។ លោកសំណូមពរឲ្យមន្ត្រីយុត្តិធម៌ត្រូវប្រកាន់ភាពយុត្តិធម៌ចំពោះករណីនេះ បើពុំដូច្នោះទេ ប្រជាពលរដ្ឋនឹងបាត់ជំនឿលើមន្ត្រីអនុវត្តច្បាប់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។