«រៀនអ៊ីចឹងពន្យល់តែបន្តិចៗហើយចេញមុនម៉ោងទៀត។ តាមពិតបង្រៀនហ្នឹងអត់សូវល្អប៉ុន្មានទេ ខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាលថា កុំឲ្យគ្រូបង្រៀនហ្នឹងគិតតែពីផលប្រយោជន៍ខ្លួនឯងពេក» ៖ នេះគឺជាការបញ្ជាក់ប្រាប់របស់សិស្សានុសិស្សមួយចំនួននៃកម្រិតមធ្យមសិក្សានៅទីក្រុងភ្នំពេញនិងនៅតាមខេត្ដនានាស្ដីពីការសិក្សារបស់គេសព្វថ្ងៃនេះថាមានគុណភាពខ្សោយខ្លាំងណាស់ បញ្ហានេះគេបានបន្ទោសថាមកពីមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ឬលោកគ្រូ អ្នកគ្រូខ្លះ លោកហាក់មិនសូវយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនសិស្សប៉ុន្មានទេ។
សិស្សានុសិស្សដដែលបានបញ្ជាក់ទៀតថា ភាពខ្សោយនេះគឺមានស្ទើរគ្រប់មុខវិជ្ជាទាំងអស់ ជាពិសេសចំពោះកូនអ្នកក្រីក្រដែលរៀនបានតែមួយពេលក្នុងម៉ោងរដ្ឋ ហើយមិនមានលទ្ធភាពទៅរៀនគួរក្រៅម៉ោងបន្ថែមពីព្រោះគ្មានប្រាក់បង់ឲ្យគ្រូ។
ក្នុងចំណោមសិស្សដែលត្អូញត្អែរនេះ សិស្សនារីមួយរូបសុំមិនប្រាប់ឈ្មោះរៀននៅវិទ្យាល័យទួលអំពិល ខណ្ឌដង្កោ ក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីថា នាងជាកូនអ្នកទីទ័លក្រម្នាក់ ហើយនាងប្រឹងតស៊ូរៀនបានដល់ថ្នាក់ទី១០ក្នុងវិទ្យាល័យនេះសព្វថ្ងៃ ប៉ុន្តែនាងបានប៉ាន់ប្រមាណមើលសមត្ថភាពខ្លួនឯងគឺឃើញថាមិនសូវមានចំណេះចេះដឹងអ្វីសោះ ដោយសារតែមិនមានប្រាក់រៀនគួរបន្ថែមដូចកូនអ្នកឯទៀតដែលគេមិនមានធនធាន។
សិស្សដដែលបានឲ្យដឹងថា ៖ «តាមពិតបង្រៀននេះអត់សូវល្អប៉ុន្មានទេ គាត់បង្រៀនឲ្យតែរួចហ្នឹង ពន្យល់បន្តិចៗ ហើយចេញលេងពេលមុនម៉ោងទៀត ហើយដល់ពេលប្រឡងឡើងថ្នាក់អ៊ីចឹងគាត់អត់ឲ្យប្រឡងទេ គាត់ចង់យកលុយ ហើយគាត់ដាក់ឲ្យជាប់តែម្ដង។ ដល់ពេលយើងអត់មានលុយ យើងអត់ចង់ប្រឡងម៉េចបាន? ដល់អ៊ីចឹងគាត់ថាអត់មានលុយដាក់គាត់ឲ្យធ្លាក់។ ទៅមុខទៀត បើថាប្រឡងតាមយុត្តិធម៌អត់មានដាក់លុយដាក់អីអ៊ីចឹង យើងចេះតែឡើងទៅរួច បើថាគិតតែយកលុយអ៊ីចឹងគ្មានសង្ឃឹមទៅមុខទៀតទេ»។
សិស្សនារីមួយរូបទៀតរៀននៅវិទ្យាល័យស្អាងខេត្តកណ្ដាលបានបញ្ជាក់ប្រាប់ស្រដៀងគ្នានេះដែរថាជាការពិតនៅក្នុងសាលារៀននាងបើមិនបានទៅរៀនគួរបន្ថែម ហើយរៀនតែនៅក្នុងម៉ោងរដ្ឋតែមួយពេលនោះគឺមិនចេះទេ ដូច្នោះហើយសព្វថ្ងៃនេះនាងត្រូវសុំប្រាក់ឪពុកម្ដាយក្នុងមួយថ្ងៃៗប្រមាណ៣០០០រៀលឬលើសពីនេះដើម្បីទៅរៀនគួរក្រៅម៉ោង។
សិស្សរូបនោះបានបញ្ជាក់ទៀតថា ជាពិសេសក្នុងពេលប្រឡងឆមាសគឺត្រូវទិញក្រដាសមេរៀនពីគ្រូ ៖ «ពិបាកដែរ ដូចលោកគ្រូត្រូវលក់មេរៀនថ្លៃ ហើយដូចថាអ្នកខ្លះគ្នាអត់មានប្រាក់ក្នុងការទិញមេរៀនហ្នឹងមើល អ៊ីចឹងអត់ចេះ។ លោកគ្រូគាត់បង្រៀននៅលើក្ដារខៀន បង្រៀនម៉ោងរដ្ឋអត់សូវពន្យល់យើងប៉ុន្មានទេ ឲ្យយើងទៅរៀនគួរជាមួយគាត់។ បើរៀនគួរជាមួយគាត់បានច្រើនចេះច្រើន គ្នាអត់មានលទ្ធភាពទិញមេរៀន គឺអត់ចេះ»។
ចំណែកឯសិស្សានុសិស្សនៅឯវិទ្យាល័យ ហ៊ុន សែន សិរីដីដុះ មួយចំនួន នៅស្រុកកៀនស្វាយ ខែត្រកណ្តាល ក៏បានឲ្យដឹងដែរថា គុណភាពនៃការសិក្សានៅទីនោះគឺមានផលល្អសម្រាប់តែសិស្សណាដែលគ្រួសារឪពុកម្តាយគេមានលទ្ធភាពឲ្យកូនទៅរៀនគួរដែលក្នុងមួយម៉ោងត្រូវបង់៥០០រៀល ប៉ុន្តែបើមិនមានប្រាក់រៀននៅក្រៅម៉ោងទេ អ្នកទាំងនោះគឺចំណេះដឹងរបស់គេពិតជាខ្សោយ។
កុមារសិស្សានុសិស្យមួយរូបសុំមិនប្រាប់ឈ្មោះនៅក្នុងចំណោមកុមារវិទ្យាល័យ ហ៊ុន សែន សិរីដីដុះ បានបញ្ជាក់ប្រាប់ពីបញ្ហានេះយ៉ាងដូច្នេះ ៖ «រៀនគួរគាត់យកល្បិចដោះស្រាយលំហាត់យកមកប្រាប់យើង រៀនរដ្ឋក៏គាត់ប្រាប់យើងដែរ តែគាត់អត់បានធ្វើលំហាត់ជ្រៅៗយកមកដោះស្រាយដូចរៀនគួរទេ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានបញ្ជាក់ប្រាប់ដែរថា ទាក់ទងនឹងគុណភាពអប់រំនេះបើតាមការសង្កេតរបស់សមាគមកន្លងមកគឺឃើញថាមានកម្រិតខ្សោយច្រើនដែលមានតាំងពីកម្រិតថ្នាក់មូលដ្ឋានគឺបឋមសិក្សាមកម៉្លេះ។
លោកបានបន្តថា ចំពោះបញ្ហានេះគេបានទទួលស្គាល់ថាមកពីកត្តាគ្រូបង្រៀនមួយចំនួនមិនបានយកចិត្ដទុកដាក់បង្រៀនសិស្សឲ្យបានដិតដល់ពិតមែន ប៉ុន្តែក្នុងនោះគេត្រូវតែដឹងថាដោយសារតែកត្តាជីវភាពគ្រូបង្រៀនមិនបានគ្រប់គ្រាន់។ លោកបានបន្តថា ដើម្បីដោះស្រាយបញ្ហានេះលុះត្រាតែប្រាក់ខែរបស់គ្រូបង្រៀនអាចទប់ទល់នឹងជីវិតរស់នៅបាន។
លោក រ៉ុង ឈុន បានបញ្ជាក់ថា ៖ «ត្រង់ថារដ្ឋាភិបាលយើងបាននិយាយតែមាត់ មិនបានអនុវត្ត មិនបានដោះស្រាយទុក្ខលំបាកជូនលោកគ្រូ អ្នកគ្រូ ហើយយើងឃើញហើយលុយបាត់ដោយសារអំពើពុករលួយរាប់រយលានមួយឆ្នាំៗ ហើយបើសិនជាយើងទុកលុយមកដំឡើងប្រាក់ខែជូនគ្រូបង្រៀន ពេលហ្នឹងការអប់រំទទួលបានប្រសើរ»។
ចំពោះការលើកឡើងទាំងអម្បាលម៉ាននេះ អគ្គនាយកអប់រំនៃក្រសួងអប់រំ យុវជននិងកីឡា លោក កើ ណៃលាង បានមានប្រសាសន៍តបវិញដែរថា ក្រសួងក៏បានដឹងពីបញ្ហានោះដែរកន្លងមក ហើយមន្រ្ដីជំនាញរបស់ក្រសួងក៏បានចុះធ្វើការជាបន្តបន្ទាប់ ដូចជាអប់រំណែនាំដល់គ្រូបង្រៀនទូទាំងប្រទេសឲ្យបង្កើនការប្រឹងប្រែងធ្វើការបង្រៀនសិស្សទាំងកម្រិតបឋមសិក្សានិងមធ្យមសិក្សា។
លោកបានបន្ដថា ចំពោះការលក់ក្រដាសមេរៀនឬការបង្ខំឲ្យសិស្សឲ្យបង់គួរសាលានោះក៏ក្រសួងបានណែនាំផងដែរ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបញ្ហានេះនៅតែកើតមានខ្លះៗ ដូច្នេះនៅសប្ដាហ៍ក្រោយនេះក្រសួងនឹងមានធ្វើកិច្ចប្រជុំមួយទាក់ទងនឹងការងារនោះដើម្បីធ្វើការបង្កើនគុណភាពសិក្សា។
លោក កើ ណៃលាង បានមានប្រសាសន៍ថា ៖ «គ្រប់រាជធានីខេត្តទាំងអស់ដើម្បីវាយតម្លៃពាក់កណ្ដាលឆ្នាំសិក្សាហ្នឹង យើងធ្វើដែរប៉ុន្តែតាមរយៈការវាយតម្លៃលើរបាយការណ៍។ ឥឡូវហៅមកជួបពិភាក្សាគ្នាតែម្ដងពីរឿងគុណភាពជាការងារធ្វើយូរអង្វែងណាស់មិនមែនរឿងធ្វើមួយភ្លែតបានទេ»។
មន្ដ្រីជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ធនធានមនុស្សនៃធនាគារពិភពលោក លោក បេង ស៊ីម៉េត ធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីកាលពីពេលថ្មីៗនេះដែរចំពោះការសិក្សាអប់រំនៅកម្ពុជាសព្វថ្ងៃនេះ ដោយបានបញ្ជាក់ថាគឺនៅមានកម្រិតនៅឡើយ បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសផ្សេងៗទៀតនោះ។
លោកបានបន្ដថា កន្លងមកក៏ដូចសព្វថ្ងៃមានម្ចាស់ជំនួយជាច្រើនបានផ្ដល់ថវិកាតាមរយៈធនាគារពិភពលោកដើម្បីចូលរួមគាំទ្រវិស័យអប់រំក្នុងប្រទេសនេះដោយជួយឧបត្ថម្ភទាំងថវិកាក្នុងគម្រោងទី១ សម្រាប់ឆ្នាំ២០០៥ ដល់ឆ្នាំ២០១០ គឺមានចំនួន២៨លានដុល្លារ ហើយនិងគម្រោងទី២សម្រាប់ឆ្នាំ២០០៨ដល់ឆ្នាំ២០១២ គឺមានថវិកាជាង៥៧លានដុល្លារ។
មន្ដ្រីក្រសួងអប់រំ យុវជននិងកីឡា បានប្រាប់ឲ្យដឹងដែរថា ក្នុងឆ្នាំសិក្សា២០០៨-២០០៩នេះ សិស្សក្នុងកម្រិតមធ្យមសិក្សាមានជាង៦០០ពាន់នាក់និងមានសាលារៀនជាង១០០០សាលា។
សិស្សានុសិស្សមួយចំនួននៃកម្រិតមធ្យមសិក្សានៅទីក្រុងភ្នំពេញនិងនៅតាមខេត្ដនានា ជាពិសេសកូនអ្នកក្រីក្របានបញ្ជាក់ប្រាប់ដែរថា ទោះជាយ៉ាងណាក៏ដោយគេសូមសំណូមពរយ៉ាងទទូចគឺសុំឲ្យរាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំនិងគ្រូបង្រៀនគ្រប់រូបអាណិតជួយបង្ហាត់បង្រៀនពួកគេឲ្យបានដិតដល់ ហើយនិងជួយអនុគ្រោះឲ្យគេបានរៀនគួរក្រៅម៉ោងដោយមិនចាំបាច់បង់ប្រាក់៕