ប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាលរបស់ក្រសួងកសិកម្ម លោក កៅ ផល បានឲ្យដឹងថា ក្រសួងកំពុងតែត្រួតពិនិត្យលើសត្វបក្សី ចំនួន ៣១ក្បាល មានមាន់ ១១ក្បាល ទា ១៨ក្បាល និង ក្ងាន ២ក្បាល យកមកពីភូមិទម្ពរមាស ឃុំទម្ពរមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងសត្វបក្សី ៤៥ក្បាល ពីភូមិទន្សាយកៀច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្នុងនោះមានមាន់ ១៣ក្បាល និងទា ៣២ក្បាល។
លោក កៅ ផល មានប្រសាសន៍ដូច្នេះថា ៖ «យើងមើលទៅឃើញថា ជាលក្ខណៈខ្លះយើងសង្ស័យ ប៉ុន្តែមិនឃើញជាលក្ខណៈដួលប្រូស ឬមួយជាលក្ខណៈសំកុកខ្លាំងទេ ប៉ុន្តែវាជាតំបន់ដែលយើងសង្ស័យ យើងយកទាំងអស់បញ្ហាហ្នឹង»។
កាលពីថ្ងៃសុក្រ ទី១២ ធ្នូ បុរសម្នាក់ឈ្មោះ តេង សុភ័ក្ត្រ អាយុ១៩ឆ្នាំ រស់នៅភូមិទន្សាយកៀច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានកើតជំងឺគ្រុនផ្តាសាយបក្សី ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងទីក្រុងភ្នំពេញ។
អនុប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានឲ្យដឹងថា ស្ថានភាពជំងឺរបស់ឈ្មោះ តេង សុភ័ក្ត្រ គឺមានសភាពធូរស្បើយច្រើនហើយ។
លោក លី សូវ៉ាន់ មានប្រសាសន៍ថា ៖ «គាត់ឥឡូវហ្នឹង ធូរស្រាលមែនទែន គ្រាន់តែយើងនៅពិភាក្សាក្រុមបច្ចេកទេសដើម្បីកំណត់ថា តើគាត់គួរចាកចេញពីមន្ទីរពេទ្យពេលណា កំពុងតែពិភាក្សា»។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានមានប្រសាសន៍ទៀតថា មន្ត្រីសុខាភិបាលបានធ្វើតេស្ត រកវីរុស H5N1 ទៅលើអ្នកភូមិចំនួនប្រមាណ ៩០នាក់ ក្នុងភូមិទន្សាយកៀច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ហើយលទ្ធផលបង្ហាញថា ពួកគាត់មិនមានផ្ទុកវីរុសគ្រុនផ្ដាសាយបក្សីឡើយ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា ៖ «គ្មាននរណាគេរកឃើញថា មានវិជ្ជមានទេ រាល់អ្នកដែលប៉ះពាល់ប្រមាណ ៩០នាក់ហ្នឹង។ អ្នកសង្ស័យយកមកមើលហើយ គឺអវិជ្ជមានទាំងអស់។ យើងនៅបន្តរុករកអ្នកដែលសង្ស័យ បើមានរោគសញ្ញាយើងនៅតែបន្តយកមកមើល ឲ្យប្រាកដថា គ្មានអ្នកផ្សេងទៀតបានចម្លងជំងឺនេះទេ»។
នៅចុងខែមករា ដើមឆ្នាំ២០០៩នេះ ប្រជាជនខ្មែរចិននឹងប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ដែលឱកាសនោះតម្រូវការសាច់មាន់និងទា នឹងមានការកើនឡើង។ ទោះជាយ៉ាងណា ការផ្ទុះឡើងនូវជំងឺគ្រុនផ្ដាសាយលើកនេះ ក៏បានធ្វើឲ្យអាជីវករលក់សាច់មានទា ព្រួយបារម្ភថា ការទិញនឹងធ្លាក់ចុះ។
គួរជម្រាបថា នៅក្នុងប្រទេសកម្ពុជា ជំងឺគ្រុនផ្តាសាយបក្សីធ្លាប់បានសម្លាប់មនុស្សចំនួន៧នាក់រួចមកហើយ ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៧ ដែលក្នុងនោះ នៅខេត្តកំពត ស្លាប់៤នាក់ ខេត្តកំពង់ស្ពឺ ម្នាក់ ព្រៃវែង ម្នាក់ និងកំពង់ចាមម្នាក់។ ហើយកាលពីអំឡុងខែតុលា និង វិច្ឆិកា កន្លងទៅ ប្រទេសថៃ វៀតណាម និងឥណ្ឌូនេស៊ី ក៏មានការផ្ទុះឡើងនូវជំងឺគ្រុនផ្តាសាយបក្សីនេះផងដែរ៕